ភ្នំពេញៈ ព្រឹត្តិការណ៍​កីឡា​ប្រចាំឆ្នាំ ទិវា​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ លើក​ទី​២៦ ឆ្នាំ ​២០២០ ដែល​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បានប្រកាសថា នឹងធ្វើ​នៅ​ថ្ងៃទី​ ១៩ ខែ ធ្នូ ឆ្នាំ ​២០២១ ​នោះ គឺ​ត្រូវបាន​លើក​ពេល​ជាថ្មីទៀត ដោយ​ធ្វើ​នៅ​ថ្ងៃទី ​២ ខែ មករា ឆ្នាំ​ ២០២២​ វិញ ហើយ​បាន​កែសម្រួល​នូវ​លក្ខខណ្ឌ​ជាថ្មី ដើម្បី​ការពារ​ជំងឺឆ្លង​កូ​វីដ​ ១៩​ ឱ្យមាន​សុវត្ថិ​ភាពល្អ តាម​មការ​ណែនាំ​របស់​ក្រសួង​ជំនាញ​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខា​ធិ​ការ NOCC និង​ជា​អ្នកគ្រប់គ្រង​កម្មវិធី​ដ៏​សំខាន់​មួយ​នេះ បានប្រាប់ថា ព្រឹត្តិការណ៍​នេះ ធ្លាប់មាន​អ្នកចូលរួម​ជាង​ ១​ ម៉ឺន​នាក់ មកពី​ច្រើន​ប្រទេស នៅលើ​ពិភព​លោក ប៉ុន្តែ​លើក​នេះ ត្រូវបាន​កំណត់​ចំនួន​អ្នកចូលរួម​ត្រឹម ២ ៥០០​ នាក់​ប៉ុណ្ណោះ ដោយ​ផ្តល់​អាទិភាព​ឱ្យ​អ្នកចូលរួម​បានតែ​ជនជាតិខ្មែរ និង​ជនបរទេស ដែល​កំពុងស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះ​។​

​លោក​បាន​បន្ថែមថា​៖ «​កម្មវិធី​នេះ មាន​ផ្នែក​មួយចំនួន ត្រូវបាន​កាត់បន្ថយ ដូចជា​កម្មវិធី​ជប់លៀង កម្មវិធី​ជួបជុំគ្នា រួម​ជា​មួយ​នឹង​កម្មវិធី​មិនចាំបាច់​នានា​មួយចំនួនទៀត ដូចជា​ការជួបជុំ​សម្តែង​បដិសណ្ឋារកិច្ច ពិធី​សិល្បៈ​សប្បាយៗជាដើម​។ បន្ថែម​ពីលើ​នេះ មុននឹង​ប្រកាស​ឱ្យ​ចូលរួម​រត់ប្រណាំង អត្ត​ព​លិ​ក​តម្រូវឱ្យ​ចាក់​វ៉ាក់សាំង​ដូ​ស​មូលដ្ឋា​ន​រួចរាល់ ហើយ​ត្រូវ​ធ្វើតេស្ត មុននឹង​ចូល​ទីលាន រីឯ​ពេល​រត់ប្រណាំង​ត្រូវ​រក្សា​គម្លាត​ពីគ្នា​ឱ្យបាន​ចម្ងាយ ​១,៥០ ​ម៉ែត្រ ដោយ​ត្រូវ​តម្រៀប​ជា​ជួរ​វែងៗ តែ​រត់តាម​ក្រុម​ចម្ងាយ​ផ្លូវ ដែល​បានកំណត់​ជាស្រេច​»​។​

«​បន្ថែម​លើ​នេះ អ្នកចូលរួម គឺ​មុន​ចេញដំណើរ ត្រូវ​ពាក់​ម៉ាស់ រហូត​រត់​បាន​ចម្ងាយ​ ២០០​ ម៉ែត្រ ទើប​អនុញ្ញាតឱ្យ​ដោះ​ម៉ាស់​ចេញ ហើយ​នេះ​ជា​វិធានការ​ម៉ឺង​មា​៉​ត់ ដើម្បី​ការថែទាំ​សុខភាព និង​ប្រព័ន្ធ​រក្សា​សុវត្ថិភាព​ឱ្យបាន​ល្អ​បំផុត ដែល​នាយក​គ្រប់គ្រង កម្មវិធី​ទទួលខុសត្រូវ​ឱ្យបាន​»​។ លោក វ៉ា​ត់ ចំរើន បានបញ្ជាក់​បន្ថែម​។​

​អ្នកជំនាញ​កីឡា លោក វ៉ា​ត់ ចំរើន បាន​រំឭក និង​ដាស់តឿន នៅក្នុង​សេចក្ដីអំពាវនាវ​របស់​គណៈកម្មាធិការ​ម៉ា​រ៉ា​តុង​ថា ដោយសារតែ​ចំនួន​អ្នកចូលរួម ត្រូវបាន​កំណត់​យកតែ ​២ ៥០០​ នាក់​នោះ អ៊ីចឹង​គណៈកម្មការ បានសម្រេច​ផ្ដល់​អាទិភាព​ដល់​កីឡាករ កីឡាការិនី ដែល​បាន​ចុះឈ្មោះ រត់ប្រណាំង កាលពី​ឆ្នាំ ​២០២០ គឺ​នៅមាន​សុពល​ភាព ប៉ុន្តែ​ត្រូវ​មក​ផ្ទៀងផ្ទាត់​ជាថ្មី​ពីថ្ងៃ​ទី ​៤ ដល់​ថ្ងៃទី​ ២២ ខែ វិច្ឆិកា ​២០២១​។ ចំណែក​កីឡាករ​កីឡាការិនី​ចុះឈ្មោះ​ថ្មី សូម​ទំនាក់ទំនង​ចុះឈ្មោះ​ចាប់ពី​ថ្ងៃ​-​ទី​២៣ ខែវិច្ឆិកា ដល់​ថ្ងៃទី​ ១ ធ្នូ ឆ្នាំ​ ២០២១៕

វីដេអូ៖