
បេក្ខភាពទាំង ៤ នាក់ ដែលត្រូវប្រកួតដណ្តើមប្រាក់លាន នៅថ្ងៃអាទិត្យ សប្តាហ៍នេះ។ រូបថត ថោន
ភ្នំពេញ៖ ម្ចាស់ប្រាក់លានសង្វៀនថោនចំនួន ៤ លើកកីឡាករ ថៃ រ៉េត របស់ក្លិបបញ្ជាការដ្ឋានទ័ពពិសេស បានបើកឱកាសឱ្យអ្នកប្រដាល់លំដាប់ខ្លាំង ៣ នាក់ ផ្សេងទៀត ចាប់ឆ្នោតឡើងមកប្រកួតដណ្តើមយកប្រាក់ចំនួន ៣,៤ លានរៀល ពីកម្មវិធីប្រកួតលក្ខណៈម៉ារ៉ាតុងនាថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ។
តាមក្រុមការងារជំរឿនស្ថិតិពីប្រវត្តិប្រកួតរបស់កីឡាករ របស់សង្វៀនថោន បានឱ្យដឹងថាអ្នកប្រដាល់ទាំង ៣ មានកីឡាករ ឡុង សំណាង, រិទ្ធ ប៊ុនម៉ៅ និង សូត្រ ខេវិន មិនធ្លាប់ឈ្នះបានប្រាក់រង្វាន់នេះនៅឡើយទេតែ ថៃ រ៉េត ធ្លាប់ឈ្នះចំនួន ៤ លើកមកហើយកាលនៅទម្ងន់ស្រាល។បន្ថែមពីលើនេះតាមប្រវត្តិប្រកួតរបស់អ្នកទាំង ៤ នាក់នេះ មិនធ្លាប់ជួបប្រកួតគ្នាទេ គឺមានតែឡុង សំណាង ម្នាក់ធ្លាប់ប្រកួតឈ្នះ ថៃ រ៉េត ម្តងកាលពីជាងពីរឆ្នាំមុន តែបន្ទាប់មកមិនធ្លាប់ប្រកួតគ្នាទៀតឡើយ។
ប្រភពពីក្លិបបានបញ្ជាក់ឱ្យដឹងថាកីឡាករ ថៃ រ៉េត មួយរយៈនេះ បានឡើងទម្ងន់រហូតជាង៧០ គីឡូក្រាមហើយកាលពីសប្តាហ៍មុនបានប្រកួតចាញ់សន្លប់ក្រោមស្នាដៃកីឡាករ ឈឿង ល្វៃក្នុងទឹកទី ២។ លោក ឡៅ ស៊ីណាត គ្រូបង្វឹកជំនួយប្រចាំក្លិប បានប្រាប់ថា៖ «កីឡាករ ថៃ រ៉េត ឥឡូវបើវ៉ៃក្នុងទម្ងន់ ៦៥ គីឡូក្រាមបែបនេះក៏មានបញ្ហាលំបាកដែរ ព្រោះត្រូវសម្រកច្រើននាំឱ្យកម្លាំងធ្លាក់ចុះដែរ ប៉ុន្តែទឹកចិត្តប្រកួតនៅតែល្អជានិច្ច»។
អតីតកីឡាករជើងខ្លាំង ឡៅ ស៊ីណាត បានបន្ថែមថា៖«ទោះចាប់ឆ្នោតប៉ះ ឡុង សំណាងក្តី ជួប សូត្រ ខេវិន ក្តីនិងប៉ះជាមួយ រិទ្ធ ប៊ុនម៉ៅ ក្តី គឺលំបាកឈ្នះណាស់ព្រោះ ៣ នាក់នោះជាកីឡាករលំដាប់ជើងចាស់ជាងមានបទពិដោធប្រកួតយូរជាងហើយកម្លាំងរបស់គេក៏នៅល្អផងដែរ ហេតុនេះជសម្រាប់ ថៃ រ៉េត រំពឹងឈ្នះត្រឹម ៦០ ភាគរយប៉ុណ្ណោះ ដែលបញ្ហាស្ថិតនៅត្រង់សម្រកទម្ងន់ច្រើនពេក»។
