ភ្នំពេញ: គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្ដេជ្ញាដាក់គោលដៅសំខាន់មួយចំនួន ដោយបានសម្រិតសម្រាំងអត្តពលិក បំប៉នសមត្ថភាព ស្វែងរកគ្រូបង្វឹក និងទីតាំងហ្វឹកហាត់ ព្រមទាំងស្វែងរកព្រឹត្តិការណ៍ប្រកួតឱ្យបានច្រើន ដើម្បីបំបែកកំណត់ត្រាដណ្តើមយកមេដាយ កន្លងមកពោលគឺប្រែពណ៌មេដាយពីសំរឹទ្ធ ទៅជាប្រាក់ រួចឈានទៅមេដាយមាសឱ្យបាន នៅក្នុងស៊ីហ្គេម ចំនួន ២ ខាងមុខ ហើយនេះជាផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធប្រដាល់សកលកម្ពុជា។
លោក ប៊ុយ សុភ័ណ្ឌ ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្រាប់ឱ្យដឹងថា៖ «ផែនការជាយុទ្ធសាស្ត្រ គឺការត្រៀមខ្លួនឆ្ពោះទៅស៊ីហ្គេម ឆ្នាំ ២០២២ នៅវៀតណាម និងស៊ីហ្គេមឆ្នាំ ២០២៣ នៅកម្ពុជា ហើយសហព័ន្ធ នឹងប្រឹងប្រែងជំរុញការហ្វឹកហាត់ ដើម្បីពង្រឹងសមត្ថភាពក្រុមអត្តពលិក។ ក្រៅពីនេះ សហព័ន្ធនឹងបង្កើតជាកម្មវិធីប្រកួតនានាបន្ថែមឱ្យបានច្រើន សម្រាប់ឱ្យអត្តពលិកសន្សំបទពិសោធ តាមរយៈការប្រកួតទាំងនោះ»។
ជាមួយគ្នានេះ សម្រាប់ផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធកីឡាប្រដាល់កម្ពុជា ចាប់ពីឆ្នាំ ២០២២ ទៅ គឺត្រូវស្វែងរកគ្រូបង្វឹកជំនាញមកពីបរទេស ហើយបានតាមលោក ប៊ុយ សុភ័ណ្ឌ បានបង្ហើបថា ពេលនេះ សហព័ន្ធបានទំនាក់ទំនងគ្រូមកពីប្រទេសចំនួន ២ ជាបណ្តើរៗហើយ គឺគ្រូមកពីប្រទេសអ៊ុយក្រែន និងមកពីប្រទេសអ៊ូសបេគីស្ថាន។
អគ្គលេខាធិការវ័យក្មេង លោក ប៊ុយ សុភ័ណ្ឌ បានបន្ថែមថា៖ «តាមរយៈសហព័ន្ធអន្តរជាតិ កម្ពុជានឹងស្វែងរកការហាត់នៅក្រៅប្រទេសជាដៃគូ ព្រមទាំងទំនាក់ទំនងរកការប្រកួតឱ្យបានច្រើន ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីពង្រឹងសមត្ថភាពរបស់អត្តពលិក ឱ្យមានគុណភាព មានលំដាប់ប្រកួតប្រជែងកម្រិតខ្ពស់ ហើយការលើកឡើងប៉ុន្មានចំណុចខាងលើនេះ ជាការកំណត់គោលដៅរួមគ្នា ដើម្បីឆ្ពោះទៅបំបែកកំណត់ត្រាមេដាយ ដែលក្រុមអត្តពលិកប្រដាល់សកលកម្ពុជា ធ្លាប់ឈ្នះមេដាយសំរឹទ្ធ ចំនួន ៥ នៅស៊ីហ្គេម លើកទី៣០ ឆ្នាំ ២០១៩ នៅហ្វីលីពីន។ យើងមិនកំណត់ចំនួនទេ តែយើងមានគោលដៅ ប្រែពណ៌ពីសំរឹទ្ធ ទៅជាប្រាក់ និងពីប្រាក់ ទៅជាមេដាយមាស»។
សម្រាប់យុទ្ធសាស្ត្រទី២ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា គ្រោងបញ្ជូនអត្តពលិកប្រហែល ៨ ទៅ ៩ នាក់ ក្នុងនោះមានស្រី ២ នាក់ ចេញទៅប្រកួតប្រជែងមេដាយ ក្នុងការប្រកួតនៅស៊ីហ្គេម លើកទី៣១ ឆ្នាំ ២០២២ នាប្រទេសវៀតណាម ខណៈដែលចំនួនមេដាយ គឺផ្តោតទៅលើការ-បង្កើនពណ៌មេដាយ។
លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការ CAMSOC បានប្រាប់ឱ្យដឹងថា៖ «តាមរយៈផែនការជាគោលដៅរបស់ CAMSOC គឺខាងប្រដាល់សកល ត្រូវបានកំណត់យកមេដាយមាសឱ្យបាន ១ ក្នុងស៊ីហ្គេម លើកទី៣១ ឆ្នាំ ២០២២ នៅវៀតណាម ហើយស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ត្រូវបានកំណត់គោលដៅឱ្យបានមេដាយមាសចំនួន ២។ នេះជាការកំណត់គោលដៅទៅតាមផែនការ តែអ្វីៗ សហព័ន្ធកីឡាប្រដាល់សកល ជាសាមីត្រូវប្រឹងប្រែងស្វែងរកការហ្វឹកហាត់ និងសន្សំបទពិសោធខ្លួនឯង ទើបសម្រេចតាមផែនការ»៕