
សេក ចៅជូត និង វៀត ប៊ុនឌឿន ឡើងទទួលប្រាក់រង្វាន់ ក្រោយការប្រកួតបានបញ្ចប់។ រូប ថោន
ភ្នំពេញៈ អ្នកប្រដាល់ វៀត ប៊ុនឌឿន មកពីក្លិបគុហារព្រហ្មជ័យខេត្តសៀមរាប បានឈ្នះប្រាក់រង្វាន់ប្រចាំសប្តាហ៍ នៅសង្វៀនថោន កាលពីយប់ថ្ងៃអាទិត្យ ជាលើកដំបូង បន្ទាប់ពីរូបគេបានយកឈ្នះ ពុទ្ធ សំបូរ ក្នុងវគ្គជម្រុះ និងបន្តឈ្នះ សេក ចៅជូត ក្នុងវគ្គផ្តាច់ព្រ័ត្រដោយពិន្ទុ ក្នុងលក្ខណៈតឹងតែងនោះ ប៉ុន្តែជ័យជម្នះរបស់ ប៊ុនឌឿន មានការរិះគន់ច្រើនថា មិនយុត្តិធម៌។
តាមពិត វៀត ប៊ុនឌឿន ធ្លាប់បានចូលរួមប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន នៅសង្វៀនថោននេះ ចំនួន ៤ លើកមកហើយ ប៉ុន្តែលទ្ធផលមិនធ្លាប់ទទួលបានជ័យជម្នះនោះទេ ពោលទើបតែលើកនេះប៉ុណ្ណោះ គឺឈ្នះក្នុងលក្ខណៈមិនដាច់ ជាពិសេសការសម្រេចឱ្យឈ្នះ សេត ចៅជូត ដោយពិន្ទុមិនឯកច្ឆន្ទ ៣-២ នៅវគ្គផ្តាច់ព្រ័ត្រ បានធ្វើឱ្យមហាជនរិះគន់ និងជេរប្រទេចច្រើន ទៅលើចៅក្រមដាក់ពិន្ទុ។
តែទោះបីជាយ៉ាងនេះក្តី ភាគីចាញ់ សេក ចៅជូត មិនបានប្តឹងតវ៉ាអ្វីនោះទេ ខណៈដែលអ្នកទស្សនា សឹងតែ ៩៥ ភាគរយ ដែលបានចូលបញ្ចេញមតិនៅក្នុងផេចផ្លូវការរបស់ Town Sport គឺគាំទ្រឱ្យ សេក ចៅជូត ឈ្នះ។ ជុំវិញបញ្ហានេះ លោក ជួប វុត្ថា អ្នកគ្រប់គ្រង និងសម្របសម្រួលនៅក្នុងកម្មវិធីនេះ និយាយថា៖ «លទ្ធផលនេះ ពិតជាលំបាកកាត់ក្តី ព្រោះបើភ្នែកខ្ញុំ មើលឃើញប្រហាក់ប្រហែលគ្នា ហើយនៅពេលដែលពិន្ទុចៅក្រមចេញមក គឺ ៣ ទល់ ២ ព្រោះនេះជាប្រកួតដណ្តើមប្រាក់លាន មិនអាចឱ្យស្មើគ្នាបានឡើយ»។
លោក ជួប វុត្ថា បានបន្ថែមថា៖ «ខាងសង្វៀនផ្តល់សិទ្ធិខាងបច្ចេកទេសដាក់ពិន្ទុ ព្រមទាំងវិនិច្ឆ័យនេះ ទៅឱ្យមន្ត្រីរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ទាំងស្រុង ដោយគ្មានសិទ្ធិ ឬបញ្ចេញយោបល់មតិបានទេ។ តែទោះបីជាយ៉ាងណា ការលើកឡើងរបស់មហាជន ជាអ្នកទស្សនា ជាកញ្ចក់ឆ្លុះបញ្ចាំងឱ្យយើងដឹងថា បងប្អូនទាំងនោះ មានការយល់ដឹង ចេះមើលប្រដាល់ និងតាមដានការផ្តល់ពិន្ទុ មិនធម្មតាដែរ»។
លោកបានបញ្ជាក់ថា៖ «ដូចខ្ញុំបានជម្រាបជូនខាងដើមអ៊ីចឹង ពិន្ទុប្រហាក់ប្រហែលគ្នា ៣ ទល់ ២ គឺមិនអាចស្មើបានឡើយ ព្រោះដណ្តើមប្រាក់រង្វាន់ ដាច់ខាតមានឈ្នះ មានចាញ់ ហើយអ្វីដែលសំខាន់ គឺខាងសហព័ន្ធ ជាអ្នកទទួលខុសត្រូវផ្នែកបច្ចេកទេស ទាំងស្រុង ចំណែកខាងម្ចាស់សង្វៀន ជាអ្នកសហការរៀបចំ»។
ចំណែកលោក ជឹម សុផា តំណាងអ្នកស្ប៉នស័រកម្មវិធីបាននិយាយថា៖ «លទ្ធផល វៀត ប៊ុនឌឿន ឈ្នះ សេក ចៅជូត នេះ តឹងតែងមែន ហើយមានការរិះគន់ច្រើន ប៉ុន្តែលទ្ធផលមានអ្នកឈ្នះតែម្នាក់គត់ ហេតុនេះប្រសិនចៅក្រមកាត់ឱ្យ សេក ចៅជូត ឈ្នះវិញ ក៏អាចនឹងមានការរិះគន់ដូចគ្នាមិនខាន។
លោកបន្តថា៖ «កន្លងមក ការកាត់សេចក្តីរបស់ចៅក្រម និងគណៈកម្មការវិនិច្ឆ័យនៅសង្វៀនថោន មានភាពសុក្រឹតជាងសង្វៀនដទៃ ប៉ុន្តែយូរៗក៏មានការរិះគន់ម្តងៗដែរ ហើយជាមួយគ្នានេះ ខ្ញុំគិតថា លទ្ធផលការប្រកួតកីឡាលើពិភពលោក នៅតែមានភាពចម្រូងចម្រាសខ្លះៗមិនខាន ព្រោះបញ្ហានេះ វាបង្ហាញឱ្យឃើញនូវការគាំទ្រ និងការស្រឡាញ់របស់អ្នកគាំទ្រ ទៅតាមឆន្ទៈរៀងៗខ្លួន»៕