ក្រុងប៉ារីស៖ កីឡាករ Robert Lewandowski កំពុង​ក្លាយ​ជា​ឧបសគ្គចំពោះ​ស៊ុបភើស្តារ Lionel Messi ក្នុង​ការ​បាន​ឈ្នះ​ពាន​លក្ខណៈឯកត្តជន Ballon d''Or ជា​កំណត់​ត្រា​លើកទី ៧ ខណៈ​ដែល​ពិធី​ប្រគល់​ពាន​រង្វាន់​ដ៏​មាន​កិត្យា​នុភាព​នេះ បាន​ត្រឡប់​មក​វិញ នៅ​ថ្ងៃ​ចន្ទនេះ​ហើយ បន្ទាប់​ពី​ត្រូវ​បាន​​លុប​ចោល កាល​ពី​ឆ្នាំ​មុន ដោយ​សារ​ជំងឺ​ឆ្លងរាត​ត្បាត​។

ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Lewandowski របស់​ក្រុម Bayern Munich ធ្វើ​បាន​កំណត់​ត្រា នៅ​ក្រប​ខ័ណ្ឌ​ Bundesliga ដោយ​ការ​រក​បាន​ ៤១ គ្រាប់ ពីការ​ចូល​លេង​ត្រឹម​តែ​ ២៩ ​ហ្គេម កាល​ពី​រដូវកាល​មុន ដើម្បី​​បំបែក​​​ស្ថិតិ​ដ៏​​​​យូរ​អង្វែង​របស់​អតីត​កីឡាករ លោក Gerd Mueller ដែល​បច្ចុប្បន្ន បាន​បាត់បង់​ជីវិត​ហើយ​។

Lewandowski វ័យ ៣៣ ​ឆ្នាំ បាន​គ្រង​ពាន​រង្វាន់​កីឡាករ​ឆ្នើម​ជាង​គេ​របស់​សហព័ន្ធ​បាល់​ពិភពលោក (FIFA) ក្នុង​ឆ្នាំ ​២០២០ ហើយ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ទាំង​ពី​សំណាក់​គ្រូ​បង្វឹក​របស់​​ក្រុម Bayern លោក Julian Nagelsmann និង​មិត្ត​រួម​ក្រុម Thomas Mueller ​បន្ទាប់​ពី​មាន​នូវ​ការ​ចាប់​ផ្ដើម​ពេញ​ដោយផ្លែផ្កា នា​រដូវកាល​ថ្មី​នេះ​។​

Messi លើក​ពាន Ballon d'Or ឆ្នាំ២០១៩ បង្ហាញ មុន​ការ​ប្រកួត​រវាង​ក្រុម Barcelona និង Mallorca នៅ​កីឡដ្ឋាន Camp Nou កន្លង​មក​។ ​AFP

«​Lewy (ឈ្មោះ​ហៅក្រៅ​របស់ Lewandowski) ត្រូវ​តែ​ឈ្នះ​ពាន​រង្វាន់​នេះ (ពាន Ballon d''Or) នៅ​ថ្ងៃ​ចន្ទ​នេះ នៅ​ពេល​អ្នក​ឃើញ​នូវ​វិធី ដែល​គេ​កំពុង​លេង នា​ពេល​នេះ​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​កីឡាករសញ្ជាតិអាល្លឺម៉ង់ Mueller ពី​មិត្ត​រួម​ក្រុម Lewandowski ដែល​ទម្លុះ​សំណាញ់​ទី​បាន ២៥ គ្រាប់​ហើយ ពី​ការបង្ហាញ​ខ្លួន​ចំនួន ២០ ​ហ្គេម នារដូវកាល​នេះ​។

ស៊ុបភើស្តារ​ទាំង ២ Messi និង Cristiano Ronaldo បូក​បញ្ចូល​គ្នាឈ្នះ​ដល់​ទៅ ១១​ ដង ក្នុង​ចំណោម ១២​ ជំនាន់​ចុង​ក្រោយ​ នៃ​ពាន​រង្វាន់ Ballon d''Or នេះ ដោយ​លើក​លែង​តែ​ម្ដង​គត់ ក្នុង​ឆ្នាំ ​២០១៨ ដែល​ពេល​នោះ ខ្សែបម្រើ Luka Modric ជា​ម្ចាស់​ពាន​នេះ បន្ទាប់​ពី​បាន​រួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​ជួយ​ឱ្យ​ក្រុម Real Madrid ក្លាយ​ជា​ជើង​ឯក នៅ​​ក្រប​ខ័ណ្ឌ Champions League និង​ក្រុម​ជម្រើស​ជាតិ​ក្រូអាស៊ី ​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ នៅ World Cup​។

ជាមួយ​គ្នា​នេះ ក្នុង​កិច្ច​សម្ភាស​​មួយ​ជាមួយ​កាសែត Abendzeitung នៅក្រុង​មុយនិច កាល​ពី​ខែ​មុន គ្រូបង្វឹក​របស់​ក្រុម Bayern លោក Nagelsmann បាន​ថ្លែង​ថា​៖ «Robert (Lewandowski) សម​នឹង​ឈ្នះ​ពាន​រង្វាន់​នេះ ពី​ព្រោះ​តាម​ទស្សនៈរបស់​ខ្ញុំ រូប​គេ គឺ​នឹង​នរ​ណាស់​ជាង​កីឡាករ​ដទៃ​»​៕ VN