​ក្រុង​ម៉ាឌ្រី​ដ​: ឱកាស​របស់​ក្រុម Atletico Madrid ក្នុងការ​បាន​ឡើងទៅ​វគ្គ ១៦ ក្រុម​ចុង​​ក្រោយ នៅ​ក្របខ័ណ្ឌ Champions League ត្រូវបាន​ប៉ះ​​ពាល់​យ៉ាងធ្ងន់ធ្ងរ កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​ភ្លាត់​ចាញ់ ១-០ នៅផ្ទះ​ខ្លួនឯង ដោយសារ​ថ្វី​ជើង​របស់​ក្រុម AC Milan ដែល​លទ្ធផល​នេះ ធ្វើឱ្យ​ពួកគេ​ត្រូវការ​ជ័យ​-​ជម្នះ​ជា​ចាំបាច់​លើ​ក្រុម Porto ក្នុងការ​ប្រកួត​ចុងក្រោយ​របស់ខ្លួន ក្នុង​ពូ​ល B នេះ​។​

​ការប្រកួត​ដ៏​ស្វិតស្វាញ នៅឯ​កីឡដ្ឋាន Wanda Metropolitano ទំនងជា​បញ្ចប់​ទៅដោយ​គ្មាន​គ្រាប់​បាល់​ច្រើនជាង តែ​កីឡាករ​បម្រុង Junior Messias របស់​ក្រុម Milan បានតែ​តបាល់​បញ្ចូល​ទី​គ្រាប់​បាល់​ជ័យជម្នះ​យ៉ាង​ស្អាត​អស្ចារ្យ នៅ​នាទី​ទី៨៧ ដែលជា​គ្រាប់​បាល់​ធ្វើឱ្យ​ក្រុម Atletico កំពុង​សម្លឹង​មើលទៅ​ការ​ខ្ទាត​ចេញពី​ការ​-​ប្រកួតប្រជែង​នេះ​យ៉ាង​លឿន​។​

​គ្រាប់​បាល់​របស់​កីឡាករ Messias មិន​ត្រឹមតែ​មានន័យថា ក្រុម Atletico របស់លោក Diego Simeone នឹង​ត្រូវតែ​ឈ្នះ​ក្រុម Porto នៅ​ថ្ងៃទី ៧ ខែធ្នូ ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ធ្វើឱ្យ​ក្រុម Milan មាន​ដង្ហើម​ដក​ឡើងវិញ ទោះ​ឈរ​នៅ​បាត​ពូ​ល​ក៏ដោយ ព្រោះ​ក្រុម​យក្សអ៊ី​តា​លី​មួយ​នេះ តាមតែ ១​ ពិន្ទុ​ ពីក្រោយ​ក្រុម​លេខ ២ Porto មុននឹង​ដល់​ហ្គេម​ផ្ដាច់ព្រ័ត្រ​ទល់នឹង​ក្រុម​ប្រធាន​ពូ​ល Liverpool នៅឯ​កីឡដ្ឋាន San Siro​។​

​ក្រុម​លេខ ៣ Atletico មាន ៤​ ពិន្ទុ​ ស្មើ​ក្រុម Milan ដោយ​ខុស​គ្នា​គ្រាប់​បាល់​ចំណេញ តែ​ពេល​នេះ សម្រាប់​ក្រុម​យក្ស​អេ​ស្ប៉ា​ញ សូម្បីតែ​ការ​បាន​សិទ្ធិ ដើម្បី​ប្រកួតប្រជែង ក្នុង​ក្របខ័ណ្ឌ Europa League ក៏​កំពុងតែ​មិន​ប្រាកដប្រជា​កាន់តែខ្លាំង​ឡើង​ដែរ​។​

​ដោយ​ត្រូវបាន​សួរថា តើ​នេះ​គឺជា ១ ក្នុងចំណោម​ពេលវេលា​ដ៏​សែន​លំបាក​បំផុត សម្រាប់​ការ​កាន់តំណែង​របស់លោក នៅ​ក្រុម Atletico មែន​ទេ​? លោក Simeone បាន​តប​ថា​៖ «​យើង​តែងតែមាន​បញ្ហា​ប្រឈម​។ ខ្ញុំ​មាន​សុទិដ្ឋិនិយម ពោលគឺ​តែង​-​តែមាន​ជានិច្ច ហើយ​ខ្ញុំ​នឹងមិន​ផ្លាស់ប្ដូរ​ជាដាច់ខាត​»​។​

«​ពិតណាស់ ក្រុម​នឹងធ្វើ​ប្រកួតប្រជែង​យ៉ាងខ្លាំង​ក្លា ក្នុង​ហ្គេម​ចុងក្រោយ​។ កម្មវិធី Champions League មិន​ងាយស្រួល​នោះឡើយ ដូច្នេះ ក្រុម​ទាំងអស់ ដែល​បាន​ឆ្លងទៅ​វគ្គ​បន្ត សុទ្ធតែ​សម​នឹង​ទទួលបាន​ពិតមែន​»​។ នេះ​ជាការ​បន្ថែម​របស់លោក Simeone​។

​គ្រប់​រដូវ​កាល លើកលែង ២ ​ដង​ប៉ុណ្ណោះ ក្នុងចំណោម​ការ​​បង្ហាញខ្លួន ១១ ​លើក នៅ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល​នេះ​របស់ ក្រុម Atletico ឃើញថា ពួកគេ​បាន​ឡើងទៅ​វគ្គ ១៦ ក្រុម​រហូត ក្នុងខណៈដែល​ក្រុម Milan ទើបបាន​ចូលរួម​ក្នុង​វគ្គ​នេះ ជា​លើក​ដំបូង គិត​តាំងពី​ឆ្នាំ​ ២០១៤ មក តែ​ក្រុម​ភ្ញៀវ សម​នឹង​ទទួលបាន​ជ័យជម្នះ បន្ទាប់ពី​បង្ហាញ​ឱ្យនូវ​មហិច្ឆតា​ចង់​ឈ្នះ​ច្រើនជាង ក្រុម​ម្ចាស់ផ្ទះ​។​

​ក្រុម​ទាំង ២ បញ្ចប់​ទៅដោយ​មិនមាន​ការធានា​នូវ​ជ័យជម្នះ​នោះឡើយ ដោយ​កាលពី​ចុង​សប្ដាហ៍ ក្រុម Milan ដែល​ឈរ​នៅ​លេខ ២ នៅ​ក្របខ័ណ្ឌ Serie A បាន​ចាញ់​ក្រុម Fiorentina ខណៈ​ក្រុម Atletico ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ ៤ នៅ​ក្របខ័ណ្ឌ La Liga ទើប​ឈ្នះ​ជា​លើក​ទី២ កាលពី​ថ្ងៃ​សៅរ៍ ក្នុងចំណោម ៧ ​ហ្គេម​ចុង​ក្រោយ នៅ​លី​គ​៕ AFP/VN