ក្រុងប៊ែរឡាំង៖ កីឡាករ Erling Haaland អាច​ស៊ុត​បញ្ចូល​ទី​បាន នៅ​ថ្ងៃ​ត្រឡប់ពី​​ការ​មាន​របួសវិញ ខណៈ​ដែល​ក្រុម Borussia Dortmund នៅ​តែ​តាម​ដាក់​សម្ពាធ​លើ​ក្រុម Bayern Munich ដែល​កំពុង​ឈរ​ទី ១ នៅក្នុង​តារាង​ពិន្ទុនៃ​ក្រប​ខ័ណ្ឌ Bundesliga ជាមួយ​នឹង​ជ័យ​ជម្នះ ៣-១ នៅផ្ទះ​របស់​ក្រុម Wolfsburg កាល​ពី​ថ្ងៃ​សៅរ៍។

ខ្សែ​ប្រយុទ្ធ Haaland បាន​ទម្លុះ​សំណាញ់​ទី ដែល​ជា​គ្រាប់​ទី ៥០ របស់​ខ្លួន នៅ​​ Bundesliga ត្រឹម​តែ ៨ នាទី បន្ទាប់​ពី​ត្រូវ​បាន​ប្ដូរ​ចូល នៅ​វគ្គ​ទី ២ ដោយ​វា​ជាការ​ចូល​ទីលាន​ជាលើក​ទី ១ ក្រោយ​អវត្តមាន ៥ សប្ដាហ៍ ដោយសារ​របួស​ជើង​។

កីឡាករ​សញ្ជាតិន័រវែសរូបនេះ បានធាក់​បាល់​បញ្ចូល​ទី​ ពេល​កីឡាករ Julian Brandt លើក​កាត់​ចូល​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់ ដោយ​បន្ថែម​ពី​លើ​គ្រាប់​បាល់​របស់កីឡាករ Emre Can (ប៉េណាល់ទី) និង​គ្រាប់​បាល់​របស់ Donyell Malen ខណៈ​ដែលគ្រាប់​បាល់​នាំមុខពី​កីឡាករ Wout Weghorst ទៅជា​ឥត​ន័យ ​សម្រាប់​​ក្រុម​ម្ចាស់ផ្ទះ Wolfsburg​។

«​យើង​បាន​បាត់​បង់​គាត់ (Haaland) នៅ​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​។ គាត់​ជា​អាវុធ​ដ៏​ពិសេស​»​។ នេះ​ជា​សម្ដី​របស់​កីឡាករ Brandt ដែល​និយាយ​ទៅកាន់​ទូរទស្សន៍ Sky Sport បន្ទាប់​ពី​បាន​រួម​ចំណែក ក្នុង​គ្រាប់​បាល់​របស់កីឡាករ Haaland​។

ការ​ត្រឡប់​មក​វិញ​របស់​កីឡាករ Haaland នេះ គឺ​ជា​កម្លាំង​ជំរុញដ៏​ធំ​ ចំពោះ​ក្រុម Dortmund ពេល​ត្រូវ​ប្រឈម​ជាមួយ​ក្រុម Bayern នៅ​ផ្ទះ​ខ្លួន​ឯង នៅ​ចុង​សប្ដាហ៍​ក្រោយ ដែល​វា​ជា​ការ​ប្រកួត​ដ៏​សំខាន់​ ក្នុង​ការ​ឆក់​ឱកាស​ ដើម្បី​ឡើង​ទៅ​ទី ១ ក្នុង​តារាងពិន្ទុ​នៃ​លីគ​កំពូល​ ដោយ​​ពេល​នេះ ខុសគ្នា​តែ ១ ពិន្ទុ​ប៉ុណ្ណោះ​។

ជ័យ​ជម្នះនេះ កើត​មាន ៣ ​ថ្ងៃ​ ក្រោយ​ពី​ការ​រង​បរាជ័យ ៣-១ នៅ​ផ្ទះ​របស់​ក្រុម Sporting Lisbon បាន​បញ្ចប់​ក្ដីសង្ឃឹម​របស់​ក្រុម Dortmund ក្នុង​ការ​បាន​ឡើង​ទៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ នៅ​ក្របខ័ណ្ឌ Champions League​។

«​យើង​ត្រូវ​តែ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ប្រតិកម្ម​តប​ត​មួយ បន្ទាប់​ពី​បរាជ័យ ក្នុង​ហ្គេម កាល​ពី​ថ្ងៃ​ពុធ​នោះ​»​។ នេះ​ជា​សម្ដី​របស់​កីឡាករ Can ដែល​ត្រូវ​បាន​បណ្ដេញ​ចេញពី​ការ​ប្រកួត នៅ​ក្រុង​លីសបោន​៕ VN