
កីឡាករ វី សម្ភស្ស បានម៉ាត់ទៅលើ សែត សារិត ក្នុងការប្រកួតជម្រុះលើកទី១ កន្លងមក។ រូប សហការី
ភ្នំពេញ: កីឡាករជម្រើសជាតិប្រដាល់សកល ម៉ាង ព្រហ្មម៉ាញ និង វី សម្ភស្ស បានបង្ហាញពីក្តីកង្វល់រៀងៗខ្លួន ដោយគិតថា ពួកគេនឹងមានការប្រឈមខ្លាំង នៅក្នុងការប្រកួតជម្រុះកម្មវិធី Ultimate Boxing Championship និងដណ្តើមប្រាក់លាននៅថ្ងៃអាទិត្យនេះ ព្រោះអ្នកទាំង ២ សុទ្ធតែត្រូវប្រកួត ២ ដងដូចគ្នា ក្នុងថ្ងៃតែមួយ ដើម្បីរកអ្នកឈ្នះទៅប្រកួត នៅវគ្គផ្តាច់ព្រ័ត្រ។
លោក ប៊ុយ សុភ័ណ្ឌ អ្នកគ្រប់គ្រងកម្មវិធីប្រកួតនេះបាននិយាយថា៖ «នៅថ្ងៃអាទិត្យនេះ វី សម្ភស្ស ត្រូវវ៉ៃជម្រុះជាមួយ ម៉ាង ព្រហ្មម៉ាញ រួចបន្តទៅវ៉ៃជម្រុះនឹង ទូច ដេវីដ ទៀត ដើម្បីបង្គ្រប់តាមរូបមន្តវិលជុំ ឱ្យបាន ៣ ប្រកួត ក្នុងកីឡាករម្នាក់ៗ ដើម្បីសរុបពិន្ទុ រកអ្នកឈ្នះឡើងទៅវគ្គផ្តាច់ព្រ័ត្រ នៅសប្តាហ៍ទី ៤ តែម្តង។ ចំណែក ម៉ាង ព្រហ្មម៉ាញ ក៏ត្រូវវ៉ៃ ២ ប្រកួតដូចគ្នា គឺជាមួយ វី សម្ភស្ស រួចបន្តទៅជួប សែត សារិត»។
យ៉ាងណាក្តី អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ប៊ុយ សុភ័ណ្ឌ អះអាងថា៖ «ការប្រកួតនេះ មិនខុសច្បាប់ ឬខុសលក្ខខណ្ឌទេ ព្រោះប្រដាល់សកល ក្នុងកម្មវិធីនេះ ក្នុង ១ ប្រកួត មានតែ ៣ ទឹក ហើយយើងដាក់ឱ្យប្រកួតសរុប គម្រោងតែ ៦ ទឹកប៉ុណ្ណោះ»។
ទោះយ៉ាងណា ទាក់ទងទៅនឹងការប្រកួតនេះ វី សម្ភស្ស និយាយថា៖ «ខ្ញុំបារម្ភខ្លាំង ពីបញ្ហាកម្លាំង ព្រោះត្រូវបញ្ចុះទម្ងន់ច្រើន ដោយសម្រកមកត្រឹម ៦៣,៥ គ.ក ជាពិសេសក្រោយប្រកួតជាមួយ ម៉ាង ព្រហ្មម៉ាញ ខ្ញុំត្រូវបន្តទៅជួប ទូច ដេវីដ ក្នុងថ្ងៃតែ ១ ដែលមិនមែនងាយស្រួលឡើយ។ បញ្ហាទាំងនេះ ជាការប្រកួតដែលមានការប្រឈមខ្លាំង នៅសប្តាហ៍ទី ៣ ថ្ងៃអាទិត្យនេះ ដោយលំបាករំពឹងណាស់។ យ៉ាងណា បើខ្ញុំឈ្នះ ព្រហ្មម៉ាញ គឺអាចនឹងបន្តទៅវគ្គផ្តាច់ព្រ័ត្របាន ហើយខ្ញុំសង្ឃឹមថា អាចធ្វើបាន»។
