​ភ្នំពេញ​: អ្នក​ប្រដាល់​ជំនាន់​ថ្មី​វ័យ​​ក្មេង ធន់ ផានិត មកពី​សមាគម​ប្រដាល់​កងយោធពល​ខេមរភូមិន្ទ បាន​បើកឱកាស​ឱ្យជើង​ចាស់​កីឡាក ម៉ន សា​ម៉េ​ត មកពី​សមាគម​ប្រដាល់​ក្រសួងមហាផ្ទៃ ដែល​ធ្លាប់​ប្រកួត​ចាញ់​នោះ​ឡើងមក​ប្រកួត​សងសឹក ក្នុង​កម្មវិធី​ម៉ាស​ហ្វៃ​ប្រកួត​តែ​ ១​ ទឹក មាន​រយៈ​ពេល ​៩​ នាទី នៅ​សង្វៀន​ថោ​ន នា​យប់​ថ្ងៃអាទិត្យ​សប្តាហ៍​នេះ​។​

​ប្រវត្តិ​ប្រកួត​ដ៏​អស្ចារ្យ​នៃ​កីឡាករ​វ័យ​​ក្មេង ធន់ ផានិត ត្រូវបាន​លោកគ្រូ​បង្វឹក​របស់​ក្លិប​ទម្លាយ​ឱ្យដឹងថា មានស្រុក​​កំណើត​មកពី​ខេត្តកោះកុង​។ ក្នុង​អាជីព​ឡើង​ប្រដាល់​ត្រឹម​ជាង​ ១​ ឆ្នាំ​កីឡាករ ធន់ ផានិត ប្រកួត​ជា​ផ្លូវការ​បាន​ចំនួន ២៤ ​លើក ដោយ​ឈ្នះ​សុទ្ធតែ​កីឡាករ​ជើងចាស់​ខ្លាំងៗ​មួយចំនួន ក្នុងនោះ ម៉ន សា​ម៉េ​ត ក៏​ធ្លាប់​ចាញ់​យ៉ាង​គួរឱ្យ​ឆ្ងល់​ដែរ​។ នៅក្នុង​ចំណោម​អ្នក​ប្រដាល់ ក្នុង​ប្រភេទ​ទម្ងន់ ៦០ ​គីឡូក្រាម ដែល​បាន​ជួប​ប្រកួត​ជាមួយ ធន់ ផានិត ធ្លាប់​ចាញ់​ពិន្ទុ​តែ​កីឡាករ ២ ​នាក់​ប៉ុណ្ណោះ គឺ​កីឡាករ រិ​ន ដេវីដ មកពី​ក្លិប​នាគរាជ​ចតុមុខ និង​ចាញ់​កីឡាករ អេ​លី​ត ចំរើន មកពី​នាយកដ្ឋានអង្គរក្ស ហើយ​ក្រៅពីនេះ ធន់ ផានិត ប្រកួត​ឈ្នះ​ទាំងអស់​។​

​លោក ជួប វុត្ថា អ្នក​ផ្គូផ្គង និង​គ្រប់​-​គ្រង​កម្ម​វី​ធី​ប្រចាំ​សង្វៀន​ថោ​ននិយាយថា​៖ «​តាម​ការស្នើសុំ​របស់​កីឡាករ ម៉ន សា​ម៉េ​ត សុំ​សងសឹក ខ្ញុំ​ក៏បាន​យល់ព្រម​ដាក់ឱ្យ​ប្រកួត​គ្នា​ក្នុង ១​ ទឹក​ប្រកួត​រយៈពេល ៩ ​នាទី នៅ​ថ្ងៃអាទិត្យ​នេះ​តែម្តង ដែល​អម​ក្នុង​កម្មវិធី​ដណ្តើម​ប្រាក់​លាន​ជាមួយ​កំពូល​ជើង​ខ្លាំង​ ៤​ នាក់​ទៀត មាន យ៉េន ឌី​ណា​,​ផល សុ​ភ័​ណ្ឌ​,​ឡុង បេន​លឿន និង លន បញ្ញា សុទ្ធតែ​កំពូល​ល្បី​ខ្លាំង នៅ​ស្រុក​ខ្មែរ​»​។

លោក ជួប វុត្ថា បន្ថែមថា​៖ «​ធន់ ផានិត​នេះ ក្នុង​ទម្ងន់​ដូចគ្នា​លំបាក​រក គូប្រកួត​ណាស់ ពីព្រោះ​ចេញ​ស្នៀត​បានល្អ​គ្រប់​កាលៈទេសៈ ជាពិសេស​ក្បាច់​ជង្គង់​តែម្តង ស្រួច​ល្អ​ណាស់​»​។​

