ក្រុងមីឡាន​៖ ខ្សែ​​ប្រយុទ្ធ Duvan Zapata បានបន្ថែមភាព​សោក​សៅ​ កាន់​តែ​ខ្លាំង​ឡើង ​ដល់​ក្រុម​កំពុង​យ៉ាប់​យ៉ឺន Juventus កាល​ពី​ថ្ងៃ​សៅរ៍ ជាមួយ​នឹង​គ្រាប់​បាល់​តែ ១ គ្រាប់​​ប៉ុណ្ណោះ ដែល​គ្រប់​គ្រាន់​ល្មម សម្រាប់​ក្រុម​ភ្ញៀវ Atalanta មាន​ជ័យ​ជម្នះ ១-០ ខណៈ​ដែល​បរាជ័យ​នេះ កើតមក​ដំណាល​​ក្រុមយក្សនៅក្រុង​ទូរីន (Turin) កំពុងមមិង​មមាំង​​នឹង​ការ​​​ស៊ើប​អង្កេត​របស់​ប៉ូលិស ចំពោះ​​គណនី​របស់​ពួកគេ​។

ក្រុម Atalanta បាន​ពង្រឹង​ការ​ឈរ​យ៉ាង​រឹង​មាំ​​នៅ​លេខ ៤ ដែលជាចំណាត់​ថ្នាក់​ចុង​ក្រោយ​របស់​ក្របខ័ណ្ឌ Serie A ក្នុង​ការ​បាន​សិទ្ធិទៅ​លេង នៅ​ក្របខ័ណ្ឌ Champions League ដោយសារ​គ្រាប់​បាល់​ទី ៧ គិត​ពី​ការ​ប្រកួត នៅ​គ្រប់​កម្មវិធី​ទាំង​អស់​របស់​កីឡាករ​សញ្ជាតិ​កូឡុំប៊ី Zapata ក្នុង​នាទីទី ​២៨ សម្រាប់​ហ្គេម ដែល​ធ្វើ​ឡើង នៅ​ឯ​​កីឡដ្ឋាន Allianz Stadium នេះ​។

«​យប់​នេះ ពួក​យើង​ពិត​ជាលេង​បាន​ល្អ​ណាស់់​។ ពួក​គេ​ជា​ក្រុម​ល្អ ហើយ​នៅ​វគ្គ​ទី ១ យើង​បាន​ពិត​ជា​បាន​ធ្វើ​ឱ្យ​ពួក​គេពិបាក​។ យើង​រាង​ថម​ថយ​បន្តិច​ នៅ​វគ្គ​ទី ២ តែ​យ៉ាង​ណា ចុង​ក្រោយ យើង​ទទួល​បាន​លទ្ធផល​ល្អ​»​។ នេះ​ជា​សម្ដី​របស់កីឡាករ Zapata ដែលនិយាយ​ប្រាប់​ទៅ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ DAZN បន្ទាប់​ពី​បាន​ជួយ​​​ក្រុម Atalanta ឱ្យ​ឈ្នះ​ក្នុង​​ផ្ទះ​របស់ក្រុម Juve នៅ Serie A ជាលើក​ដំបូង គិតតាំង​ពីឆ្នាំ​ ១៩៨៩ មក។

បរាជ័យ​របស់​ក្រុម Juve កើត​មាន​ឡើង​បន្ទាប់់​មាន​នូវ​សប្ដាហ៍​ដ៏​លំបាក ដែល​ពួក​គេ​ត្រូវ​បាន​ធ្វើ​ឱ្យ​អាម៉ាស់​ដោយ​ក្រុម​ជើង​ឯក​អឺរ៉ុប Chelsea កាល​ពី​ថ្ងៃ​អង្គារ និង​ដែល​បន្ទាប់​មក ត្រូវ​បាន​ក្រុម​ប៉ូលិស​ចូល​ឆែក​ឆេរការិយាល័យ​របស់​ក្លិប កាល​ពី​ថ្ងៃ​សុក្រ ដែល​ជា​ចំណែក​មួយ​នៃ​ការ​ស៊ើប​អង្កេត​ពាក់​ព័ន្ធ​នឹង​ករណី​សង្ស័យនៃ​ការ​ដោះ​ដូរ​កីឡាករ និង​ការ​ដែល​ទំនង​ជា​ធ្វើ​បញ្ជី​ក្លែង​ក្លាយ ក្នុង​រយៈ​ពេល ៣ ​រដូវកាល​កន្លង​មក​។

