
ធន់ អៀនឡៃ នឹងត្រូវប្រកួតជាមួយ អេលីត ចំរើន ថ្ងៃអាទិត្យនេះ ដើម្បីរកឈ្នះ ឡើងទៅប្រកួត នៅវគ្គផ្តាច់ព្រ័ត្រ។ រូបថត សហការី
ភ្នំពេញ៖ អ្នកប្រដាល់លំដាប់ល្បី ធន់ អៀនឡៃ និង អេលីត ចំរើន នឹងត្រូវប្រកួតគ្នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅលើសង្វៀន PNN ថ្ងៃអាទិត្យ ខាងមុខនេះ រកអ្នកឈ្នះ ឡើងទៅជួប បឺត សង្ឃឹម នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីវ៉ៃដណ្តើមយកខ្សែក្រវាត់ និងប្រាក់រង្វាន់ចំនួន ១ ម៉ឺនដុល្លារអាមេរិក។
យ៉ាងណាក៏ដោយ ទាំង ធន់ អៀនឡៃ របស់សមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ និង អេលីត ចំរើន មកពីក្លិបនាយកដ្ឋានអង្គរក្ស ដែលបានឡើងមកដល់វគ្គជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ សុទ្ធតែឈ្នះដៃគូទាំងចម្រូងចម្រាសដូចគ្នា ព្រោះ ធន់ អៀនឡៃ បានឈ្នះអ៊ូច ធារិទ្ធ ចំណែក អេលីត ចំរើន ឈ្នះ វ៉ាន់ វឿន សុទ្ធតែរងការជេរប្រមាថ និងមានការរិះគន់ពីមហាជនថា ការផ្តល់ពិន្ទុរបស់ចៅក្រមមិនសុក្រឹត ដោយលម្អៀងតាមខ្សែ និងបក្ខពួកជាចម្បង។
ឥឡូវ ធន់ អៀនឡៃ និង អេលីត ចំរើន ត្រូវបានជួបគ្នាដើម្បីប្រជែងយកកៅអីវគ្គផ្តាច់ព្រ័ត្រ ហេតុនេះ មិនដឹងថានឹងមានរឿងអ្វីកើតឡើងទៀតនោះទេ? តែទោះជាយ៉ាងណាប្រសិនបើពួកគេមានពិន្ទុប្រហាក់ប្រហែលគ្នានោះ គឺគេចមិនផុតពីការរិះគន់ឡើយ ប៉ុន្តែបើឈ្នះដាច់ដូច បឺតសង្ឃឹម ឈ្នះលើ ប៊ុន សុធា វិញគឺអស់បញ្ហាហើយ។
លោក ធន់ សុភា គ្រូបង្វឹករបស់ ធន់ អៀនឡៃ បាននិយាយថា៖ «ខ្ញុំមានការព្រួយបារម្ភខ្លាំងដែរព្រោះ ធន់ អៀនឡៃ ចាញ់ប្រៀបផ្នែកកម្ពស់ និងស្នៀតទាត់របស់ អេលីត ចំរើនប៉ុន្តែបើមានឱកាសបានចាប់ឱបឡើងជង្គង់ អៀនឡៃ មានប្រៀបវិញ ហើយស្នៀតកណ្តាប់ដៃក៏ល្អផងដែរ»។
គ្រូបង្វឹករូបនេះ បានបន្ថែមថា៖ «ពួកគេទាំង២នាក់នេះ មិនធ្លាប់ប្រកួតគ្នាសោះប៉ុន្តែពេលនេះជួបគ្នាក្នុងវគ្គសំខាន់ណាស់ព្រោះចាញ់ធ្លាក់ចេញ ហើយឈ្នះបានឡើងហេតុនេះទាំងគ្រូ និងសិស្សសុទ្ធតែព្រួយបារម្ភខ្លាំងដូចគ្នា។ ប្រសិនបើ ធន់ អៀនឡៃ អនុវត្តតាមការណែនាំពីខ្ញុំបាន គឺខ្ញុំមានទំនុកចិត្តឈ្នះ ដល់ទៅ ៧០ ភាគរយ ប៉ុន្តែបើវាធ្វើតាមមិនបានទេ ខ្ញុំគិតថា ពិតជាលំបាកឈ្នះ អេលីត ចំរើន មែន»។
ចំណែក ធន់ អៀនឡៃ បាននិយាយថា៖ «ខ្ញុំពិតជាមិនហ៊ានទស្សន៍ទាយពីជ័យជម្នះមុនប្រកួតទេហើយក៏មិនហ៊ាននិយាយដែរ ប៉ុន្តែធានាវាយសម្រុកអស់ពីសមត្ថភាពមិនឱ្យអ្នកទស្សនាខកចិត្តឡើយ។ ខ្ញុំហាត់បានគ្រប់គ្រាន់ត្រៀមបានល្អ និងធានាវ៉ៃឱ្យអស់ពីលទ្ធភាពតែម្តងព្រោះនេះជាវគ្គសំខាន់ណាស់»។
ចំពោះដៃគូប្រកួតកីឡាករ អេលីត ចំរើន បាននិយាយថា៖ «ខ្ញុំមិនហ៊ានរំពឹងឈ្នះច្រើននោះទេ ព្រោះមិនធ្លាប់ជួបប្រកួតគ្នាឡើយកន្លងមក ហេតុនេះចាំមើលការប្រកួតជាក់ស្តែង ដោយខ្ញុំនឹងប្តូរក្បាច់ទៅតាមជាក់ស្តែង ហើយលទ្ធផលពេលប្រកួតជាមួយ ធន់ អៀនឡៃ ខ្ញុំគិតថាមិនលំបាកពេកនោះទេ»។
ចំណែក លោក ស៊ន អេលីត ជាគ្រូបង្វឹក បាននិយាយថា៖ «ខ្ញុំមានទំនុកចិត្តថាចំរើនឈ្នះព្រោះវាហាត់បានល្អ ហើយស្នៀតទាត់អាចធ្វើឱ្យ ធន់ អៀនឡៃ ចូលមិនចុះនោះឡើយ»។ លោកបានបន្ថែមថា៖ «ការប្រកួតនេះពិតជាលំបាក ប៉ុន្តែខ្ញុំមានជំនឿថា ចំរើន ពិតជាយកឈ្នះបានគឺសង្ឃឹមឈ្នះ ៩០ ភាគរយបានឡើងទៅវគ្គផ្តាច់ព្រ័ត្រជាមួយ បឺត សង្ឃឹម មិនខាន»៕