
ពិធីបំពាក់មេដាយដល់ក្រុមអត្តពលិកបញ្ញាខ្សោយ ក្រោយការប្រកួត នាពេលកន្លងមក។ រូប សហការី
<ភ្នំពេញ៖ បន្ទាប់ពីគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានធ្វើសកម្មភាព និងង្កើតបាននូវអនុគណៈកម្មាធិការស្ប៉េស្យាល់ចំនួន ១៤ ខេត្ត មានខេត្តសៀមរាបកំពង់ធំ បាត់ដំបង បន្ទាយមានជ័យ ស្វាយរៀង តាកែវ ព្រះសីហនុ កំពត កណ្តាល ព្រៃវែង កំពង់ស្ពឺ កំពង់ចាម ព្រះវិហារ ខេត្តកំពង់ធំ និងនៅរាជធានីភ្នំពេញផងនោះ គឺនៅចុងឆ្នាំ ២០២១នេះ ពួកគេ នឹងចាប់ផ្តើមបន្តផែនការរៀបចំការប្រកួតថ្នាក់ខេត្តមួយចំនួនបន្តទៀត ដើម្បីបញ្ចប់គម្រោងប្រចាំឆ្នាំ ខណៈដែលជំងឺកូវីដ ១៩ ត្រូវបានថយចុះ ហើយក្រសួងជំនាញ ក៏បានអនុញ្ញាតឱ្យរៀបចំ ជាគោលការណ៍។
លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «យុទ្ធនាការនេះ បានចាប់ផ្តើមឡើងវិញ ក្រោយមានការអនុញ្ញាតពីក្រសួងជំនាញ ហើយកាលពីថ្ងៃទី ១៤ និងទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ បានចាប់ផ្តើមនៅខេត្តសៀមរាប និងកំពង់ធំ ដែលពិធីអប់រំបណ្តុះបណ្តាល និងប្រកួតធ្វើរួមគ្នា នៅខេត្តកំពង់ធំតែមួយកន្លែងប៉ុណ្ណោះ»។
លោកបានបន្តថា៖ «ឥឡូវខ្ញុំកំពុងធ្វើដំណើរបន្តទៅរៀបចំការប្រកួត នៅខេត្តចំនួនពីរទៀតមាន ព្រៃវែង និងខេត្តស្វាយរៀង ដែលធ្វើនៅថ្ងៃទី ២១ និងទី២២ ខែវិច្ឆិកា ឆ្នាំ ២០២១ រួមបញ្ចូលគ្នាតែម្តង ហើយបន្ទាប់ពីនេះ បេសកកម្មរបស់គណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកកម្ពុជា នឹងបន្តទៅខេត្តកំពត និងខេត្តកំពង់ស្ពឺ ដែលជាខេត្តចុងក្រោយ ប្រចាំឆ្នាំ២០២១»។
មន្រ្តីកីឡារូបនេះ បានបន្ថែមថា បន្ទាប់ពីបញ្ជប់បេសកកម្មនេះ គឺនៅថ្ងៃទី ៤ និងទី ៥ ខែធ្នូ ឆ្នាំ ២០២១ ទើបធ្វើជើងឯកថ្នាក់ជាតិរបស់គណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកកម្ពុជារួមតែម្តង ដោយប្រមូលអត្តពលិកគ្រប់ខេត្ត ដែលមានអនុគណៈកម្មការជាប្រចាំ ដើម្បីសរុបជាព្រឹត្តិការធំតែម្តង។

«គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានយកចិត្តទុកដាក់ ក្នុងការពង្រឹង និងពង្រីក ចលនាកីឡាជនបញ្ញាខ្សោយ នៅតាមបណ្តាខេត្តនានា មកដល់ពេលនេះ ឃើញថាបានបង្កើតអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិករាជធានី ខេត្តចំនួន ១៤ រួចហើយ ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍចលនាស្ប៉េស្យាល់អន្តរជាតិ ក៏ដូចជាចលនាស្ប៉េស្យាល់អូឡាំពិកកម្ពុជា មានការហ្វឹកហាត់ពេញមួយឆ្នាំ និងចូលរួមរាល់សកម្មភាពទាំងថ្នាក់រាជធានី ខេត្ត ថ្នាក់ជាតិ និងអន្តរជាតិ គឺជាសកម្មភាពជួយជនបញ្ញាខ្សោយ ក៍ដូចរួមចំណែកជួយសង្គមផងដែរ»។ លោក ឃ្លាំង ចន្ធូ បានបញ្ជាក់។
ចំណែកលោក ចាប រតនា មន្ត្រីសម្របសម្រួល និងគ្រប់គ្រងកម្មវិធី បានឱ្យដឹងថាលទ្ធផលនៃការរៀបចំរវាង ខេត្តសៀមរាប និង កំពង់ធំ ទទួលបានលទ្ធផលល្អ ក្នុងនោះមានប្រតិភូកីឡាប្រមាណជាង ១០០ នាក់ មកពីបីស្រុក និងខេត្តសៀមរាប ដោយមានការរៀបចំពីសំណាក់អនុគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកខេត្តកំពង់ធំ និងខេត្តសៀមរាប សហការគ្នា។
លោកបានបន្ថែមថា៖ «សម្រាប់ការរៀបចំ នៅខេត្តព្រៃវែង និងស្វាយរៀង នេះ គឺមានអត្តពលិកជាកីឡាបញ្ញាខ្សោយចំនួន ៧០ នាក់ មកទទួលសេវា ព្រមទាំងទទួលបានឱកាសបានចូលរួមប្រកួតនូវវិញ្ញាសាបាល់ទាត់, បោះប៊ូល និងអត្តពលកម្ម ជាលក្ខណៈអប់រំបណ្តុះបណ្តាលនិងបង្កើនផ្លូវបញ្ញាស្មារតី»៕