Zapata (កណ្ដាល) រត់​សម្ដែង​ការ​អបអរ ក្រោយ​ស៊ុត​បញ្ចូលទី​ឱ្យ Atalanta នាំមុខ Juve ១-០​អំឡុងការប្រកួត នៅ Serie A កាល​ពីថ្ងៃ​សៅរ៍​។

បើ​យោង​តាម​បណ្ដាញ​សារព័ត៌មាន នៅ​ប្រទេស​អ៊ីតាលី ក្រុម Juve និង​នាយក​របស់​ក្លិប​ចំនួន ៦រូប ក្នុង​នោះ​រួម​ទាំង​ប្រធាន លោក Andrea Agnelli ផង​ដែរ កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេតពាក់​ព័ន្ធ​នឹង​អ្វី ដែល​របាយការណ៍​របស់​ទូរ​ទស្សន៍ Sky Sport នៅ​អ៊ីតាលី ផ្សាយ​ថា មាន​ចំនួន​ទឹក​ប្រាក់​​ប្រមាណ​ជា ២៨២​ លាន​អឺរ៉ូ ($៣១៩​,២លាន) សង្ស័យ​ថា ក្លិប​បាន​ចំណេញ​ពីកិច្ច​ព្រម​ព្រៀង​ដោះ​​​ដូរ​កីឡាករ​។

កាល​ពី​ខែ​មុន សហព័ន្ធ​បាល់​ទាត់​អ៊ីតាលី បាន​បើក​ការ​ស៊ើប​អង្កេត​មួយ​ជុំ​វិញ​ករណី ដែល​ត្រូវ​បាន​ចោទ​ថា បាន​បំប៉ោង​តម្លៃ​កីឡាករ​មួយ​ចំនួន ក្នុង​គោល​បំណង​នៃ​ការ​​ធ្វើ​បញ្ជី ឬ​ក៏​ប្រើ​ការ​ផ្លាស់​ប្ដូរ​កីឡាករ​ ដើម្បី​ជួយធ្វើ​ឱ្យ​មាន​តុល្យ​ភាព​ចំពោះ​បញ្ជី​ចំណូល​ និង​ចំណាយ​។​

កាល​ពី​ថ្ងៃ​សៅរ៍ ទីភ្នាក់​ងារ​ព័ត៌មាន ANSA បាន​ដក​ស្រង់​សម្ដី​របស់​​ប្រភពមួយ​ពី​គណៈកម្មការ​ត្រួត​ពិនិត្យ​បាល់​ទាត់ (COVISOC) ដែល​បាន​ប្រាប់​ថា​ តាំង​ពី​រដូវស្លឹក​ឈើ​ជ្រុះ​ នាឆ្នាំ​មុន​មក វា​បាន​បង្ហាញ​ឱ្យឃើញ​នូវ​កិច្ច​ព្រម​ព្រៀង​ជា​ច្រើន ដែល​មិន​គ្រាន់តែ​មាន​ការ​ពាក់​ព័ន្ធ​នឹង​ក្រុម Juve នោះ​ទេ​ ពោល​គឺ​ក្លិបទាំង​អស់ ដែល​បាន​ចុះ​បញ្ជី​នៅ​ផ្សារហ៊ុន​របស់​អ៊ីតាលី​៕ VN