ក្រុងប៉ារីស៖ ក្លិប Paris Saint-Germain (PSG) បានឱ្យ​ដឹង កាល​ពី​ថ្ងៃ​ចន្ទ​ថា ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ខ្លួន Neymar ត្រូវ​បាន​រំពឹង​ថា នឹង​ត្រូវ​អវត្ត​មាន​ពី ៦ ទៅ ៨ សប្តាហ៍ បន្ទាប់​ពី​មាន​រង​របួស​ក​ជើង​ខាង​ឆ្វេង ដោយ​កីឡាករ​អន្តរជាតិ​ប្រេស៊ីលរូបនេះ ត្រូវ​បាន​សែង​ចេញ​ពី​ទីលាន ទាំង​ទឹក​ភ្នែក ក្រោយ​កើតមាន​បញ្ហា​​របួស​នេះ នៅ​នាទី​ចុង​ក្រោយ​នៃ​ការ​ប្រកួត ដែល​ក្រុម​របស់​ខ្លួន​ឈ្នះក្រុម Saint-Etienne ៣-១ កាល​ពី​ថ្ងៃ​អាទិត្យ​។

«​ការ​ពិនិត្យ​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ កាល​ពី​យប់​ម្សិល​មិញ​ អះអាង​ថា កីឡាករ Neymar ​រង​របួសកជើង​ខាង​ឆ្វេង ដោយ​មាន​ការ​ប៉ះពាល់​សរសៃ​ពួរ​»​។ នេះ​ការ​ឱ្យ​ដឹង​ពីក្លិប PSG ក្នុង​សេចក្ដី​ប្រកាស ដោយ​បន្ថែម​ទៀត​ថា ការផ្ដល់​ព័ត៌មាន​បន្ថែម​ទៀត​ នឹង​ត្រូវ​ធ្វើ​ឡើង នៅ​ក្នុង ៧២ ​ម៉ោង​បន្ទាប់​។

កីឡាករ Neymar ចាប់​ផ្ដើម​ចូល​លេង​ជម្រើស​ដំបូងបាន​​ ១៣ ​ដងហើយ ក្នុង​ចំណោម ១៥ ​ហ្គេម សម្រាប់​ក្រុម PSG រដូវកាល​នេះ បន្ទាប់​ពី​មាន​ការ​ញាំញី​ដោយ​របួស ក្នុង​រយៈ​ពេល ៤ ឆ្នាំ នៅ​ប្រទេស​បារាំង​នេះ តែ​ពេល​នេះ កីឡាករ​វ័យ ២៩ ឆ្នាំ ត្រូវ​ប្រឈម​ជាមួយ​នឹង​ការ​អវត្តមាន​ ក្នុង​រយៈ​ពេល​យ៉ាង​យូរ​ម្ដង​ទៀត ក្រោយ​ពី​ត្រូវ​បាន​កីឡាករ Yvann Macon របស់​ក្រុម Saint-Etienne ផ្ដួល​ខ្លួន​ស្កាត់​យក​បាល់​ពី​ក្រោយ​។

ក្រុម​បុគ្គលិកពេទ្យ​ សែង Neymar របស់ PSG ចេញ​ពីទីលាន ក្រោយ​រង​របួស អំឡុង​ការ​ប្រកួត​ទល់​នឹង​​​ Saint-Etienne នៅ Ligue 1 កាល​ពី​ថ្ងៃ​អាទិត្យ​។ AFP

«​ការ​ជួប​នូវ​សំណាង​អាក្រក់​ជាបន្ត​បន្ទាប់​ គឺ​ជា​ចំណែក​ជីវិត​របស់​អត្តពលិក។ ឥឡូវ​នេះ វាបាន​កើត​ឡើង​ហើយ ដូច្នេះ អ្នក​ត្រូវ​តែ​ទាញ​ខ្លួន​ឯង​មក​វិញ ហើយ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ។ ខ្ញុំ​នឹង​ត្រឡប់​មកវិញ ដោយ​ប្រសើរ​ជាង​មុន និង​ខ្លាំង​ជាងមុន​»​។ នេះជា​​ការ​សរសេរ​រៀប​រាប់​ពីកីឡាករ Neymar នៅលើ​បណ្ដាញសង្គម​ Instagram កាល​ពី​ថ្ងៃ​ចន្ទ​។

កីឡាករ Neymar អាច​នឹង​ត្រឡប់​មក​ទាន់​ការ​ប្រកួត ក្នុង​វគ្គ ១៦ ក្រុម​ចុង​ក្រោយរបស់​ក្របខ័ណ្ឌ Champions League នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ​។ ក្រុម PSG របស់​លោក Mauricio Pochettino ធានា​បាន​សិទ្ធិ ដើម្បី​ឆ្លង​ទៅ​វគ្គ​បន្ត នៅ​អឺរ៉ុប ក្នុងនាម​ជា​ក្រុម​លេខ ២ ក្នុង​ពូល A ដោយ​នៅ​ពី​​ក្រោម​​ក្រុម Manchester City ហើយ​ពេល​នេះ កំពុង​នាំ​មុខ​ដាច់​ដល់​ទៅ ១២ ពិន្ទុ នៅ​ទី​កំពូល​​តារាង ​នៃ​​ក្របខ័ណ្ឌ​ Ligue 1​។

ជាមួយ​គ្នា​នេះ កីឡាករ Neymar ក៏​​រួម​ចំណែក​ជួយ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ដណ្ដើម​បាន​សិទ្ធិ​ទៅលេងជុំ​ចុង​ក្រោយ ក្នុង​ព្រឹត្តិការណ៍ World Cup នា​ឆ្នាំ​ក្រោយ នៅ​ប្រទេស​កាតា​រួច​ហើយ​ដែរ ដែល​មាន​ន័យ​ថា រូប​គេ​មិន​ចាំ​បាច់​ប្រញាប់​ប្រញាល់​នោះឡើយ ក្នុង​ការ​ត្រឡប់​មក​ចូល​លេង ក្នុង​ហ្គេម ទល់​នឹង​ក្រុម​អេក្វាទ័រ និង​ប៉ារ៉ាហ្គាយ នា​ថ្ងៃ​ទី ២៧ ខែ​មករា និង​ថ្ងៃ​ទី ១ ខែ​កុម្ភៈ​៕ AFP/VN