
លោកជំទាវ ម៉ក់ វណ្ណស៊ីថា ពេលចូលរួមរំលែកបទពិសោធ ដល់សិក្ខាកាម ដែលបានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលនេះ។ រូប សហការី
ភ្នំពេញ៖ សហព័ន្ធកីឡារាំកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាព ត្រៀមការប្រកួតធំៗ ដូចជាប្រកួតជម្រើសជើងឯកជាតិ ប្រចាំឆ្នាំ ២០២១ ព្រឹត្តិការណ៍កីឡាជាតិលើកទី ៣ និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមចំនួន ២ ក្នុងពេលខាងមុខ ហើយវគ្គនេះបានចាប់ផ្តើបតាំងពីថ្ងៃ ១២ ខែ នឹងគ្រោងបិទបញ្ចប់ នៅថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២១។
លោកស្រី ហង្ស ស៊ីម៉ន អគ្គលេខាធិការសហព័ន្ធកីឡារាំ បានប្រាប់ថា កម្មវិធីបណ្តុះបណ្តាលនេះ គឺគាំទ្រថវិកាដោយក្រសួងអប់រំ យុវជន និងកីឡា ប្រចាំឆ្នាំ ២០២១ ហើយសិក្ខាកាម មានមកពីក្លិបខេត្តសៀមរាប ចំនួន ២ នាក់ និងមកពី ៥ ក្លិប ក្នុងរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីរបស់សហព័ន្ធ ដែលសរុបមានចំនួន ២៥ នាក់។
លោកស្រី ហង្ស ស៊ីម៉ន បានបន្តថា៖ «ខ្លឹមសារ នៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសមន្ត្រីចំណុះសហព័ន្ធកីឡារាំ ឱ្យមានជំនាញរៀបចំ ដើម្បីត្រៀមរៀបចំការប្រកួតជើងជាតិ នៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២១ និងការប្រកួតកីឡាជាតិលើកទី៣ ចុងឆ្នាំ ២០២១ ព្រមទាំងព្រឹត្តិការណ៍កីឡាសំខាន់ ២ គឺ ស៊ីហ្គេម លើកទី៣១ នៅវៀតណាម និងស៊ីហ្គេម លើកទី៣២ នៅព្រះរាជាណាចក្រកម្ពុជា»។

ជាមួយគ្នានេះ គ្រូឧទ្ទេសចំនួន ៤ នាក់ បានចូលខ្លួន មកផ្តល់នូវជំនាញបច្ចេកទេស ទៅតាមជំនាញរៀងៗខ្លួន នៅក្នុងវគ្គបណ្តោះបណ្តាលនេះ ដោយក្នុងនោះ គ្រូឧទ្ទេសទី១ លោក Royce Yeh អគ្គលេខាធិការសហព័ន្ធកីឡារាំអាស៊ី ទី២ លោកស្រី MaryYeh ប្រធានសហព័ន្ធកីឡារាំ មកពីតៃវ៉ាន់ ទី៤ លោក Peng Yen Ming អគ្គលេខាធិការសហព័ន្ធរាំតៃវ៉ាន់ និងទី៤ លោក Hao-ChihLiu អគ្គលេខាធិការរងសហព័ន្ធរាំតាំវ៉ាន់។
ចំណែកគ្រូឧទ្ទេសមួយទៀត គឺលោកជំទាវ ម៉ក់ វណ្ណស៊ីថា ជាអតីតគណៈកម្មការស្ត្រី និងកីឡា ដែលបច្ចុប្បន្ន ជាអនុប្រធានប្រធានសហព័ន្ធនេះ ក៏ចូលរួមផ្តល់ការចែករំលែក នូវចំណេះដឹងទូទៅផងដែរ។
លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា បាននិយាយថា៖ «នេះជាលើកទី១ ហើយ សម្រាប់សហព័ន្ធ ដែលបង្កើតឱ្យមានវគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេស កីឡារាំនេះហើយនេះ ជាវគ្គពិសេស ដើម្បីផលិតធនធានមនុស្ស សម្រាប់ការងារចាំបាច់ ព្រោះមានគ្រូឧទ្ទេស ជំនាញៗ មកបង្រៀនពីក្រៅប្រទេស»៕