
លោក ប៊ុយ សុភ័ណ្ឌ ប្រើចំណេះដឹង និងបទពិសោធ ដើម្បីទទួលបានការងារ និងតួនាទីសំខាន់ៗ នៅក្នុងវិស័យកីឡា ទោះមានអាយុត្រឹម៣៤ឆ្នាំ។ រូប សហការី
ភ្នំពេញ៖ ទោះមានវ័យត្រឹម ៣៤ ឆ្នាំ តែលោក ប៊ុយ សុភ័ណ្ឌ មានសកម្មភាពមមាញឹក ក្នុងសកម្មភាពកីឡា អស់រយៈពេល ១០ ឆ្នាំមកហើយ ហើយនៅពេលបច្ចុប្បន្ន លោកមានតួនាទីសំខាន់ៗជាច្រើន រួមមានជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកល ជាប្រធានគណៈកម្មការហ្គេមព័ត៌មានវិទ្យារបស់ CAMSOC និងជាទីប្រឹក្សានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ខណៈដែលការងារជាក្របខ័ណ្ឌ ក្រៅពីកីឡា គឺ សុភ័ណ្ឌ មានការងារស្នូលជាមន្ត្រីសវនកម្ម នៃអាជ្ញាធរសវនកម្មជាតិ។
ដោយមានទីកន្លែងកំណើត នៅរាជធានីភ្នំពេញ ក្នុងស្ថានភាពគ្រួសារ មានជីវភាពមធ្យមនោះ បុរសកើតថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ១៩៨៧ ដែលជាកូនទី ២ ក្នុងចំណោមបងប្អូនចំនួន ៥នាក់ ប៊ុយ សុភ័ណ្ឌ បានធំធាត់ ក្រោមការចិញ្ចឹមបីបាច់ថែរក្សាយ៉ាងល្អ ពីឪពុកម្តាយ និងបានរៀនសូត្រ រហូតអាចបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងកីឡា នៅក្រៅប្រទេស។
ក្នុងបទសម្ភាសជាមួយ ភ្នំពេញ ប៉ុស្តិ៍ លោក ប៊ុយ សុភ័ណ្ឌ បាននិយាយថា៖ «ខាងកីឡានេះ ខ្ញុំបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងកីឡា ឆ្នាំ ២០១៦ នៅសាកលវិទ្យាល័យ Seoul National University ដែលជាសាកលវិទ្យាល័យលំដាប់លេខ ១ នៅប្រទេសកូរ៉េ និងជាសាលាបណ្តុះបណ្តាលធនធានជំនាញកីឡាដ៏ល្បីមួយ នៅលើឆាកអន្តរជាតិ»។
ជាមួយជំនាញ និងការបញ្ចប់ការសិក្សាជាន់ខ្ពស់ ផ្នែកកីឡានេះ បានធ្វើឱ្យ ប៊ុយ សុភ័ណ្ឌ ក្លាយជាធនធានដ៏សំខាន់មួយ ដែលទទួលបានទំនុកចិត្តពីថ្នាក់ដឹកកីឡា ដើម្បីចូលរួមបំពេញការងារសំខាន់ៗ ក្នុងស្ថាប័នកីឡា ជាបន្តបន្ទាប់ ខណៈបុរសរូបនេះ ក៏មានឆន្ទៈខ្ពស់ និងទស្សនវិស័យវែងឆ្ងាយ ក្នុងការជួយជំរុញឱ្យវិស័យកីឡា នៅកម្ពុជា ឆ្ពោះទៅរកភាពជោគជ័យ នៅលើឆាកអន្តរជាតិ ផងដែរ ជាពិសេសការប្រកួតស៊ីហ្គេមឆ្នាំ២០២២ នៅវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ប៊ុយ សុភ័ណ្ឌ បានបន្តថា៖ «សម្រាប់សកម្មភាពការងារក្នុងកីឡា ខ្ញុំធ្លាប់ធ្វើជាជំនួយការលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៩ និងមានបទពិសោធការងារផ្ទាល់ពីលោកច្រើនបន្ថែមទៀត ហើយពីឆ្នាំ ២០២០ មកដល់បច្ចុប្បន្ន ថ្នាក់ដឹកនាំបានទទួលស្គាល់ពីសមត្ថភាពរបស់ខ្ញុំ និងបានផ្តល់សេចក្តីទុកចិត្ត ឱ្យខ្ញុំធ្វើជាទីប្រឹក្សារបស់ NOCC»។