បើនិយាយពីបទពិសោធប្រកួតនៅលើសង្វៀនវិញ សូត្រ ខេវិន ប្រកួតបានច្រើនជាងគេគឺបាន ៩៧ ដង ឈ្នះ ៦១ ចាញ់ ៣២ ស្មើ ៤ ដង ក្នុងនោះផ្តួលដៃគូឱ្យសន្លប់បាន ២០ ដង ហើយអ្នកបន្ទាប់គឺ ឡុង សំណាង ប្រកួតបាន ៨២ ដង ឈ្នះ ៦៥ ចាញ់ ១៥ ស្មើ ២ ដង (ផ្តួលដៃគូឱ្យសន្លប់បាន ១៧) ចំណែក រិទ្ធ ប៊ុនម៉ៅ ប្រកួតបាន ៦០ ដងឈ្នះ ៤៧ ចាញ់ ១១ស្មើ ២ ដង ហើយ ថៃ រ៉េត ប្រកួតបាន ៥២ ដង ឈ្នះ ៤១ ចាញ់ ៩ និងស្មើ២ ដង។
លោក ឡុង សាលវ័ន្ត គ្រូបង្វឹក ឡុង សំណាង បាននិយាយថា៖ «ឡុង សំណាង មានប្រៀបជាងដោយមានប្រវត្តិឈ្នះ ថៃ រ៉េត ម្តងហើយ ហើយក្នុងទម្ងន់ ៦៥ គីឡូក្រាមនេះ មិនសម្រកគីឡូទេគឺទម្ងន់វ៉ៃបានតែម្តង ហេតុនេះខ្ញុំសង្ឃឹមឈ្នះ ៨០ ភាគរយ»។
ចំណែក លោកធីណារិទ្ធគ្រូបង្វឹករិទ្ធប៊ុនម៉ៅ បាននិយាយថា៖ «ខ្ញុំសង្ឃឹមឈ្នះតែ៥០ភាគរយប៉ុណ្ណោះព្រោះឧបសគ្គនៅចំពោះមុខមានកីឡាករ ថៃ រ៉េត និង ឡុង សំណាង ខណៈ សូត្រ ខេវិន ក៏មិនអាចមើលរំលងបានដែរ។ ជាមួយ ៣នាក់នេះ គឺពិតជាលំបាកប្រកួតណាស់»។
ជាមួយគ្នានេះ លោក សួន ប៊ុនសូត្រ គ្រូបង្វឹក សូត្រ ខេវិន និយាយថា៖ «សម្រាប់ខ្ញុំគិតថាកីឡាករបីនាក់ដែលត្រូវចាប់ឆ្នោតប្រកួតគ្នានេះមានតែ ឡុង សំណាង ម្នាក់ទេ ដែលពិបាកឈ្នះ ហេតុនេះប្រសិនបើគេចផុតពី ឡុង សំណាង បាន ធានាឈ្នះតែម្តង។ យ៉ាងណាក៏ដោយ ខ្ញុំសង្ឃឹមឈ្នះ ៨០ ភាគរយបានប្រាក់រង្វាន់ពីកម្មវិធីនេះ»។
ចំណែកលោក ជួប វុត្ថា អ្នកផ្គូផ្គងការប្រកួតប្រចាំសង្វៀនថោន បានប្រាប់ថា៖ «នៅក្នុងចំណោមអ្នកទាំង ៤ រូបនេះ ពិតជាលំបាកទស្សន៍ទាយ ឬព្យាករណាស់ ព្រោះការវិវត្តរបស់កីឡាករមានការផ្លាស់ប្តូរទៅតាមពេលវេលា ហើយតាមការខមិនក្នុងផេកគេមានទំនុកចិត្តលើកីឡាករ ឡុង សំណាង និង ថៃ រ៉េត ច្រើនជាង ប៉ុន្តែគេទំនងមើលរំលង រិទ្ធ ប៊ុនម៉ៅ និង សូត្រ ខេវិន ដែលកំពុងតែឡើងខ្លាំង។ ខ្ញុំមើលឃើញថា ថៃ រ៉េត អាចឈ្នះបាន បើផ្តួលដៃគូឱ្យសន្លប់ប៉ុន្តែបើការប្រកួតអូសបន្លាយយូរគឺ ឡុង សំណាង ឬ សូត្រ ខេវិន យកហើយ»៕