ភ្នំពេញ៖ អ្នក​លេងស្នៀត​ជើង អេលីត​ ចំរើន ត្រូវបាន​ចៅ​ក្រម​ទាំង ៥ នាក់ ផ្តល់​ពិន្ទុ​ឱ្យ​​ឈ្នះ​លើ​ ​ធន់ ​អៀន​ឡៃ​ ដាច់ គឺ ​៥​-​០ ក្រោយ​ការ​ប្រ​កួត​គ្នា​យ៉ាង​ស្រួច​ស្រាវ​ ចំនួន ​៥ ទឹក បាន​បញ្ចប់ នៅ​លើ​សង្វៀន PNN កាល​ពី​រសៀល​ថ្ងៃអាទិត្យ​ ហើយ​លទ្ធផលនេះ បាន​បើក​ឱកាស​ឱ្យ ​អេលីត ​ចំរើន បាន​ឡើង​ទៅ​​ជួប ​បឺត ​សង្ឃឹម នៅវគ្គ​ផ្តាច់​ព្រ័ត្រ ​ដើម្បី​ដណ្តើម​យក​ខ្សេ​ក្រវាត់ ​​អម​ដោយ​ទឹក​ប្រាក់ ១ ម៉ឺន​ដុល្លារ​​។

ជា​មួយ​នឹង​លទ្ធផល​នេះ ​អ្នក​ទស្សនា​ខ្លះ ​ដែល​និយម​ចូល​ចិត្ត​ខាង​កីឡាករ ​ធន់ ​អៀន​ឡៃ​ក៏​មិន​អស់​ចិត្ត ​ខណៈ​ដែល​សាច់​ប្រ​កួត ​មាន​ផ្លែ​ប្តូរ​គ្នា​ទៅ​វិញ​ទៅ​មក ​ក្នុង​លក្ខណៈ​ស្វិត​ស្វាញ ហើយ អេលីត ចំរើន បាន​សារភាព​ថា៖ ​«​ការ​ប្រកួតនេះ ​ពិត​ជា​តឹង​តែង​ណាស់​ ​ព្រោះ​ ធន់ ​អៀង​ឡៃ​ ចេញ​ស្នៀត​ខាង​លើ​ច្រើន​ ហើយ​ខ្ញុំ​វាយ​តាម​លក្ខណៈ​ប្រយ័ត្ន​ប្រយែង​បំផុត ​ព្រោះ​មាន​បំណង​ឈ្នះ​ត្រឹម​ពិន្ទុ​ ហេតុ​នេះ ខ្ញុំ​​មិន​សម្រុក​ខ្លាំង​ទេ ​ខ្លាច​ភ្លាត់​ស្នៀត​។​

​យ៉ាង​ណា​មិញ នៅពេល​សួរ​ពីការ​ឡើង​ទៅជួប បឺត សង្ឃឹម នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ កីឡាករ ​អេលីត ​ចំរើន ​​​បាននិយាយ​​​ថា​៖​ «ការ​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ​ក៏​មិន​មែន​ងាយ​ស្រួល​នោះ​ទេ​ ​ព្រោះ​ បឺត​ សង្ឃឹម ​លំបាក​ប្រ​កួត​ណាស់​ គឺ​ជើង​ចាស់ ​ដែល​សម្បូរ​បច្ចេកទេស​ល្អ​ៗ ​ហើយ​រឹង​មាំ​ ហេតុ​នេះ​​ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ ខ្ញុំ​រំពឹង​ត្រឹម ​៥០ ​ភាគ​រយ​ប៉ុណ្ណោះ​»។​

ចំណែក ​បឺត ​សង្ឃឹម ​​នៅ​ពេលដឹង​ថា ​​អេលីត ​ចំរើន ត្រូវ​ឡើង​​ទៅ​ជួបខ្លួន ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នោះ ​បាន​និយាយ​ថា​៖ «​វត្តមាន​របស់​ អេលីត​ ចំរើន​ ខ្ញុំ​ពិត​ជា​ព្រួយ​បារម្ភ​ខ្លាំង​ ​ព្រោះ​គាត់​ខ្លាំង ​ពិត​ជា​លំបាក​ទប់​ទល់​មែន​។​ តែ​ទោះបីជាយ៉ាង​ណា​ក្តី ​ខ្ញុំ​ខំ​ហ្វឹក​ហាត់ ​ដើម្បី​យក​ឈ្នះ​ឱ្យ​​បាន ​ប៉ុន្តែ​សង្ឃឹម​ឈ្នះ​ត្រឹម ​៥០ ​ភាគ​រយ​ប៉ុណ្ណោះ​ នៅ​ពេល​ផ្តាច់​ព្រ័ត្រ»​។​

ចំណែក កីឡាករ ​ធន់ ​អៀន​ឡៃ ហាក់មិន​អស់​ចិត្ត នឹងការ​ចាញ់​ អេលីត ចំរើន នេះ​ទេ។ អៀនឡៃ ​និយាយ​​ក្រោយ​ប្រ​កាស​លទ្ធផល​ថា​៖ «ខ្ញុំ​​ចាញ់​ មិន​អស់​ចិត្ត​ទេ ​ប៉ុន្តែ​ធ្វើ​ម៉េច​បើ​ចៅ​ក្រម ​ផ្តល់​ពិន្ទុ​ឱ្យ​​ចាញ់​​បែបនេះ។​ ​លទ្ធផល​នេះ ​គឺ​ដូច​ខ្ញុំ​គិត​ពី​ដំបូង​អ៊ីចឹង​ថា ​បើ​ខ្ញុំ​វ៉ៃ​គេ​មិន​សន្លប់​ទេ ​គ្មាន​ឱកាស​ឈ្នះ​នោះ​ទេ​ ​ព្រោះ​គេ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​មាស ​នៅ​សង្វៀន​នេះ​ស្រាប់​»។​

លោក​ ធន់ សុភា គ្រូ​បង្វឹក​របស់​កីឡាករ​ ធន់​ អៀន​ឡៃ​ មិន​អាច​សុំការ​​ពន្យល់​ពី​លទ្ធផល​ចាញ់​​សិស្ស​របស់​ខ្លួន​បាន​ទេ ​ដោយ​លោកបាន​​បញ្ជាក់​យ៉ាង​ខ្លី​ថា​ លោក​សុំ​មិន​និយាយ​ កុំ​ឱ្យ​​គេ​រិះ​គន់​យើង​៕​