
លោក នូ ចំរើន (អាវស) ពេលថ្លែងទៅកាន់សិក្ខាកាម ក្នុងថ្ងៃបើកវគ្គ។ រូបថត សហការី
ភ្នំពេញៈ សហព័ន្ធខ្មែរកីឡាទោចក្រយាន បានរៀបចំវគ្គបណ្តុះបណ្តាល «គ្រូបង្វឹកកីឡាទោចក្រយាន កម្រិត ១» ដើម្បីពង្រឹងសមត្ថភាពគុណភាព ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ ២០២៣ ហើយវគ្គនេះជាកម្មវិធីប្រចាំឆ្នាំ ២០២១ ដែលទ្រទ្រង់ថវិកាពីក្រសួងអប់រំ ដោយចាប់ផ្តើមពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បាននិយាយ ក្នុងថ្ងៃបើកវគ្គថា៖ «វគ្គនេះ ជាវគ្គដ៏សំខាន់ ដើម្បីជួយពង្រឹងសមត្ថភាពគុណភាពចំណេះដឹងរបស់គ្រូបង្វឹកកីឡាប្រណាំងកង់ឱ្យកាន់តែរឹងមាំទៀត ដែលជាកម្មវិធីប្រចាំឆ្នាំរបស់សហព័ន្ធ គាំទ្រដោយក្រសួងអប់រំ យុវជន និងកិឡា»។
វគ្គសិក្សានេះ សិក្សាតាមរបៀបរបបបច្ចេកទេសស្តង់ដាអន្តរជាតិ របស់សហព័ន្ធកីឡាទោចក្រយានអន្តរជាតិ (UCI) ក្នុងនោះផ្តោតសំខាន់លើមេរៀនគន្លឹះ ចំនួន ១០ មេរៀន ពីគ្រូឧទ្ទេស និងជា ការចែករំលែកអំពីសារធាតុហាមឃាត់ក្នុងវិស័យកីឡា (ដូពីង ឬដូប៉ា) ដូចជាគ្រឿងស្រវឹង សារធាតុប៉ូវកម្លាំង ឬសារធាតុញៀនដទៃជាដើម។
ចំពោះសិក្ខាកាម មានមកពីរាជធានីភ្នំពេញ និងខេត្តចំនួន ៨ ខណៈគ្រូឧទ្ទេសម្នាក់ឈ្មោះ Frank zgosnik គឺផ្តោតលើបច្ចេកទេសសម្រួចគោលដៅ ត្រៀមសម្រាប់ស៊ីហ្គេម ឆ្នាំ ២០២៣ ហើយ សិក្ខាកាម ដែលបានបញ្ចប់វគ្គនេះ និងត្រូវបន្តទៅវគ្គទី២ នាឆ្នាំ ២០២២។ បន្ថែមលើនេះ អ្នកដែលអាចប្រឡងជាប់វគ្គទី៣ នឹងត្រូវបន្តការសិក្សានៅប្រទេសស្វ៊ីស នាចុងឆ្នាំ ២០២២។
លោក នូ ចំរើន បន្ថែមថា៖ «សហព័ន្ធ សហការជាមួយសម្ព័ន្ធកីឡាប្រណាំងទោចក្រយានអន្តរជាតិ រៀបចំជាវគ្គសិក្សារបៀបនេះ ហើយសម្រាប់វគ្គសិក្សាអន្តរជាតិ កម្រិត ៣ សហព័ន្ធបានស្នើសុំ UCI បញ្ជូនសិក្ខាកាម ទៅសិក្សារយៈពេល ៣ ខែ នៅប្រទេសស្វ៊ីសតែម្តង ប៉ុន្តែសិក្ខាកាម ត្រូវប្រឡងឱ្យជាប់ តាមកម្រិតនីមួយៗ ដើម្បីទទួលស្គាល់ពី UCI សិន ហេតុនេះបើពួកគាត់មិនប្រឹងប្រែង ឬប្រឡងធ្លាក់ មិនអាចជួយបានទេ»។
«អ្វីដែលពិសេស គឺកម្ពុជាទើបទទួលបានសិទ្ធិជាផ្លូវការ ពីមហាសន្និបាត ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី កាលពីថ្ងៃទី ២១ ខែវិច្ឆិកា នៅទីក្រុងឌូបៃប្រទេសអារ៉ាប់រួម ក្នុងការរៀបចំទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី (ASIAN Youth Games) ឆ្នាំ ២០២៩ ហេតុនេះសម្រាប់ប្រភេទកីឡាកង់ យើងនឹងជំរុញអត្តពលិកជាយុវជនអាយុក្រោម ១៨ ឆ្នាំចុះ គឺធ្វើយ៉ាងណាឱ្យកីឡាទោចក្រយាន មានភាពលេចធ្លោ និងទទួលបានជយលាភីល្អ ក្នុងព្រឹត្តិការណ៍យុវជនអាស៊ីនេះ»។ លោក ចំរើន បញ្ជាក់។
ទាក់ទងបញ្ហានឹងសហព័ន្ធខ្មែរកីឡាទោចក្រយាន នេះដែរ លោកស្រី ប៉ែន ស្រីមុំ ប្រធានសមាគមកីឡាប្រណាំងកង់កម្ពុជា ដែលមានទីស្នាក់ការនៅកម្ពុជាផង និងនៅប្រទេសបារាំង ផងនោះ បញ្ជាក់ថា សមាគមគ្រោងនឹងបិទ ដោយសារលោក នូ ចំរើន ជាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បង្កការលំបាក និងរារាំង ព្រមទាំងមានចេតនាធ្វើឱ្យសមាគមប្រណាំងកង់កម្ពុជា មានភាពលំបាកគ្រប់សកម្មភាព ហើយលោកស្រីត្រៀមបកអាក្រាតរឿងមិនប្រក្រតីទាំងនេះ នៅដំណាច់ឆ្នាំនេះ។
ឆ្លើយតបទៅនឹងបញ្ហានេះ លោក នូ ចំរើន បានពន្យល់បកស្រាយថា ចំពោះសមាគមប្រណាំងកង់របស់លោកស្រី ប៉ែន ស្រីមុំ គឺយើងអត់មានបិទទេ គ្រាន់តែមិនបន្តសុពលភាពជូនគាត់ទៀត។ ប៉ុន្តែឆ្នាំ ២០២១ នេះ គាត់អាចប្រកួតបានរហូតដល់ដាច់ឆ្នាំ ហើយឆ្នាំក្រោយ ២០២២ សហព័ន្ធមិនចុះឈ្មោះបន្តទៀតនោះទេ៕