ភ្នំពេញ៖ វគ្គ​បណ្តុះ​បណ្តាល​រដ្ឋ​បាល​កីឡា​​ រយៈ​ពេល ៤ ថ្ងៃ ​ត្រូវ​បាន​បិទ​បញ្ចប់ នៅថ្ងៃ​ព្រេហស្បតិ៍ ​បន្ទាប់​​​ពី​បាន​ដំណើរ​ការ​បង្រៀន ​ដោយ​គ្រូ​ជំនាញ​​​​​កីឡា ​ទទួល​ស្គាល់​ពី​អូឡាំ​ពិក​អន្តរជាតិ ​ដើម្បី​ផ្តល់​ជូន​​ធន​ធាន​មនុស្ស​ផ្នែក​កីឡា​ ជា​សិក្ខាកាម​ចំនួន ២៥ នាក់ ដែល​ជា​​មន្ត្រី​អប់រំ​ យុវជន ​និង​កីឡា​ ​គ្រូ​កីឡា​តាម​វិទ្យា​ល័យ​ អនុវិទ្យា​ល័យ​ និង​ការិយាល័យ​ចំណុះ​ឱ្យ​​មន្ទីរ​អប់​រំ ​យុវជន ​និង​កីឡា​ខេត្ត​រតនគីរី​។

លោក​ ​វ៉ាត់ ​ចំរើន ​អគ្គ​លេខាធិការ​ NOCC ​បានប្រាប់ថា​៖ «​វគ្គ​រដ្ឋ​បាល​កីឡា​នេះ​ មាន​ទម្រង់​ជា​មេរៀន​ដដែលៗ​ ដូច​​លើក​មុនៗ​ដែរ ​​គ្រាន់​តែ​យើង​ប្តូរ​ពី​បង្រៀន​ផ្ទាល់ ​មក​ធ្វើ​តាម​អន​ឡាញ​ ​ព្រោះ​នេះជា​សម័យ​កាល​កូវីដ​ ១៩ ​ប៉ុន្តែ​យើង​បាន​ប្តូរ​ចល័ត​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត​ដើម្បី​ពង្រឹង​​ និង​ពង្រាយ​សមត្ថភាព​ធន​ធាន​មនុស្ស​ ផ្នែក​រដ្ឋបាល​កីឡា​ឱ្យ​​បាន​ច្រើន ​ដែល​អាច​ធ្វើ​ទៅ​បាន ​ក្នុង​នោះ​ខេត្ត​ជន​បទ​ដាច់​ស្រយាល​ ហើយ​យើង​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​ ខណៈ​ខេត្ត​រតនគីរី ​ក្នុង​រយៈ​ពេល​ ១០ ​ឆ្នាំ​នេះ​ គណៈ​កម្មាធិការ​ជាតិ​អូ​ឡាំ​ពិក ​បាន​ផ្តល់​ជូន​នូវ​កម្ម​វិធី​រដ្ឋបាល​និង​កីឡា​នេះ​ បាន​ចំនួន ​២ ​លើក​មក​ហើយ»​។

លោក​បាន​បន្ថែម​ថា​៖ «​ដូច​ខ្ញុំ​ធ្លាប់​ជម្រាប​ជូន​អ៊ីចឹង​ អ្នក​ធ្លាប់​បាន​ឆ្លង​វគ្គ ​ទទួល​បាន​លិខិត​បញ្ជាក់​ពី​អង្គ​ការ​សាមគ្គី​អូឡាំ​ពិក​អន្តរជាតិ ​(OS) ដែល​​ជា​ស្ថាប័ន​ជំនាញ​ផ្នែក​បណ្តុះ​បណ្តាល​របស់ ​IOC ​ដល់​បណ្តា​សមាជិក ​នៅ​លើ​ពិភព​លោក​ ហើយ​សិក្ខាកាម​ ដែល​មាន​លិខិត​បញ្ជាក់​នេះ​ មាន​សិទ្ធ​ចូល​រួម​សកម្មភាព​កីឡា​នានា​បាន​យ៉ាង​ទូ​លំទូលាយ​ មិន​ប្រកាន់​ប្រទេស​នោះ​ឡើយ​»។​

អ្នកជំនាញកីឡា​រូបនេះ បាន​បញ្ជាក់​​ថា​ វគ្គ​រដ្ឋ​បាល​កីឡានេះ​ ផ្តល់​ជូន​នូវ​​ចំណុច​សំខាន់​ចំនួន ​៣​ ​ទី​១​ យល់​ដឹង​ពី​រចនា​សម្ព័ន្ធ​របស់​កីឡា​ ក្នុង​អូឡាំ​ពិក ​​ប្រ​វត្តិ​របស់​អូ​ឡាំ​ពិក​អន្តរជាតិ ​និង​​ទស្សន​របស់​អូឡាំពិក​សម័យ​ទំនើប​ ទី២ ​យល់​ដឹង​ពី​ជំនាញ​កីឡា​បច្ចេកទេស​កីឡា​ និង​រចនា​សម្ព័ន្ធ​ទំនាក់​ទំនង​របស់​កីឡា​ ហើយ​​ទី៣ ​ចេះ​ធ្វើ​ទី​ផ្សារ ​ក្នុង​កីឡា​ ព្រម​ទាំង​ចេះ​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​ និង​ភាព​ជា​អ្នក​ដឹង​នាំ ​ក្នុង​សកម្មភាព​កីឡា ហើយ​​នេះ​ជា​វគ្គ​រដ្ឋបាល​កីឡា​ចុង​ក្រោយ​ ក្នុង​ផែន​ការ ​និង​គម្រោង​បណ្តុះ​បណ្តាល​ប្រចាំ​ឆ្នាំ​ ២០២១»។​

ចំ​ណែក​លោក​ មាស​ សារ៉េត​ អ្នក​គ្រប់​គ្រង​កម្ម​វិធីបាន​ប្រាប់ថា​ ​កន្លង​មក​កម្ម​វិធី​រដ្ឋបាល​កីឡានេះ បាន​​ផ្តល់​ជូន​តាម​ខេត្ត ​ក្នុង​មួយឆ្នាំ​ពី​ ៣ ទៅ​ ៤ ​ខេត្ត ​ដោយ​ផ្ទាល់​ក្នុង​មួយ​ឆ្នាំៗ ​​ប៉ុន្តែ​ឆ្នាំ​នេះ​ NOCC ផ្តល់​ជូន​បាន​ ៤ ​ខេត្ត​ តាម​គម្រោង​ តែ​​សុទ្ធ​តែ​ធ្វើ​តាម​អន​ឡាញ​ទាំង​អស់​ ព្រោះ​បញ្ហា​កូ​វីដ ​១៩​៕​