
បេក្ខភាពទាំង ៤ នាក់ ដែលត្រូវប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន នៅដង្វៀនថោន ថ្ងៃអាទិត្យនេះ។ រូប ថោន
ភ្នំពេញ៖ អ្នកប្រដាល់វ័យក្មេង រ៉ា រ៉ង របស់ក្លិបប្រដាល់បញ្ជាការដ្ឋានទ័ពពិសេស ដែលជាកីឡាករខ្លាំង កំពុងមានភាពលេចធ្លោ ជាមួយប្រវត្តិចាញ់តែ ១ ដង នោះ ត្រូវបានគណៈកម្មការផ្គូផ្គង ប្រចាំសង្វៀនថោន ដាក់ឱ្យប្រកួតដណ្តើមប្រាក់លាន នៅថ្ងៃអាទិត្យនេះ ជាមួយជើងខ្លាំងចាស់វស្សាចំនួន ៣ នាក់ទៀត មាន វៀត ប៊ុនឌឿន, ពុទ្ធ សំបូរ និង សេក ចៅជូត ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម។
នៅក្នុងចំណោមអ្នកប្រដាល់ ដែលជ្រើសរើសឱ្យប្រកួតដណ្តើមប្រាក់លាន ប្រចាំសប្តាហ៍នេះ កីឡាករ រ៉ា រ៉ង មិនសូវមានអ្នកស្គាល់ទេ ប៉ុន្តែតាមការសង្កេត តាមដានរបស់គណៈកម្មការផ្គូផ្គងវិញ បានសម្លឹងឃើញថា ទោះបីកីឡាកររូបនេះ នៅខ្ចីវស្សាមែនពិត តែមានសមត្ថភាពអាចចូលប្រកួតប្រជែងជាមួយគេបាន។
តាមប្រវត្តិប្រកួតរបស់កីឡាវ័យក្មេង រ៉ា រ៉ង ម្នាក់នេះ ត្រូវបានគណៈកម្មការ រាយការណ៍មកថា ទើបតែប្រឡូក ក្នុងពិភពគុនប្រដាល់ បានត្រឹម ១ ឆ្នាំ ដោយមានអាយុ ២០ ឆ្នាំ កម្ពស់ ១,៦៨ ម៉ែត្រ ហើយធ្លាប់ឡើងសង្វៀនប្រកួតបានចំនួន ២៨ ដង ឈ្នះ ២៧ និងចាញ់តែម្តងគត់ គឺចាញ់កីឡាករ ពេជ្រ សម្បត្តិ។
អ្នកប្រដាល់វ័យក្មេង រ៉ា រ៉ង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា រូបគេមានស្រុកកំណើត នៅភូមិព្រៃវែង ឃុំ៨មុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ហើយគេជាកូនកសិករក្រីក្រ ទី៦ ក្នុងចំណោមបងប្អូន ៨ នាក់ ដែលមិនមានឈាមជ័រជាអ្នកកីឡាទេ។
រ៉ា រ៉ង បានបន្ថែមថា៖ «សម្រាប់ការប្រកួតដណ្តើមប្រាក់លាន នៅសង្វៀនថោននេះ ខ្ញុំមិនហ៊ានសង្ឃឹមទេ ព្រោះបងៗទាំងបីសុទ្ធតែជាជើងចាស់ និងខ្លាំងៗ ពិសេស វៀត ប៊ុនឌឿន គឺល្អណាស់ អ៊ីចឹងខ្ញុំសង្ឃឹមត្រឹម ៥០ ភាគរយប៉ុណ្ណោះ»។
លោក ឡៅ ស៊ីណាត ជាគ្រូជំនួយ បាននិយាយថា៖« រ៉ា រ៉ង ហាត់ និងឡើងប្រកួតបានទើបតែមួយឆ្នាំទេ តែវាមានបច្ចេកទេសប្រកួតល្អ ពិសេសក្បាច់ជង្គង់ ព្រមទាំងប្រកួតស៊ូណាស់។ នៅក្នុងការប្រកួតកន្លងមក វាប្រកួតចាញ់តែជើងខ្លាំង ពេជ្រ សម្បត្តិ កូនសិស្ស ពេជ្រ សុផាន់ ម្នាក់ទេ ក្រៅពីនេះឈ្នះទាំងអស់»។
