
លោក វ៉ាត់ ចំរើន ពេលថ្លែង នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការ CAMSOC។ សហការី
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) បានបើកកិច្ចប្រជុំប្រចាំសប្តាហ៍ កាលពីថ្ងៃអង្គារ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលបានលម្អិតបន្ថែម នូវចំណុចសំខាន់ចំនួន ៣ គឺទី១ ផ្តោតទៅលើពិធីសម្ពោធពហុកីឡដ្ឋានជាតិមរតកតេជោ ទី២ ពិធីរាប់ថយក្រោយចំនួន ៥០០ ថ្ងៃ ដើម្បីឆ្ពោះទៅស៊ីហ្គេមលើកទី៣២ និងទី៣ បើកយុទ្ធនាការផ្សព្វផ្សាយ ពីដំណើរប្រតិបត្តិការសកម្មភាពឆ្ពោះទៅស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ឱ្យបានទូលំទូលាយដល់មហាជនទូទាំងប្រទេស។
លោក វ៉ាត ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់សម្ភាស ក្រោយកិចប្រជុំ ដល់ប្រព័ន្ធផ្សព្វផ្សាយថា៖ «ពិធីសម្ពោធពហុកីឡដ្ឋានមរតកតេជោ ខាងមុខនេះ មានសារៈសំខាន់ណាស់ ព្រោះយើងត្រូវរៀបចំលម្អិត ដោយសម្តែងឱ្យឃើញពីសកម្មភាពកីឡាជាច្រើនប្រភេទ និងសម្តែងសិល្បៈ ដើម្បីឱ្យស័ក្តិសម ទៅនឹងតម្លៃមិត្តភាពដែកថែបរបស់កម្ពុជា-ចិន និងតម្លៃនៃរចនាសម្ព័នសាងសង់ពហុកីឡដ្ឋានទំនើប ជាប្រវត្តិសាស្ត្រ នៃមិត្តភាពដែកថែបកម្ពុជា និងចិន»។
លោកបន្ថែមថា៖ «ពិធីនេះ យើងនឹងរៀបចំបណ្តើរៗ ទៅតាមផែនការជាការព្រាងសិន ព្រោះពេលវេលា នៅសល់តិចណាស់។ បន្ទាប់មកយើងត្រូវរង់ចាំការសម្រេច ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាក្រោយ ដើម្បីសម្ពោធពហុកីឡដ្ឋានដ៏អស្ចារ្យ ដែលចំណាយអស់ថវិកាជាច្រើននោះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ហើយពិធីសម្ពោធនេះ គ្រោងធ្វើឡើងនៅចុងខែធ្នូ ឆ្នាំ ២០២១ ដោយមានការចូលរួមពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងភាគីនៃប្រទេសប្រជាមានិតចិន»។
ចំណែក ពិធីការរាប់ថយក្រោយ ៥០០ ថ្ងៃ លោក វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា ជាការបង្ហាញពីការខិតជិតមកដល់ នូវព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម ២០២៣ ដោយមានរបៀបវារៈលម្អិតផង និងពន្លឿនផង ខណៈដែលអត្តពលិក និងមន្ត្រីកីឡា ព្រមទាំងថ្នាក់ដឹកនាំ ត្រូវចូលហាត់សមឱ្យបានមុន ជាបណ្តើរៗសិន។
ចំពោះការបើកយុទ្ធនាការជាតិ ផ្សព្វផ្សាយទូទាំងប្រទេស ក្នុងការជំរុញផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា គណៈកម្មការជំនាញផ្សព្វផ្សាយព័ត៌មាន ត្រូវមានយុទ្ធនាការបញ្ជ្រាបដល់មូលដ្ឋានខេត្ត ដើម្បីឱ្យប្រជាពលរដ្ឋបានដឹង។
អ្នកជំនាញកីឡា លោក វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែមថា៖ «កិច្ចប្រជុំព្រឹកថ្ងៃអង្គារនេះ គឺយើងពន្លឿន និងលម្អិត ពីកម្មវិធីទាំង៣ចំណុចខាងលើឡើងវិញ ដោយចាប់ផ្តើមធ្វើបណ្តើរៗ ដើម្បីដាក់ជូនទៅសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC អនុម័ត នៅសប្តាហ៍ក្រោយក្នុងការប្រតិបត្តិការ ទាន់ពេលវេលា»៕