​នៅក្នុង​បទពិសោធ​ឡើង​សង្វៀន​វិញ កំណត់ត្រា​ប្រកួត​របស់​កីឡាករ ម៉ន សា​ម៉េ​ត មាន​ចំនួន​ប្រកួត​ច្រើនជាង ធន់ ផានិត រហូតដល់ ១២២ ​លើក​ឯណោះ​។ ម៉ន សា​ម៉េ​ត ប្រកួត​បាន​ចំនួន ១៤៦ ​លើក ឈ្នះ​ ១០៦ ​លើក ចាញ់ ៣១ ​លើក និង​ស្មើ ៩​ លើក ក្នុងនោះ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​បាន​ចំនួន ៣៥​ លើក​។ ចំណែកឯ ធន់ ផានិត ប្រកួត​បាន​ចំនួន ២៤​ លើក ឈ្នះ ២២​ លើក និង​ចាញ់ ២​លើក ក្នុងនោះ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​បាន​ចំនួន ១៥​ លើក​។​

​ធន់ ផានិត និយាយថា​៖ «​ម៉ន សា​ម៉េ​ត មិនអាច​ឈ្នះ​ខ្ញុំ​បានទេ បើសិនជា​ប្រឹង​ខ្លាំង​បាន​ត្រឹម​ស្មើ​ប៉ុណ្ណោះ ពីព្រោះ​កម្មវិធី​នេះ បើ​មិន​សន្លប់​គេ​ចាត់ទុកជា​ស្មើ ហេតុនេះ​អាច​ស្មើ​ច្រើនជាង​។ ខ្ញុំ​នឹង​វ៉ៃ​គាត់​ឱ្យ​ចាញ់​អស់ចិត្ត​»​។ លោក ធន់ សុភា គ្រូបង្វឹក បាន​និយាយថា​៖ «​ខ្ញុំ​គិតថា ធន់ ផានិត មាន​ភាគរយ​ឈ្នះ​តិច​ដែរ ពីព្រោះ​លក្ខខណ្ឌ​មិន​សន្លប់​ឱ្យ​ស្មើ​គឺ​ខ្ញុំ​សង្ឃឹម​ស្មើ​ច្រើនជាង ពីព្រោះ ម៉ន សា​ម៉េ​ត រឹង​ណាស់​មិន​ងាយ​សន្លប់​ទេ​»​។​

​ចំណែកឯ ម៉ន សា​ម៉េ​ត បាន​និយាយថា​៖ «​ខ្ញុំ​នឹង​ផ្តួល ធន់ ផានិត ឱ្យ​សន្លប់ ដើម្បី​ស្តារ​មុខមាត់​ឡើងវិញ​។ នេះ​គឺ ការតាំង​ចិត្ត ប៉ុន្តែ​យ៉ាងណា​ស៊ីសង​ការ​​ប្រកួត​ជាក់ស្តែង​សិន មិនទាន់​ដឹងថា យ៉ាងណា​នៅឡើយ ប៉ុន្តែ​ទំនង​អាច​ស្មើ​ច្រើនជាង​»​។​

​លោក ម៉ាង ម៉ន ដែលជា​គ្រូបង្វឹក និង​ត្រូវជា​ឪពុក​ផងដែរ បាន​និយាយថា​៖ «​អា​ម៉េ​ត គ្នា​ចាស់​ហើយ ដោយមាន​អាយុ​ ៣០​ ឆ្នាំ ដែល​អាច​ខ្សោយកម្លាំង​ជាង​ក៏​ថា​បាន ហេតុនេះ វា​លំបាក​យកឈ្នះ​ដែរ​។ ខ្ញុំ​រំពឹង​ស្មើ​ច្រើនជាង​ឈ្នះ ព្រោះ​ម៉ាស​ហ្វៃ ត្រូវការ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​ទើប​ឈ្នះ គឺ​មិន​គិត​ពិន្ទុ​នោះឡើយ​»​។​

​លោក ជួប វុត្ថា អ្នក​ផ្គូផ្គង បាន​បន្ថែមទៀតថា សប្តាហ៍​នេះ មាន​វត្តមាន​កីឡាករ​ល្អៗ​ណាស់ ដូចជា​គូ​ដណ្តើម​ប្រា​ក់លាន គឺជា​កំពូល​កីឡាករ​ល្អ​បំផុត ដោយ​វត្តមាន​របស់​កីឡាករ យ៉េន ឌី​ណា​,​ឡុង បេន​លឿន​, ​ផល សុ​ភ័​ណ្ឌ និង​ លន បញ្ញា គឺជា​កីឡាករ​លំដាប់​ចូល​វាយ​មិនចេះ​ដកថយ ឬ​លាក់​កម្លាំង​នោះឡើយ​៕