អតីតកីឡាករជើងខ្លាំង ឡៅ ស៊ីណាត បានប្រាប់បន្ថែមថា៖ «រ៉ា រ៉ង ឡើងប្រកួត នៅមានលក្ខណៈខ្លាចៗគេ និងភ័យផង ប៉ុន្តែបើវាចិត្តដាច់វិញ ខ្ញុំគិតថា មានប្រៀបឈ្នះច្រើនណាស់ ព្រោះកម្លាំងក៏ល្អដែរ។ ខ្ញុំគិតថា មានទំនុកចិត្តឈ្នះ ៧០ ភាគរយ ហើយនៅក្នុងចំណោម ៣ នាក់ ត្រូវចាប់ឆ្នោតជួបប្រកួតនោះ មានតែ សេក ចៅជួត ទេជាឧបសគ្គ ចំណែក វៀត ប៊ុនឌឿន ធ្លាក់ចុះហើយមិនអីទេ»។
ចំណែកកីឡាករជើងចាស់ វៀត ប៊ុនឌឿន មានប្រវត្តិប្រកួតបានចំនួន ១២០ ដង ឈ្នះ ៩២ ចាញ់ ២៥ ស្មើ ៣ដង ក្នុងនោះធ្លាប់ផ្តួលដៃគូឱ្យសន្លប់ចំនួន ២៥ ដង ប៉ុន្តែពេលខ្លះចាញ់យ៉ាងផុយស្រួយ មិនគួរឱ្យជឿ។ វៀត ប៊ុនឌឿន ទោះបីនៅក្លិបគុហារព្រហ្មជ័យខេត្តសៀមរាប ប៉ុន្តែបច្ចុប្បន្ន កំពុងហ្វឹកហាត់បណ្តោះអាសន្ន ជាមួយលោក ឡុង សុវណ្ណឌឿង នៅភ្នំពេញ។
កីឡាករ ឡុង សុវណ្ណឌឿន បានប្រាប់ថា៖ «មួយរយៈនេះ វៀត ប៊ុនឌឿន មានកម្លាំងធ្លាក់ចុះជាងមុនបន្តិច ព្រោះប៉ុន្មានសប្តាហ៍មុន វាចាញ់ទាំង សេក ចៅជូត ទៀតផង ចំណែកការប្រកួតលើកនេះ ខ្ញុំរំពឹងឈ្នះត្រឹម ៧០ ភាគរយប៉ុណ្ណោះ»។
ចំណែកលោក សេក គឹមស៊ន គ្រូបង្វឹក សេក ចៅជូត បាននិយាយថា៖ «ខ្ញុំរំពឹងឈ្នះ ព្រោះ ចៅជូត ហាត់បានល្អ ហើយដៃគូទាំង ៣ នាក់នេះ ខ្ញុំគិតថា អាចយកឈ្នះបាន គឺខ្ញុំសង្ឃឹមថា ចៅជូត ឈ្នះប្រាក់លានតែម្តង»។
សេក ចៅជូត ប្រកួតចុងក្រោយឈ្នះ ដោយផ្តួល វៀត ប៊ុនឌឿន ឱ្យបែកក្បាល ឈាមហូរខ្លាំង និងបញ្ឈប់ នៅទឹកទី ២។ ចៅជូត ប្រកួតបាន ៤៩ ដង ឈ្នះ ៣៧ ចាញ់ ៩ ស្មើ ៣ ដង ក្នុងនោះផ្តួលដៃគូឱ្យសន្លប់បាន ៩ ដង។ ចំណែក ពុទ្ធ សំបូរ មិនអាចទាក់ទងបានទេ ប៉ុន្តែប្រវត្តិប្រកួតរបស់គេ បានចំនួន ៧៣ ដង ឈ្នះ ៤៩ ចាញ់ ២១ ស្មើ ៣ ដង ក្នុងនោះផ្តួលដៃគូឱ្យសន្លប់បាន ១៩ ដង។
តាមការទស្សន៍ទាយពីប្រភពមួយចំនួន ដែលនិយមតាមដាន បានលើកឡើងថា មិនអាចមើលរំលងកីឡាករជើងថ្មី រ៉ា រ៉ង បានទេ ប៉ុន្តែវត្តមានរបស់កីឡាករជើងចាស់ទាំង ៣ នាក់ មានវៀត ប៊ុនឌឿន,ពុទ្ធ សំបូរ និង សេក ចៅជូត ដោយត្រៀមចាប់ឆ្នោតប្រកួតគ្នានេះ ពិតជាឧបសគ្គធំណាស់របស់ជើងថ្មីរូបនេះ៕