
(រូបខាងក្រោមគេ) លៀប រដ្ឋា (ឆ្វេង) ប្រកួតជាមួយ អ៊ូច ធារឹទ្ធ ក្នុងកម្មវិធី ONE STRIKE នាថ្ងៃអាទិត្យនេះ។
ប្រដាល់គុនខ្មែរសង្វៀន PNN បានដាក់គូប្រដាល់លំដាប់ឯកគឺកីឡាករ លៀប រដ្ឋា មកពីបន្ទាយមានជ័យប៉ះប្រកួតជាមួយកីឡាករ អ៊ូច ធារឹទ្ធ មកពីក្លិបអាណាចក្រគុនខ្មែរជាគូប្រចាំសប្តាហ៍ ONE STRIKE ដែលមានការប្រកួតចំនួន ២ ទឹកក្នុង ១ ទឹកមាន ៧ នាទី ហើយបើមិនបានឈ្នះដោយផ្តួលដៃគូឱ្យសន្លប់ទេនឹងចាត់ទុកថា ស្មើគ្នា។
យ៉ាងណាក៏ដោយសប្តាហ៍នេះការប្រកួតជម្រុះដើម្បីឆ្ពោះទៅដណ្តើមខ្សែក្រវាត់និងទឹកប្រាក់១ម៉ឺនដុល្លាររវាងកីឡាករបឺតសង្ឃឹមនិងកីឡាករអេលីតចំរើនត្រូវបានអនុញាតឱ្យសម្រាកទុកឱកាសឱ្យកីឡាករទាំង ២ ហ្វឹកហាត់រក្សាសុខភាពនិងបំប៉នកម្លាំងដោយដាក់ជំនួសនូវគូប្រកួតកំដរសង្វៀនចំនួន ៤ គូវិញ នាថ្ងៃអាទិត្យ ទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ។
ជំនួបប្រកួតរវាងអ្នកលេងកណ្តាប់ដៃធ្ងន់ លៀប រដ្ឋា និង អ៊ូច ធារឹទ្ធ នេះគឺជាលំដាប់អ្នកប្រដាល់មានជំនាញប្រើកម្លាំងស្នៀតកណ្តាប់ដៃបានល្អបំផុតហើយពួកគេទាំង ២ សុទ្ធតែធ្លាប់ជួបប្រកួតគ្នាជាលក្ខណៈប្រដាល់សកលនិងប្រដាល់គុនខ្មែរ ប៉ុន្តែលើកនេះដាក់ឱ្យជួបប្រកួតគ្នាក្នុងគូឯកប្រចាំសប្តាហ៍ ONE STRIKE ទម្ងន់ ៥៧ គីឡូក្រាម។
កីឡាករអ៊ូចធារឹទ្ធនិយាយថា៖ «ខ្ញុំធ្លាប់ប្រកួតជាមួយលៀបរដ្ឋាចំនួន ៥ លើកមកហើយ ក្នុងប្រដាល់សកល និងប្រដាល់គុនខ្មែរដោយខ្ញុំធ្លាប់ឈ្នះគាត់ទាំងអស់។សម្រាប់ប្រកួតលក្ខណៈ ONE STRIKE ប្រកួតគ្នាចំនួន ១៤ នាទីចែកជា ២ ទឹកនៅសង្វៀន PNN នាថ្ងៃអាទិត្យនេះ ខ្ញុំមិនហ៊ានសន្និដ្ឋានបានទេ ពីព្រោះរយៈពេលប្រកួតខុសគ្នាហើយក៏មិនដឹងថា តើគាត់មានកម្លាំងល្អនិងក្បាច់ល្អជាងមុនឬយ៉ាងណាទេ?
កីឡាករអ៊ូចធារឹទ្ធបន្តថា៖ «ខ្ញុំមិនរំពឹងឈ្នះច្រើនទេពីព្រោះយើងក៏ហាត់គេក៏ហាត់ចំណែកលទ្ធផលវិញពិតជាមិនហ៊ានព្យាករណ៍ទេពីព្រោះកន្លងមកទោះខ្ញុំធ្លាប់ឈ្នះមែនតែតឹងតែងណាស់ដោយសារកណ្តាប់របស់គាត់ធ្ងន់ល្អនិងទឹកចិត្តចូលវ៉ៃមិនចេះដកថយឡើយ។ខ្ញុំគិតថា សង្ឃឹមឈ្នះត្រឹម ៦០ ភាគរយប៉ុណ្ណោះ»។
លៀប រដ្ឋា ជាអ្នកប្រដាល់ចិត្តធំកណ្តាប់ដៃល្អ ប៉ុន្តែការប្រកួតប្រជែងក្នុងចំណោមអ្នកប្រដាល់ឆ្នើមៗក្នុងទម្ងន់ ៥៧ គីឡូក្រាម ភាគច្រើនត្រូវបានធ្លាក់ចេញនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលធ្វើឱ្យលទ្ធផលឈ្នះខ្សែក្រវាត់ និងជើងឯកនោះស្ថិតក្នុងលំដាប់ចំណាត់ថ្នាក់ទី២ ច្រើនជាង។
លៀប រដ្ឋា នៅក្លិបដីឡូត៍មានរិទ្ធខេត្តបន្ទាយមានជ័យនិយាយថា៖ «សម្រាប់ប្រកួតលើកនេះជាមួយ អ៊ូច ធារឹទ្ធ ខ្ញុំត្រៀមបានល្អនិងហ្វឹកហាត់បានគ្រប់គ្រាន់ដោយមានបំណងចង់ប្រកួតយកឈ្នះក្នុងកម្មវិធី ONE STRIKEប្រកួតគ្នាចំនួន ១៤ នាទីចែកជា ២ ទឹកនៅសង្វៀន PNN។ ខ្ញុំសង្ឃឹមឈ្នះស្តារមុខមាត់ឡើងវិញបានគឺរំពឹងឈ្នះដល់ ៨០ ភាគរយ»។
តាមប្រវត្តិប្រកួតរបស់អ្នកប្រដាល់ទាំង ២ នេះកីឡាករ លៀប រដ្ឋា ឡើងសង្វៀនបានចាស់វស្សាជាងកីឡាករ អ៊ូច ធារឹទ្ធ ចំណែកបទពិសោធនិងចំនួនឡើងប្រកួតវិញលៀបរដ្ឋាបានច្រើនជាង។
ប្រភពពីគណៈកម្មការផ្គូរផ្គងប្រចាំសង្វៀនប្រដាល់ PNN មិនអាចសុំប្រវត្តិកីឡាករប្រកួតបានទេ ខណៈដែលសង្វៀនប្រដាល់មួយនេះមានលក្ខណៈតឹងរឹងចំពោះអ្នកសារពត៌មានជាដៃគូ៕