
ឡុង សំណាង ពេលឡើងទទួលប្រាក់រង្វាន់ ខណៈ ថៃ រ៉េត មានគេឡើងយកជំនួស។ រូប ថោន
ភ្នំពេញៈ អ្នកប្រដាល់ជើងខ្លាំង ឡុង សំណាង របស់ក្លិបសាលវ័ន្តកីឡា បានឈ្នះប្រាក់លានប្រចាំសប្តាហ៍ នៅសង្វៀនថោនជាលើកដំបូង បន្ទាប់ពីរូបគេបានប្រកួតយកឈ្នះពិន្ទុលើកីឡាករ រិទ្ធ ប៊ុនម៉ៅ ក្នុងវគ្គជម្រុះ រួចបានបន្តទៅផ្តួលជើងខ្លាំង ថៃ រ៉េត ឱ្យខូចជើង និងចុះចាញ់ត្រឹមទឹកទី១ គួរឱ្យចម្លែក នៅវគ្គផ្តាច់ព្រ័ត្រនោះ។
សម្រាប់ការក្រសោបបានប្រាក់រង្វាន់លេខ ១ ចំនួន ៣,៤ លានរៀល ជាលើកដំបូងនេះ កីឡាករ ឡុង សំណាង បាននិយាយក្រោយការប្រកួតថា៖ «ខ្ញុំធ្លាប់ចូលរួមការប្រកួតក្នុងកម្មវិធីដណ្តើមប្រាក់លាននេះ ច្រើនលើកដែរ ប៉ុន្តែប៉ះជើងខ្លាំងក៏ច្រើន ហើយមិនធ្លាប់ទទួលបានប្រាក់រង្វាន់នេះទេ គឺទើបតែលើកនេះ ជាលើកទី១ របស់ខ្ញុំ»។
តាមពិត ឡុង សំណាង ធ្លាប់បានប្រកួតឈ្នះ ថៃ រ៉េត ចំនួន ២ លើកហើយ ប៉ុន្តែវត្តមានប្រកួតក្នុងទម្ងន់ធ្ងន់ជាងមុនៗគឺ ៦៥ គីឡូក្រាមនេះ ថៃ រ៉េត មានការធ្លាក់ចុះជាងមុនខ្លាំងណាស់ ពោលគឺ ២ ប្រកួតចុងក្រោយនេះ ទទួលបានលទ្ធផលចាញ់ ដោយសន្លប់យ៉ាងគ្រាំគ្រា មិនបានឆ្លងរួចផុតទឹកទី២ នោះឡើយ។
ជាមួយគ្នានេះ ការចាញ់ ឡុង សំណាង យ៉ាងផុយស្រួយរបស់កីឡាករ ថៃ រ៉េត ត្រឹមទឹកទី១ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ កន្លងមកនេះ បានធ្វើឱ្យអ្នកទស្សនាសម្តែងការឆ្ងល់ និងហួសចិត្ត មិនគួរឱ្យជឿ ប៉ុន្តែវាជាការពិត ហើយ ថៃ រ៉េត ក៏មានចិត្តចង់ជម្រះបញ្ជីជាមួយ ឡុង សំណាង ម្តងទៀតផងដែរ។
កីឡាករ ថៃ រ៉េត បានលាតត្រដាងពី មូលហេតុនៃការចាញ់យ៉ាងលឿននេះថា៖ «ខ្ញុំបានរងរបួសជើង តាំងពីប្រកួតវគ្គជម្រុះជាមួយកីឡាករ សូត្រ ខេវិន ប៉ុន្តែខ្ញុំនៅតែព្យាយាមខំប្រឹងប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ។ ទោះយ៉ាងណា នៅពេលគេទាត់ត្រូវរបួសចាស់ គឺមិនអាចបន្តការប្រកួតទៀតបាននោះឡើយ»។
កីឡាករជំនាញប្រើកណ្តាប់ដៃ ថៃ រ៉េត ដែលធ្លាប់ឈ្នះប្រាក់លាន នៅលើសង្វៀនថោននេះ ទាល់តែ ៤ លើកនោះ បានបន្ថែមថា៖ «ខ្ញុំចាញ់ ឡុង សំណាង ២ លើកមែន ប៉ុន្តែនៅតែមិនទាន់អស់ចិត្ត ហើយខ្ញុំបានសុំទៅគណៈកម្មការផ្គូផ្គង ប្រកួតសងសឹកម្តងទៀត នៅក្នុងកម្មវិធីម៉ាសហ្វៃ ដែលប្រកួតគ្នាតែមួយទឹក មានរយៈពេលចំនួន ៩ នាទីម្តងទៀត ដើម្បីដណ្តើមជ័យជម្នះមកវិញឱ្យបាន»។
ទាក់ទងទៅនឹងសំណើសុំប្រកួតឡើងសងសឹកគ្នា ក្នុងកម្មវិធីម៉ាសហ្វៃ វិញនេះ លោក ជួប វុត្ថា អ្នកផ្គូផ្គងកីឡាករប្រចាំសង្វៀនថោន បានប្រាប់ថា តាមការស្នើសុំរបស់កីឡាករ ថៃ រ៉េត ដែលចាញ់ ឡុង សំណាង មិនអស់ចិត្តនោះ គឺយើងនឹងដាក់អ្នកទាំងនេះ ឱ្យប្រកួតគ្នា នៅចុងខែធ្នូ ឆ្នាំ ២០២១ ខាងមុខ ក្នុងកម្មវិធីប្រកួត ម៉ាសហ្វៃ តាមការស្នើសុំតែម្តង៕