
ប៊ុន សុធា បានទះដៃអបអរដល់ បឺត សង្ឃឹម ក្នុងពេលលោកអាជ្ញាកណ្តាល ណន រិទ្ធ លើកដៃឱ្យឈ្នះ។ រូបថត PNN
ភ្នំពេញ៖ កីឡាករជើងខ្លាំង បឺត សង្ឃឹម របស់ក្លិបប៉ែនកាក់គុនខ្មែរ បានក្លាយជាបេក្ខភាពដែលត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដោយរង់ចាំបេក្ខភាពម្នាក់ទៀត ដើម្បីប្រកួតគ្នាដណ្តើមខ្សែក្រវាត់ អមដោយប្រាក់រង្វាន់ ១ ម៉ឺន ដុល្លារ នៅលើសង្វៀនប្រដាល់ PNN។
ការទទួលបានកៅអីនៅវគ្គផ្តាច់ព្រ័ត្រនេះ គឺបន្ទាប់ពី បឺត សង្ឃឹម បានយកឈ្នះ ប៊ុន សុធា មកពីសមាគមប្រដាល់កងយោធពលខេនរភូមិន្ទ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាថ្ងៃអាទិត្យ ដោយចៅក្រុមទាំង ៥ រូប បានផ្តល់ពិន្ទុឱ្យឈ្នះជាឯកច្ឆន្ទ ៥-០ ស្របពេលដែលសាច់ប្រកួត បឺត សង្ឃឹម មានប្រៀប ព្រោះបានប្រើកណ្តាប់ដៃឆ្វេង វាយចូលថ្គាមពេញ បណ្តាលឱ្យ ប៊ុន សុធា និងអាជ្ញាកណ្តាល ណន រិទ្ធ រាប់តាំងពីទឹកទី១។
ជាមួយជ័យជម្នះនេះ បឺត សង្ឃឹម បាននិយាយ ក្រោយការប្រកួតថា៖ «ខ្ញុំឈ្នះនេះ គឺឈ្នះដាច់ ព្រោះខ្ញុំវ៉ៃទាំងប្រុងប្រយ័ត្នបំផុត។ ខ្ញុំព្យាយាមទប់ទល់ មិនឱ្យគាត់ចូលជិត ហើយខ្ញុំគិតត្រូវ ព្រោះមិនវាយសម្រុកខ្លាំង ខ្លាចភ្លាត់ នៅចំណុចណាមួយ»។

ទាក់ទងទៅនឹងក្តីរំពឹង សម្រាប់ការប្រកួត នៅវគ្គផ្តាច់ព័ត្រ បឺត សង្ឃឹម បានឆ្លើយតបថា៖ «ខ្ញុំមិនទាន់គិតថា វាងាយស្រួល ឬក៏លំបាកនោះទេ ព្រោះយើងត្រូវរង់ចាំលទ្ធផល ការប្រកួតរវាង អេលីត ចំរើន និង ធន់ អៀងឡៃ សិន។ បើ ធន់ អៀនឡៃ ឈ្នះ ឡើងមកវគ្គផ្តាច់ព្រ័ត្រ ខ្ញុំគិតថា មិនលំបាកទេ គឺសង្ឃឹមឈ្នះ ប៉ុន្តែបើ អេលីត ចំរើន ឈ្នះឡើងមកវគ្គផ្តាច់ព្រ័ត្រ ខ្ញុំពិតជាលំបាកសន្និដ្ឋាន»។
ជាមួយគ្នានេះ កីឡាករនិយមវាយសម្រុក ប៊ុន សុធា បានទទួលស្គាល់ថា រូបគេពិតជាចាញ់ បឺត សង្ឃឹម ដោយរូបគេបាននិយាយ ក្រោយការប្រកួតថា៖ «ខ្ញុំចាញ់លើកនេះ សោកស្តាយ ប៉ុន្តែខ្ញុំអស់ចិត្ត ព្រោះចូលលេងក្បាច់ជង្គង់មិនចុះ។ ខ្ញុំទទួលស្គាល់លទ្ធផលនេះ គឺខ្ញុំពិតជាចាញ់គាត់ដាច់មែន»៕