
វី សម្ភស្ស បានម៉ាត់ទៅលើ ទូច ដេវីដ ក្នុងការប្រកួត កាលពីថ្ងៃអាទិត្យ។ រូបថតសហការី
ភ្នំពេញៈ អ្នកប្រដាល់ វី សម្ភស្ស បានជម្នះការភ័យព្រួយនៅក្នុងការប្រកួតដ៏តានតឹងចំនួន ២ ក្នុងថ្ងៃតែ ១ ដើម្បីក្លាយជាបេក្ខភាព ដែលមានអាទិភាពខ្ពស់ ក្នុងការឈានទៅដណ្តើមបានប្រាក់លានក្នុងព្រឹត្តិការណ៍ប្រដាល់សកល Ultimate Boxing Championship 2021 វគ្គផ្តាច់ព្រ័ត្រ ដែលនឹងត្រូវធ្វើនៅថ្ងៃទី ២៨ ខែវិច្ឆិកា ខាងមុខនេះ។
សម្រាប់ការប្រកួតជម្រុះចំនួន ២ លើក ក្នុងពេលតែមួយ នៅសង្វៀននាយកដ្ឋានអង្គរក្ស កាលពីថ្ងៃអាទិត្យនេះ វី សម្ភស្ស បានផ្តួលកីឡាករជម្រើសជាតិដូចគ្នា ម៉ាង ព្រហ្មម៉ាញ ឱ្យសន្លប់ ត្រឹមទឹកទី២ រួចបានបន្តទៅយកឈ្នះ ដោយពិន្ទុលើ ទូច ដេវីដ ដើម្បីបញ្ចប់ការប្រកួតជម្រុះទាំង ៣ លើក ដោយឈ្នះទាំងអស់ មាន ៩ ពិន្ទុ និងឈរនៅចំណាត់ថ្នាក់លេខ ១ ហើយ ទូច ដេវីដ ឈរនៅលេខ ២ មាន ៧ ពិន្ទុ។
ក្រោយឈ្នះការប្រកួតនេះ វី សម្ភស្ស បាននិយាយថា៖ «ខ្ញុំក៏មិននឹកស្មានថា ដណ្តើមបានជ័យជម្នះល្អបែបនេះទេ ព្រោះមុនប្រកួតខ្ញុំមានការព្រួយបារម្ភខ្លាំង ដោយបញ្ហាសម្រកទម្ងន់ វាប៉ះពាល់ដល់កម្លាំង ប៉ុន្តែនៅពេលប្រកួតជាក់ស្តែង ខ្ញុំតាមវ៉ៃបង ម៉ាង ព្រហ្មម៉ាញ លឿនៗ ធ្វើឱ្យគាត់សន្លប់ទឹកទី២ ហើយក្រោយឈ្នះ ព្រហ្មម៉ាញ ខ្ញុំនៅមានកម្លាំងល្អ ដើម្បីបន្តយកឈ្នះ ទូច ដេវីដ»។
ជាមួយលទ្ធផលនៃការប្រកួតនេះ វី សម្ភស្ស និង ទូច ដេវីត ត្រូវឡើងទៅជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រជាថ្មីម្តងទៀត ដើម្បីរកម្ចាស់ជើងឯក ដែលនឹងត្រូវទទួលបានប្រាក់រង្វាន់ ៣ លានរៀល ចំណែក ម៉ាង ព្រហ្មម៉ាញ និង សែត សារឹត បានធ្លាក់ចេញពីការប្រកួតនេះ ដូចគ្នា។
ទាក់ទងទៅនឹងការឡើងទៅជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រ នោះ វី សម្ភស្ស បានអះអាងថា៖ «ខ្ញុំរំពឹងឈ្នះ ៨០ ភាគរយ ប៉ុន្តែនៅតែបារម្ភពីកម្លាំង ព្រោះត្រូវសម្រកទម្ងន់ច្រើន ដោយសារទម្ងន់ពិតសព្វថ្ងៃ ខ្ញុំឡើងដល់ ៦៧ គីឡូក្រាមឯណោះ»។
ចំណែក ទូច ដេវីដ ហាក់មិនមានសង្ឃឹមច្រើន ក្នុងការប្រឈមមុខជាមួយ វី សម្ភស្ស ជាថ្មី នោះទេ ដោយគេបាននិយាយថា៖ «ការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ខ្ញុំមិនហ៊ានរំពឹងច្រើនទេ ព្រោះមួយរយៈពេលនេះ វី សម្ភស្ស ល្អណាស់ គឺកណ្តាប់ដៃធ្ងន់ និងចេញបានលឿនទៀតផង បើគេចមិនទាន់ទេ គឺសន្លប់ហើយ»។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ-សហព័ន្ធ និងជានាយកគ្រប់គ្រងកម្មវិធីនេះ បានប្រាប់ថា សម្រាប់ការប្រកួតប្រដាល់សកល ឆ្នាំ ២០២១ នេះ យើងនៅសល់តែ ១ កម្មវិធីទៀតតែប៉ុណ្ណោះ គឺវគ្គបញ្ចប់តែម្តង ដែលត្រូវធ្វើនៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ ហើយជាមួយគ្នានេះសហព័ន្ធមានមោទនភាព ព្រោះការរៀបចំមានលក្ខណៈល្អប្រសើរ មានភាពទាក់ទាញ និងគាំទ្រច្រើនពីមហាជន។
លោក ប៊ុយ សុភ័ណ្ឌ ប្រាប់បន្ថែមថា៖ «សម្រាប់ការប្រកួតចុងក្រោយនេះ មន្ត្រីបច្ចេកទេសរបស់សហព័ន្ធនឹងត្រៀមផ្គូផ្គងកីឡាករឱ្យបានល្អ ពិសេសគូកីឡាការិនី ប៉ុន្តែយើងត្រូវសម្របសម្រួលជាមួយប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងប្រដាល់ឃីកបុកស៊ីង ព្រោះកីឡាការិនីទាំងនោះ ជាអតីតប្រដាល់សកលជម្រើសជាតិ ហើយបច្ចុប្បន្ននៅសហព័ន្ធផ្សេងពីគ្នា ហើយគោលដៅរបស់សហព័ន្ធយើង មានបំណង ទទួលយកអតីតអ្នកប្រដាល់សកល ដែលឃ្លាតពីសង្វៀន ដើម្បីមកជួយចូលរួមក្នុងឋានៈជាមន្ត្រីបច្ចេកទេស និងជួយក្នុងកិច្ចការមួយចំនួន របស់សហព័ន្ធ»៕