ក្រុងលីវើភូល៖ កីឡាករ Diogo Jota បានមានឱកាសស៊ុតបញ្ចូលទី បន្ទាប់ពីការប្រកួតដំណើរការទៅបានត្រឹមតែ ៩៧ វិនាទី ខណៈដែលក្រុមហង្សក្រហម Liverpool បានសសៀរកាន់តែកៀកនឹងក្រុមតោខៀវ Chelsea ដែលឈរនៅទីកំពូលតារាងនៃក្របខ័ណ្ឌ Premier League ដោយតាមពីក្រោយត្រឹម ១ ពិន្ទុ បន្ទាប់ពីបានយកឈ្នះក្រុម Southampton ស្រួលៗ ៤-០ កាលពីថ្ងៃសៅរ៍។
ដំណើរមិនចាញ់សោះ ក្នុងរយៈពេលយ៉ាងយូររបស់ក្រុម Liverpool ត្រូវបានបញ្ចប់ដោយសារក្រុមកំពុងឡើងជើង West Ham United កាលពីដើមខែនេះ តែពួកគេ បានជាន់ហ្គៀរបន្ថែមល្បឿនវិញយ៉ាងលឿន ជាមួយនឹងការស៊ុតបញ្ចូលទីបានដល់ទៅ ១០ គ្រាប់ ដោយមិនរបូតវិញសូម្បី ១ គ្រាប់ ក្នុងចំណោម ៣ ហ្គេម គិតតាំងពីការរងបរាជ័យនោះ។
សម្រាប់ការប្រកួត នៅទឹកដី Anfield នេះ គ្រាប់បាល់ទាំង ២ គ្រាប់របស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Jota កើតមាននៅនាទីទី ២ និងនាទីទី ៣២ ហើយក្រុម Liverpool បានធ្វើការនាំមុខ ៣-០ មុនចប់វគ្គទី ១ ប្រមាណជា ៨ នាទី ដោយសារការបំប៉ោងសំណាញ់ទីពីកីឡាករ Thiago Alcantara។
ហើយបន្ទាប់មក គ្រាប់បាល់ ដែលស៊ុតដោយ Virgil van Dijk ដែលជាអតីតខ្សែការពាររបស់ក្រុមអ្នកចិត្តបុណ្យ Southampton ផ្ទាល់តែម្ដង នៅដើមវគ្គទី ២ បានបង្ហាញឱ្យឃើញថា ក្រុមម្ចាស់ផ្ទះ មានប្រៀបជាខ្លាំង ក្នុងហ្គេមទី ១៣ នេះ។
ក្រុមហង្សក្រហមរបស់ Jurgen Klopp ដែលឈ្នះពាន Premier League ក្នុងឆ្នាំ២០២០ ឥឡូវនេះ បំប៉ោងសំណាញ់បានចំនួន ៣៩ គ្រាប់ ពីការប្រកួត ក្នុងលីគ នារដូវកាលនេះ ដោយមានចំនួន ៩ គ្រាប់លើសក្រុម Chelsea ដែលត្រូវបើកទ្វារកីឡដ្ឋាន Stamford Bridge ស្វាគមន៍ក្រុមបិសាចក្រហម Manchester United នៅថ្ងៃអាទិត្យនេះ។
«យើងមិនត្រឹមតែចាញ់ក្រុម West Ham នោះទេ តែយើងស្មើ ២ ហ្គេម នៅមុនហ្នឹងផងដែរ។ ដូច្នេះ ភ្លាមៗ យើងកំពុងស្ថិតនៅក្នុងចង្វាក់ពេលវេលាមិនល្អនោះឡើយ។ ឥឡូវនេះ យើងមើលទៅដូចជាស្ថិតក្នុងស្ថានភាពប្រសើរវិញហើយ។ អ្វីដែលបានកើតឡើង ចំពោះក្រុមនេះ ក្នុង ២-៣ ឆ្នាំចុងក្រោយ គឺពិសេសណាស់ ហើយលទ្ធផលនោះ ភាគច្រើន កើតឡើង ដោយសារតែផ្នត់គំនិត និងសតិអារម្មណ៍ដ៏ពិសេសអស្ចារ្យរបស់ពួកក្មេងៗ (កូនក្រុម)»។ នេះជាការលើកឡើងរបស់គ្រូបង្វឹកក្រុម Liverpool លោក Klopp៕ VN