ក្រុងឡុងដ៍: លោក Thomas Tuchel បានពោលសរសើរចំពោះក្រុមតោខៀវ Chelsea របស់លោកថា ពិតជាអស្ចារ្យណាស់ ខណៈដែលម្ចាស់ជើងឯកពានក្របខ័ណ្ឌ Champions League បានកក់កៅអី ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ជាមួយនឹងការមានជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើល ៤-០ លើក្រុមខ្លាំង Juventus កាលពីថ្ងៃអង្គារ។
ក្រុមរបស់លោក Tuchel បាននាំមុខ ពេលដែលការប៉ះដៃរបស់ខ្សែការពារ Antonio Rudiger មិនត្រូវបានពិន័យ ដែលជាការបង្កើតឱកាសឱ្យកីឡាករ Trevoh Chalobah ស៊ុតគ្រាប់បើកឆាក ក្នុងការ-ប្រកួត នៅឯកីឡដ្ឋាន Stamford Bridge។
ស្របពេលដែលក្រុមភ្ញៀវ Juve មិនអាចតបតនឹងគ្រាប់បាល់ចម្រូងចម្រាសនោះបាន ខ្សែការពារ Reece James ខ្សែបម្រើប្រយុទ្ធ Callum Hudson-Odoi និងខ្សែប្រយុទ្ធ Timo Werner បានរួមចំណែកម្នាក់ ១ គ្រាប់ក្នុងវគ្គទី២ ដើម្បីរុញក្រុមតោខៀវ ឱ្យឡើងទៅឈរទី១ ក្នុងពូល H ដោយមាន ១២ ពិន្ទុ។
ក្រុម Chelsea នៅលើក្រុម Juve ដោយសារមានគ្រាប់ចំណេញច្រើនជាង ហើយនឹងធានាបាននូវចំណាត់ថ្នាក់ជាប្រធានពូល បើក្រុមយក្សទៅពីក្រុងឡុងដ៍មួយនេះ ឈ្នះក្រុមនៅរុស្ស៊ី Zenit Saint Petersburg ក្នុងហ្គេមចុងក្រោយ សម្រាប់វគ្គសន្សំពិន្ទុតាមពូល នៅថ្ងៃទី ៨ ខែធ្នូនេះ។
វាគឺការបង្ហាញឱ្យឃើញនូវទស្សនីយភាពដ៏គួរឱ្យកត់សម្គាល់មួយទៀតពី Chelsea ដែលមិនទាន់ចាញ់សោះ ១០ ហ្គេម ពីការប្រកួត នៅគ្រប់កម្មវិធីទាំងអស់ គិតតាំងពីរងបរាជ័យ ១-០ នៅផ្ទះរបស់ក្រុម Juve កាលពីខែកញ្ញា។
«ជាទម្រង់លេងល្អណាស់។ យើងមិនត្រឹមតែចង់បន្តរក្សាភាពអំណត់ប៉ុណ្ណោះទេ តែថែមទាំងមិនចង់ធ្លាក់ចុះផងដែរ ដូច្នេះ វាជាបញ្ហាប្រឈម ក្នុងការមានទាំង ២។ យើងពិតជាធ្វើបានល្អណាស់ ដោយវាជាការតឹងតែងណាស់ ក្នុងការស៊ុតបញ្ចូលទីក្រុម Juventus ហើយយើងបង្កើតឱកាសបានយ៉ាងច្រើន។ សូមសរសើរដល់ក្រុមទាំងមូល សម្រាប់ការមាននូវទម្រង់លេងពិសេសអស្ចារ្យ និងលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលនេះ»។ នេះជាប្រសាសន៍របស់លោក Tuchel។
ការទទួលបានលទ្ធផលដ៏ល្អនេះ មិនមែនន័យថា លោក Tuchel អត់មានបញ្ហានោះទេ ខណៈកីឡាករ ២ រូប N''Golo Kante និង Ben Chilwell ត្រូវបង្ខំប្ដូរចេញ ដោយសារមានរបួស ដែលមើលទៅទំនងជាបង្កឱ្យមានការបារម្ភជាពិសេសសម្រាប់ Chelsea ដែលកំពុងនាំគេដែរ ក្នុងតារាងពិន្ទុនៃក្របខ័ណ្ឌ Premier League៕ AFP/VN