
វី សម្ភស្ស និង ទូច ដេវីត ពេលឡើងទទួលប្រាក់រង្វាន់។ រូបថត សហការី
ភ្នំពេញៈ កីឡាករ វី សម្ភស្ស បានរកឃើញជ័យជម្នះយ៉ាងសំខាន់ ក្រោមការប្រកួតយ៉ាងលំបាកជាមួយ ទូច ដេវីត ដើម្បីក្លាយជាម្ចាស់ជើងឯក ក្នុងកម្មវិធី Ultimate Boxing Championship 2021 ហើយជាមួយគ្នានេះ សម្ភស្ស ក៏ត្រូវបានអ្នកជំនាញរបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានចាត់ទុកថា ជាបេក្ខភាពឆ្នើមក្នុងទម្ងន់ ៦៥ គីឡូក្រាម ដែលត្រូវត្រៀមប្រកួតតំណាងឱ្យកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅវៀតណាម ក្នុងឆ្នាំ ២០២២ ផងដែរ។
សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រជាមួយ ទូច ដេវីត កាលពីថ្ងៃអាទិត្យ កន្លងមកនេះ វី សម្ភស្ស បានប្រកួតយ៉ាងប្រយ័ត្នបំផុត ដើម្បីយកឈ្នះដោយពិន្ទុ និងក្លាយជាម្ចាស់ប្រាក់រង្វាន់ចំនួន ៣ លានរៀល ហើយនេះក៏ជាលើកទី២ ផងដែរ ដែលរូបគេបានឈ្នះ ទូច ដេវីត ព្រោះកាលជួបគ្នា នៅក្នុងវគ្គជម្រុះវិលជុំ សម្ភស្ស បានឈ្នះពិន្ទុម្តងហើយ បន្ថែមទៅលើការយកឈ្នះ សែត សារឹត និងការផ្តួល ម៉ាង ព្រហ្មម៉ាញ ឱ្យសន្លប់ នាការប្រកួតលើកទី២ ក្នុងចំណោមការប្រកួតជម្រុះវិលជុំទាំង៣លើក គឺមានន័យថា ការប្រកួតដណ្តើមប្រាក់លាន ដែលប្រើពេល៦សប្តាហ៍នេះ សម្ភស្ស បានឈ្នះទាំង ៤ ប្រកួតតែម្តង។
វី សម្ភស្ស បាននិយាយ ក្រោយការប្រកួតថា៖«ខ្ញុំឈ្នះដោយលក្ខណៈលំបាក និងតឹងតែងណាស់ ព្រោះគាត់ (ទូច ដេវីត) ល្អជាងពេលមុនៗ ហើយខ្ញុំចង់យ៉ាប់ដោយធ្លាក់ចុះកម្លាំង នៅក្នុងទឹកទី២។ ទោះយ៉ាងណា ខ្ញុំមិនវាយសម្រុកខ្លាំង ក្នុងទឹកទី២ ទេ ដោយព្យាយាមគេចចេញ និងវាយបក ដើម្បីរក្សាជំហរ ព្រមទាំងចង់ស្តារកម្លាំងមកវិញ វ៉ៃដណ្តើមពិន្ទុក្នុងទឹកផ្តាច់ព្រ័ត្រ ដ្បិតអីកម្លាំងពិតរបស់ខ្ញុំ មានបញ្ហាសុខភាពផងដែរ»។
«ខ្ញុំវ៉ៃតាមបច្ចេកទេស ព្រោះបើតទល់ដោយកម្លាំង គឺអាចចាញ់បាន តែបច្ចេកទេសខ្ញុំអាចលើគាត់»។ វី សម្ភស្ស បានបន្ថែមថា៖ «លទ្ធផលនេះ បាននាំឱ្យខ្ញុំឈ្នះប្រាក់លាន សម្រាប់យកទៅជួយជីវភាពក្នុងគ្រួសារ អ៊ីចឹងការប្រកួត និងលទ្ធផលនេះ ខ្ញុំចំណេញច្រើន គឺទាំងការហ្វឹកហាត់ ទាំងការបានប្រកួតច្រើន និងបានលុយសម្រាប់ជីវភាពតែម្តង គឺកើនសមត្ថភាពសំខាន់ណាស់ ដើម្បីឈានទៅប្រកួតកម្មវិធីអន្តរជាតិ»។
ទូច ដេវីត ដែលបានប្រាក់រង្វាន់ ១ លានរៀល ក្នុងនាមជាអ្នកលេខ ២ និយាយថា៖ «ខ្ញុំចាញ់នេះ អស់ចិត្ត ព្រោះ វី សម្ភស្ស កំពុងល្អ និងមានបច្ចេកទេសវ៉ៃល្អជាងខ្ញុំ។ ខ្ញុំបានគិតតាំងពីមុនប្រកួតថា ពិតជាលំបាករកវិធីឈ្នះណាស់ ព្រោះការជួបគ្នាក្នុងវគ្គជម្រុះ ក៏ខ្ញុំមិនអាចឈ្នះគាត់បានដែរ»។

ចំណែកលោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និងជាអ្នកគ្រប់គ្រងកម្មវិធីនេះ បានឱ្យដឹងថា ឆ្លងកាត់ការប្រកួតចំនួន ៦ សប្ដាហ៍នេះ យើងទទួលបានជោគជ័យយ៉ាងខ្លាំង ហើយក៏ជាបទពិសោធ សម្រាប់ឈានទៅប្រកួតជើងឯកថ្នាក់ជាតិ ដែលគ្រោងធ្វើនៅថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែ ធ្នូ ២០២១ ផងដែរ។
លោកបានបន្ថែមថា៖ «អ្វីដែលសំខាន់នោះ គឺធ្វើឱ្យកីឡាករប្រដាល់សកលរបស់យើង មានសមត្ថភាព បច្ចេកទេសគ្រប់គ្រាន់ ដើម្បីឈានទៅប្រកួតកីឡាស៊ីហ្គេម នៅវៀតណាម ខែឧសភា ឆ្នាំ ២០២២ ពិសេសកីឡាករ វី សម្ភស្ស គឺជាបេក្ខភាពសំខាន់ឆ្នើម ក្នុងទម្ងន់ ៦៤ គីឡូគ្រាម»។
អគ្គលេខាធិការរូបនេះ បាននិយាយទៀតថា៖ «ការប្រកួតនេះ យើងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ហើយមិនតែប៉ុណ្ណោះ យើងក៏មានក្ដីរំភើប ដោយមួយរយៈចុងក្រោយនេះ កីឡាប្រដាល់សកល មានឱកាសបានបញ្ចូលទៅក្នុងការប្រកួត នៅតាមស្ថានីយទូរទស្សន៍មួយចំនួន ជាហេតុធ្វើឱ្យការផ្សព្វផ្សាយសកម្មភាព វិស័យកីឡាប្រដាល់ កាន់តែទូលំទូលាយជាងមុន»៕