
ផល សោភ័ណ្ឌ បានទាត់ទៅលើ ឡុន បេនលឿន បណ្តាលឱ្យខូចដៃស្តាំ ដើម្បីឈ្នះប្រាក់លាន។ រូបថត ថោន
ភ្នំពេញៈ កីឡាករជើងខ្លាំង ផល សោភ័ណ្ឌ បានជួបនឹងសំណាងដ៏កម្រ ដើម្បីក្លាយជាម្ចាស់ជើងឯក ការប្រកួតដណ្តើមប្រាក់លាន នៅលើសង្វៀនថោន ដ៏គួរឱ្យភ្ញាក់ផ្អើល ចំណែកអ្នករៀបចំការប្រកួតបានហៅការឈ្នះប្រាក់លានរបស់ សោភ័ណ្ឌ ថា ជាលាភក្នុងគ្រោះ ព្រោះអ្នកដែលត្រូវឈ្នះប្រាក់លានពិតប្រាកដ ប្រចាំសប្តាហ៍នេះ អាចជា យ៉េន ឌីណា និង លន បញ្ញា ទៅវិញទេ ប៉ុន្តែអ្នកទាំង ២ នេះ សុទ្ធតែមានរបួសធ្ងន់ និងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យដូចគ្នា។
តាមរយៈការប្រកួត កាលពីថ្ងៃអាទិត្យនោះ ផល សោភ័ណ្ឌ បានចាញ់ពិន្ទុ យ៉េន ឌីណា នៅក្នុងវគ្គជម្រុះ ចំណែក លន បញ្ញា បានយកឈ្នះ ឡុង បេនលឿន ដោយពិន្ទុ ក្នុងការប្រកួតជម្រុះ៣ទឹកដូចគ្នា ដើម្បីឡើងទៅជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើមយកប្រាក់រង្វាន់ ១ ពាន់ដុល្លារ និង ៦០០ ដុល្លារ។
ប៉ុន្តែរឿងដ៏គួរឱ្យភ្ញាក់ផ្អើល បានកើតមានឡើង ព្រោះទាំង យ៉េន ឌីណា និង លន បញ្ញា ដែលជាអ្នកឈ្នះ សុទ្ធតែមានរបួសធ្ងន់ មិនអាចឡើងប្រកួតបន្តដូចគ្នា ហើយក្នុងហេតុការណ៍ដ៏កម្រនេះ គណៈកម្មការ បានសម្រេចភ្លាមៗឱ្យអ្នកចាញ់ ផល សោភ័ណ្ឌ និង ឡុង បេនលឿន ឡើងប្រកួតផ្តាច់ព្រ័ត្រជំនួសវិញ ដោយក្នុងនោះ ផល សោភ័ណ្ឌ បានទាត់ឱ្យ ឡុង បេនលឿន ខូចដៃស្តាំ ត្រឹមទឹកទី២។
លោក ជួប វុត្ថា អ្នកគ្រប់គ្រងកម្មវិធីប្រចាំនៅសង្វៀនថោន បានប្រាប់ថា៖ «បញ្ហាកីឡាកររបួសនេះ កើតឡើង គឺពិតជាលំបាក ប៉ុន្តែក្រុមគណៈកម្មការទាំង៣ មានខាងទូរទស្សន៍ សហព័ន្ធ និងខាងស្ពនស័រ បានសម្រេចភ្លាមៗ ដោយយកកីឡាករ ផល សោភ័ណ្ឌ និង ឡុង បេនលឿន ដែលសុទ្ធតែអ្នកចាញ់ជុំទី១ មកប្រកួតផ្តាច់ព្រ័ត្រតែម្តង ដើម្បីឈ្នះប្រាក់រង្វាន់ ហើយហេតុការណ៍នេះដូចគេហៅថា លាភក្នុងគ្រោះរបស់ ផល សោភ័ណ្ឌ»។
ចំណែកឯ លោក តែម ម៊ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងថា៖ «ការដោះដូរគូ ដោយកីឡាកររងរបួស មិនអាចប្រកួតបាននេះ ជាការសម្របសម្រួលតាមបែបវិធីល្អ ដើម្បីឱ្យការប្រកួតនេះ នៅតែដំណើរការប្រកួតបានល្អ ហើយហេតុការណ៍បែបនេះ វាអាស្រ័យលើយើងចេះដោះស្រាយ ព្រោះគេផ្សាយផ្ទាល់ ត្រូវតែធ្វើអ៊ីចឹង»។
និយាយពីកីឡាករឈ្នះទាំង ២ ដែលរងរបួសវិញ កីឡាករ យ៉េន ឌីណា បានបាក់ថ្គាម ត្រូវបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យលីតាំង ចំណែក លន បញ្ញា បានភ្លាត់ស្មា បញ្ជូនទៅសម្រាកព្យាបាល នៅពេទ្យក្រុមជម្រើសជាតិ។ លោក ជួប វុត្ថា បានបន្ថែមថា៖ «យ៉េន ឌីណា របួសធ្ងន់ គឺបែករហូតដល់ក្រអូមមាត់ខាងក្នុង ដោយស្នៀតកែងរបស់ សោភ័ណ្ឌ ហើយតាមលោក សេន ប៊ុនថេន បានឱ្យដឹងថា យ៉េន ឌីណា ត្រូវការពេលព្យាបាលយ៉ាងតិចក៏ ៤ ទៅ ៦ ខែដែរ ទើបប្រកួតបាន»។
ចំណែកលោក ធន់ សុភា គ្រូបង្វឹក លន បញ្ញា បានប្រាប់ថា៖ «លន បញ្ញា មិនទាន់អាចកំណត់បានទេ ថាតើពេលណាប្រកួតបាន ព្រោះកីឡាកររូបនេះ ធ្លាប់របូតស្មាអ៊ីចឹងច្រើនលើកមកហើយ ហេតុនេះនៅពេលប្រកួតភាគច្រើន តែងតែភ្លាត់យូរៗម្តង ហើយចំពោះបញ្ហារបួសនេះ វាអាចយូរ ឬជាឆាប់ក៏ថាបាន បើ-សិនមានការព្យាបាលបានល្អនោះ»។
សម្រាប់ការប្រកួត នៅលើសង្វៀនថោន កាលពីថ្ងៃអាទិត្យនោះ ការប្រកួតសងសឹករបស់កីឡាករជើងចាស់ ម៉ន សាម៉េត ទៅលើជើងថ្មីល្បីឈ្មោះ ធន់ ផានិត លក្ខណៈម៉ាសហ្វៃ បានក្លាយជាគូប្រកួត ដែលទទួល បានការគាំទ្រខ្លាំងជាងគេ ព្រោះការប្រកួតចំនួន៩នាទីពេញ អ្នកទាំង ២ នេះ បានវ៉ៃបកសងគ្នាយ៉ាងជក់ចិត្តបំផុត ប៉ុន្តែបានត្រឹមស្មើគ្នា ទៅតាមច្បាប់ម៉ាសហ្វៃ ព្រោះគ្មានអ្នកសន្លប់៕