
កីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងត្រូវដាក់សម្ពោធរួមគ្នាជាផ្លូវការ នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១នេះ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ CAMSOC កាលពីព្រឹកថ្ងៃអង្គារនេះ បានប្រជុំ សម្រេចជាគោលការណ៍ជាក់លាក់ចំនួន ៣ ចំណុច ដោយក្នុងនោះ បានកំណត់ពេលវេលាសម្ពោធជាផ្លូវនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២១ ព្រមទាំងកំណត់ចំនួនអ្នកចូលរួមអបអរសាទរត្រឹម ១៥ ០០០ នាក់ រួមមានក្រុមសម្តែងសិល្បៈ និងក្រុមកីឡា ចំនួន ១ ០០០ នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងតំណាងម្ចាស់ជំនួយភាគីមហាមិត្តចិន។
ក្រោយកិច្ចប្រជុំ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីព្រឹកមិញនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា កិច្ចប្រជុំរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិ CAMSOC មានខ្លឹមសារចំនួន ៣ គឺទី ១ ពិធីសម្ពោធស្តាត ទី២ ពិធីខោនដោនរាប់រថក្រោយ ឆ្ពោះទៅការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ និងទី ៣ ប្រកាសយុទ្ធនាការផ្សព្វផ្សាយពីស៊ីហ្គេមជាផ្លូវការ ដោយប្រារព្ធធ្វើ នៅថ្ងៃសៅរ៍ ទី ១៨ ខែធ្នូ ឆ្នាំ ២០២១នេះ។
លោក វ៉ាត់ ចំរើន បានលម្អិតថា៖ «ពិធីសម្ពោធពហុកីឡដ្ឋានជាតិមរតកតេជោនេះ មានសារសំខាន់ជាប្រវត្តិសាស្ត្រ មានតម្លៃមហាសាល ព្រមទាំងមានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយក និងតំណាងមហាមិត្តដែកថែបចិន ហេតុនេះពិធីរៀបចំ ត្រូវបានត្រៀមជាលក្ខណៈពិសេស»។
«លទ្ធផលនៃកិច្ចប្រជុំ ត្រូវបានសម្រេចជាគោលការណ៍ ដោយកំណត់ចំនួនមហាជន មន្ត្រីរាជការ គ្រូបង្វឹក ក្រុមអត្តពលិក និងអ្នកជំនាញ ដើម្បីចូលរួមអបអរសាទរដោយផ្ទាល់ចំនួន ១៥ ០០០ នាក់។ ជាមួយគ្នានេះ ពិធីសម្ពោធ ត្រូវបានរៀបចំការបង្ហាញនូវសកម្មភាពប្រភេទកីឡារបស់ក្រុមជម្រើសជាតិកម្ពុជា ព្រមទាំងមានក្រុមសិល្បៈសរុបត្រឹមចំនួន ១ ០០០ នាក់។ ពិធីទាំងអស់នេះ ត្រូវបានចាប់ផ្តើមរៀបចំហាត់ត្រៀមជាបណ្តើរៗហើយ នៅថ្ងៃទី ១៥ ខែធ្នូ និងដាក់ឱ្យសមសាកល្បងតែម្តង»។
អ្នកជំនាញកីឡា លោក វ៉ាត់ ចំរើន បានប្រាប់ឱ្យដឹងទៀតថា នៅកិច្ចប្រជុំ កាលពីព្រឹកថ្ងៃអង្គារនេះ ក៏បានគិតគូយ៉ាងសំខាន់ ទៅលើការពិនិត្យធ្វើតេស្ត អ្នកចូលរួម ដើម្បីពិនិត្យតាមដាន និងការពារការឆ្លងរាលដាល់នៃជំងឺកូវីដ ១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ផងដែរ។
ជាមួយគ្នានេះ បន្ទាប់ពីសំណង់លក្ខណៈទំនើបមួយនេះ បង្ហាញខ្លួន និងបានដាក់ឱ្យប្រើប្រាស់ជាបណ្តើៗនោះ លោក វ៉ាត់ ចំរើន បានពន្លេចនូវសក្តានុពល ដែលលម្ពុជា ទើបទទួលបានបន្ថែមថ្មីៗនេះ គឺទី១ កម្ពុជា នឹងត្រូវធ្វើមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ក្នុងនាមជាសមាជិកពេញសិទ្ធិ ទី២ កម្ពុជាទទួលបានសិទ្ធិជាផ្លូវការ ក្នុងការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (ASIAN Youth Games) លើកទី ៥ នាឆ្នាំ ២០២៩។
ចំណែកទី៣ លោក ចំរើន បានបញ្ជាក់ថា៖ «កម្ពុជា ទទួលបានជំនួយមួយចំនួនលើផ្នែកអប់រំស្មារតីអូឡាំពិក ដោយក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី បានសម្រេចផ្តល់ជំនួយនូវការកសាងសារមន្ទីរអូឡាំពិក នៅពហុកីឡដ្ឋានជាតិមរតកតេជោនេះ តែម្តង ដើម្បីប្រមូលតាំងបង្ហាញ សម្រាប់ការស្រាវជ្រាវ នូវឯកសារកីឡាធំៗ និងអ្នកល្បីល្បាញ នៅលើពិភពលោក»៕