
សកម្មភាពហ្វឹកហាត់ក្រុមជម្រើសជាតិកីឡាទូកកម្ពុជា នាដងទន្លេនៅតាខ្មៅ។ សហការី
ភ្នំពេញៈ ក្រោយពេលក្រសួងជំនាញអនុញ្ញាតជាគោលការណ៍ឱ្យប្រមូលផ្តុំការហ្វឹកហាត់ឡើងវិញ ជាលក្ខណៈបិទខ្ទប់នោះ កីឡាទូកចំនួន៣ប្រភេទមាន ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង បានចាប់ផ្តើមហ្វឹកហាត់ឡើងវិញ ដោយចាប់យកទីលានចំនួន ២ កន្លែង ដើម្បីពង្រឹងសមត្ថភាព ក្នុងទិសដៅចូលរួមប្រជែងយកមេដាយ នៅក្នុងការប្រកួតស៊ីហ្គេម ទាំង ២ លើក ខាងមុខនេះ ឱ្យបាន។
គ្រូបង្វឹកកីឡាទូក លោក ស្រ៊ុន លាង បានប្រាប់ថា សកម្មភាពបង្វឹករបស់កីឡាករ កីឡាការិនីជម្រើសជាតិ មិនស្ងាត់ទេ គឺកំពុងហ្វឹកហាត់យ៉ាងសកម្ម នៅទីតាំងចំនួន ២ កន្លែង គឺនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងត្រៀមទៅហ្វឹកហាត់បន្ត នៅខេត្តកំពត ក្នុងពេលខាងមុខទៀត ដើម្បីបំប៉នសមត្ថភាពត្រៀមចូលរួមប្រកួតប្រជែង ដណ្តើមមេដាយស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមនា ឆ្នាំ ២០២២ និងស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក ស្រ៊ុន លាង បានបន្ថែមថា៖ «ការហ្វឹកហាត់ត្រៀមរបស់អត្តពលិកកីឡាទូក គឺក្នុងជំរំប្រមូលផ្តុំហ្វឹកហាត់បិទខ្ទប់ តាមផែនការក្រសួងអប់រំ យុវជន និងកីឡា ដោយយើងបានយកទីតាំងចំនួន២កន្លែង គឺនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងកំពុងត្រៀមទៅហ្វឹកហាត់ នៅទីតាំង ១ កន្លែងទៀត ក្នុងខេត្តកំពត។ ការហ្វឹកហាត់នេះ សហព័ន្ធបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយអនុវត្ត តាមគោលការណ៍បច្ចេកទេស និងត្រួតពិនិត្យ ពីគ្រូបង្វឹកជម្រើសជាតិចំនួន៥នាក់ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់»។
អគ្គលេខាធិការរងសហព័ន្ធកីឡាទូក និងរ៉ូអ៊ីងកម្ពុជា លោក ស្រ៊ុន លាង បញ្ជាក់ថា៖ «អត្តពលិកជម្រើសជាតិកីឡាទូកមាន ២៨ នាក់ កំពុងហ្វឹកហាត់បិទខ្ទប់ នូវប្រភេទទូកចំនួន ៣ ប៉ុណ្ណោះ គឺទូកកានូ ទូកកាយ៉ាក់ និង ទូករ៉ូអ៊ីង ខណៈទូកប្រពៃណីខ្នាតអន្តរជាតិ ពុំមានការហ្វឹកហាត់ប្រមូលផ្តុំនោះទេ ព្រោះស៊ីហ្គេម ឆ្នាំ ២០២២ ម្ចាស់ផ្ទះវៀតណាម មិនដាក់បញ្ចូលក្នុងវិញ្ញាសា ឱ្យប្រកួតប្រជែងនោះឡើយ»។
«អត្តពលិកចំនួន ២៨ នាក់ កំពុងទទួលបានការហ្វឹកហាត់ជាលក្ខណៈបិទខ្ទប់ នៅខេត្តកណ្តាលនេះ មានពេលតែមួយរយៈប៉ុណ្ណោះ ហើយបន្ទាប់មក ក្រុមអត្តពលិកទាំងនេះ និងគ្រូបង្វឹក គ្រូជំនួយចំនួន ៥ នាក់ទៀត នឹងត្រូវចេញទៅហ្វឹកហាត់នៅខេត្តកំពតបន្តទៀត ដើម្បីត្រៀមព្រឹត្តិការណ៍ស៊ីហ្គេម នៅវៀតណាម ឆ្នាំ ២០២២ ឱ្យទទួលបានលទ្ធផលល្អ ខណៈដែលភូមិសាស្ត្រ ហ្វឹកហាត់របស់អត្តពលិកយើងត្រូវការផ្លាស់ប្តូរ ដើម្បីឱ្យមានភាពសមជាមួយខ្សែទឹក ដែលមានលក្ខណៈខុសៗពីគ្នា និងដើម្បីមានបទពិសោធ»។ លោក ស្រ៊ុន លាង បានបញ្ជាក់បន្ថែម៕