ក្រុង​លី​ស​បោ​ន​: កីឡាករ Pedro Goncalves ស៊ុត​បញ្ចូល​ទី​បាន ២ ​គ្រាប់ ខណៈ​ក្រុម Sporting Lisbon យកឈ្នះ​ក្រុម Borussia Dortmund ៣-១ នៅផ្ទះ​ខ្លួនឯង កាលពី​ថ្ងៃ​ពុធ ដើម្បី​បាន​ឡើង​វគ្គ ១៦ ​ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League និង​បញ្ចប់​ក្តីសង្ឃឹម​របស់​ក្រុម​អា​ល្លឺ​ម៉​ង់ ដែល​ចង់​ឆ្លងទៅ​វគ្គ​បន្ត​។​

​ក្រុម Sporting រកបាន​គ្រាប់​បាល់​ជ័យជម្នះ ២​ គ្រាប់ ដែល​ពួកគេ​ត្រូវការ ដើម្បី​បាន​ទៅ​បង្ហាញខ្លួន នៅ​វគ្គ ១៦ ក្រុម​ជា​លើកដំបូង ចាប់តាំងពី​រដូវ​កាល ២០០៨-២០០៩ ដោយ​ឈរ​នៅ​លេខ ២ ពីក្រោម​ក្រុម Ajax ដែល​ជាទី១ ក្នុង​ពូ​ល C​។ បរាជ័យ​នេះ មានន័យថា ក្រុម​​លេខ ៣ Dortmund កំពុង​តម្រង់​ឆ្ពោះ​លេង​នៅ​វគ្គ​ចាញ់​ធ្លាក់ នៅ​ក្របខ័ណ្ឌ​ទី២ Europa League របស់​អឺរ៉ុប​។

​គ្រូបង្វឹក​របស់ Dortmund លោក Marco Rose ថ្លែងថា​៖ «​ពួកគេ​កាន់តែ​រឹងមាំ និង​កាន់តែច្បាស់​ឡើងៗ ក្នុងស្ថានភាព​សំខាន់ៗ​។ ពួកយើង របូត​គ្រាប់​បាល់​លឿន​ពេក និង​បង្កើតឱ្យមាន​កំហុស​ច្រើនពេក​»​។​

​ខ្សែបម្រើ​ស្លាប Goncalves របស់​ក្រុម Sporting ប៊ិះ​អាច​បញ្ចប់​ហ្គេម​នេះ ដោយ​ការ​ធ្វើបាន​ហែ​ត​ទ្រិ​ក (​ស៊ុត ៣ ​គ្រាប់​) តែ​គួរឱ្យ​ស្ដាយ ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី នៅ​ចុង​ម៉ោង​របស់គេ ត្រូវបាន​រារាំង​ដោយ​អ្នកចាំទី Gregor Kobel របស់​ក្រុម​ Dortmund​។​

​តែ​ទោះបី​ការ​ស៊ុត​បាល់​ពិន័យ ១១ ​ម៉ែត្រ ត្រូវបាន​ទះ​ទាន់ ក៏ Sporting នៅ​អាចមាន​គ្រាប់​-​បាល់​នាំមុខ​បន្ថែម​ពីលើ​គ្រាប់​បាល់ ២ ​គ្រាប់​របស់​កីឡាករ Goncalves នៅ​វគ្គ​ទី១ បានដែរ ដោយសារ​ពេល​បាល់​នោះ​ឡង​មក ខ្សែបម្រើ Pedro Porro តែ​ត​បញ្ចូល​ទី​តែម្ដង​។​

​ខ្សែប្រយុទ្ធ​សញ្ជាតិ​ហូ​ឡង់ Donyell Malen ជា​អ្នក​ស៊ុត​ឱ្យ​ក្រុម Dortmund ក្នុង​ម៉ោង​បន្ថែម​មាន​របួស ខណៈដែល​នេះ​ជា​រាត្រី​ដ៏​ជូរចត់​សម្រាប់​ក្រុម​ទៅ​ពី​អាល្លឺម៉ង់ ដែល​រង​បរាជ័យ ៣​ហ្គេម ជាប់ៗ​គ្នា នៅ​ក្របខ័ណ្ឌ Champions League ជា​លើកដំបូង​៕ AFP/VN