ចំណែក ព្រហ្មម៉ាញ ក៏មិនខុសគ្នាប៉ុន្មានដែរ ព្រោះការជួប វី សម្ភស្ស ជាការប្រកួតលំបាកខ្លាំង ប៉ុន្តែបើឆ្លងផុត រួចបន្តទៅជួប កីឡាករ សែត សារឹត ត្រូវបានគេមើលឃើញថា មិនសូវលំបាកឡើយ។ ព្រហ្មម៉ាញ និយាយថា៖ «ខ្ញុំមិនសូវសង្ឃឹមច្រើនទេ ពេលប៉ះ វី សម្ភស្ស»។
កីឡាករមានប្រភពចេញពីប្រដាល់គុនខ្មែរ រូបនេះបន្ថែមថា៖ «ទោះជា ខ្ញុំធ្លាប់ឈ្នះ វី សម្ភស្ស ប៉ុន្តែសព្វថ្ងៃ គេល្អជាងមុន និងវ៉ៃចេញបានលឿន ដៃធ្ងន់ណាស់។ ចំណែកមួយប្រកួតទៀតជាមួយ សែត សារិត ខ្ញុំមានសង្ឃឹមច្រើន។ តែបើខ្ញុំចាញ់ វី សម្ភស្ស គឺខ្ញុំអស់សង្ឃឹមហើយ ព្រោះខ្ញុំចាញ់ ២ លើកទៅហើយ អ៊ីចឹង ទោះជាខ្ញុំអាចបន្តទៅយកឈ្នះ សែត សារិត ក៏មិនបានឡើងទៅវគ្គផ្តាច់ព្រ័ត្រដែរ»។
តាមការវាយតម្លៃរបស់ លោក សុភ័ណ្ឌ គឺ វី សម្ភស្ស និង ម៉ាង ព្រហ្មម៉ាញ កំពុងតែនៅក្នុងអន្តរកាលដូចគ្នាមានន័យថា មិនទាន់អាចកំណត់បានទេថា កីឡាកររូបណាបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ព្រោះនៅសល់ ២ ប្រកួតដូចគ្នា ក្នុងថ្ងៃតែមួយ ខណៈ ១ ប្រកួតកន្លងមកនេះ ព្រហ្មម៉ាញបានចាញ់ ទូច ដេវីដ មាន ១ ពិន្ទុ ហើយ សម្ភស្ស ឈ្នះ សែត សារិត មាន ៣ ពិន្ទុ អ៊ីចឹងពួកគេត្រូវសរុបពិន្ទុ នៅថ្ងៃអាទិត្យនេះតែម្តង។
លោក សុភ័ណ្ឌ បានបន្ថែមថា ចំពោះ ទូច ដេវីដ ប្រកួតបាន ២ លើកកន្លងមក ឈ្នះទាំង ២ លើក មាន ៦ ពិន្ទុ អ៊ីចឹង ទោះលើកនេះ ចាញ់ ឬឈ្នះ ក៏នៅតែបានឡើងទៅវគ្គផ្តាច់ព្រ័ត្រដែរ។ លោកបញ្ជាក់ថា៖ «បើនិយាយពីបច្ចេកទេស អាចវាយតម្លៃថា ជំនួបរបស់ វី សម្ភស្ស និង ម៉ាង ព្រហ្មម៉ាញ ជាការកំណត់វាសនាពួកគេបាន ព្រោះបើព្រហ្មម៉ាញ ឈ្នះមានភាគរយខ្ពស់ ដោយសារបន្តទៅប៉ះ សែត សារិត មិនលំបាកទេ ប៉ុន្តែបើ សម្ភស្ស ឈ្នះ គឺត្រូវបានឡើងដូចគ្នា»៕