«បន្ថែមពីលើនេះ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) បានផ្តល់តួនាទីដ៏សំខាន់មួយទៀតដល់ខ្ញុំ ឱ្យធ្វើជាប្រធានគណៈកម្មការ ព័ត៌មានវិទ្យា តាំងពីឆ្នាំ ២០១៦ ខណៈដែលរាជរដ្ឋាភិបាល អនុម័តជាផ្លូវការ នូវគម្រោងប្លង់មេសម្រាប់ប្រតិបត្តិការ ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី ៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ»។
លោក ប៊ុយ សុភ័ណ្ឌ បានបន្ថែមថា៖ «កន្លងមក ខ្ញុំមានបទពិសោធឆ្លងកាត់ការងារ ក្នុងសហព័ន្ធកីឡាជាតិសំខាន់ៗ ដូចជាធ្លាប់ធ្វើជាអគ្គលេខាធិការសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ហើយបច្ចុប្បន្ន ខ្ញុំកំពុងបំពេញការងារយ៉ាងសកម្ម ក្នុងតួនាទីជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ដើម្បីឆ្ពោះទៅស៊ីហ្គេម ចំនួន ២ នៅពេលខាងមុខ»។
នៅពេលសួរថា តើលោកមានគោលបំណង និងទស្សនវិស័យយ៉ាងណា ក្នុងតួនាទីដ៏សំខាន់ៗ ក្នុងកីឡា ហើយមានចំណុចខ្លាំងអ្វីខ្លះ ដើម្បីឆ្លើយតបចំពោះការងារទាំងនេះ លោក ប៊ុយ សុភ័ណ្ឌ បានឆ្លើយតបថា៖ «ខ្ញុំកំពុងប្រឹងប្រែងឱ្យអស់លទ្ធភាព គឺក្នុងសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ធ្វើយ៉ាងណាឱ្យអត្តពលិកយើង ឈ្នះមេដាយពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣១ នៅវៀតណាម ជាពិសេសការកំណត់គោលដៅ យកមេដាយមាសចំនួន ២ នៅស៊ីហ្គេម លើកទី ៣២ នៅកម្ពុជា»។
ជាមួយគ្នានេះ អ្នកជំនាញកីឡាវ័យក្មេង លោក ប៊ុយ សុភ័ណ្ឌ បានអះអាងថា ក្នុងឋានៈខ្លួនជាប្រធានគណៈកម្មការព័ត៌មានវិទ្យារបស់ CAMSOC គឺលោកបានខិតខំដឹកនាំគ្រប់គ្រងអនុវត្តតាមផែនការរបស់ CAMSOC ដែលបានចែងពីកាតព្វកិច្ច មុខងារ ក្នុងគម្រោងផែនការមេដោយបានអនុម័ត តាំងពីឆ្នាំ ២០១៦ រួចហើយ។
លោក ប៊ុយ សុភ័ណ្ឌ បានបញ្ជាក់ថា៖ «ខ្ញុំនៅតែសង្ឃឹមជឿជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ ជាប្រធាន CAMSOC ឯកឧត្តមបណ្ឌិតថោង ខុន ជាអនុប្រធានអចិន្ត្រៃយ៍ និងមានឯកឧត្តម វ៉ាត់ ចំរើន ជាអ្នកជំនាញជាន់ខ្ពស់ផ្នែកកីឡា ព្រមទាំងថ្នាក់ដឹកនាំកីឡាទាំងអស់ គឺស៊ីហ្គេម ជាប្រវត្តិសាស្ត្រ របស់កម្ពុជាយើង នឹងទទួលបានជោគជ័យអស្ចារ្យ ជាមិនខាន»៕