
៊ប៊ុន សុធា ត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយ បឺត សង្ឃឹម នៅថ្ងៃអាទិត្យ។ រូប PNN
ភ្នំពេញ៖ កីឡាករជើងខ្លាំង ប៊ុន សុធា និង បឺត សង្ឃឹម បានបង្ហាញអារម្មណ៍ហាក់ខ្លាចគ្នា នៅពេលអ្នកទាំង ២ ត្រូវវិលមកជួបគ្នា នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ នៅលើសង្វៀន PNN នាថ្ងៃអាទិត្យនេះ ដោយពួកគេ សង្ឃឹមឈ្នះត្រឹម ៥០ ភាគរយដូចគ្នា។
តាមប្រវត្តិ បឺត សង្ឃឹម មានបទពិសោធប្រកួតច្រើនជាង ប៊ុន សុធា ដោយគេធ្លាប់ប្រកួតបាន ១០៥ ដង ឈ្នះ ៨៣ ចាញ់ ២០ ស្មើ ២ ដង ក្នុងនោះធ្លាប់ផ្តួលដៃគូឱ្យសន្លប់បាន ៣០ ដង ហើយប្រកួតចុងក្រោយ ឈ្នះ សេក គឹមសាន្ត។ ចំណែក ប៊ុន សុធា ធ្លាប់ប្រកួតបាន ៨៥ ដង ឈ្នះ ៦៨ ចាញ់ ១៥ ស្មើ ២ ដង ក្នុងនោះផ្តួលដៃគូឱ្យសន្លប់ ២៩ ដង ហើយប្រកួតចុងក្រោយឈ្នះ យ៉ន ពិសី។
លោក ធន់ សុភា គ្រូបង្វឹក ប៊ុន សុធា បាននិយាយថា៖ «គូនេះ ពិតជាលំបាក ព្រោះសុទ្ធតែខ្លាំងដូចគ្នា ហើយការវ៉ៃចេញ សុទ្ធតែប្រយ័ត្នប្រយែង និងមានក្បាច់ជង្គង់ សម្រាប់សម្លាប់ដូចគ្នា ហេតុនេះខ្ញុំរំពឹងឈ្នះត្រឹម ៥០ ភាគរយប៉ុណ្ណោះ ព្រោះយើងធ្លាប់ចាញ់គេម្តងហើយ»។
ចំណែកកីឡាករ ប៊ុន សុធា ដែលធ្លាប់បានសន្លប់ ក្រោមស្នាដៃ បឺត សង្ឃឹម កន្លងមកនោះ បាននិយាយថា៖ «ខ្ញុំរំពឹងត្រឹម ៥០ ភាគរយទេ ព្រោះថា បឺត សង្ឃឹម គាត់ល្អដែរ»។
អ្នកប្រដាល់ បឺត សង្ឃឹម ក្រោយពីប្តូរមកនៅក្លិបប៉ែនកាត់គុនខ្មែរ ការប្រកួតបានល្អប្រសើរជាងមុនៗ គឺទទួលបានជ័យជម្នះជាបន្តបន្ទាប់។ បឺត សង្ឃឹម បាននិយាយថា៖ «ខ្ញុំរំពឹងឈ្នះតែត្រឹម ៥០ ភាគរយទេ ប៉ុន្តែធានាវ៉ៃអស់ពីសមត្ថភាព ព្រោះវគ្គនេះ សំខាន់ណាស់ ដណ្តើមយកកៅអី ឡើងទៅវគ្គផ្តាច់ព្រ័ត្រ។ យ៉ាងណាក៏ដោយ ការប្រកួតនេះលំបាកដូចគ្នា ព្រោះខ្ញុំត្រូវការផ្លាស់ប្តូរក្បាច់ប្រកួតភ្លាមៗ ទៅតាមស្ថានភាពជាក់ស្តែង»។
តាមមតិអ្នកទស្សនាភាគច្រើន គេមានការជឿជាក់ទៅលើកីឡាករ បឺត សង្ឃឹម ច្រើនជាង ប៊ុន សុធា ប៉ុន្តែគេមានការបារម្ភថា ប្រសិនបើឈ្នះមិនដាច់ ឬមិនអាចផ្តួលដៃគូបាននោះ ពោលពេលពិន្ទុប្រហាក់ប្រហែល គឺគេជឿថា ចៅក្រមដាក់ពិន្ទុ អាចគាំទ្រខ្លាំងទៅលើ ប៊ុន សុធា ខណៈដែលសង្វៀននេះ កន្លងមក មានភាពចម្រូងចម្រាសខ្លាំងជាច្រើនគូមកហើយ ដូចជាលទ្ធផល មិនប្រក្រតី វ៉ាន់ វឿន និង អេលីត ចំរើន ព្រមទាំងគូ ធន់ អៀងឡៃ និង អ៊ូច ធារិទ្ធ ជាដើម៕