ក្រុងប៉ារីស​: ខ្សែប្រយុទ្ធ​ឆ្នើម Lionel Messi បានទទួល​​ស្គាល់​ថា ការ​ឈ្នះ​ពាន Copa America ជាមួយ​ក្រុម​ជម្រើស​​ជាតិ​អា​ហ្ស​ង់​ទីន អាចជា​កត្តា​ដ៏​សំខាន់​ក្នុងការ​កំណត់ឱ្យ​រូបគេ​ទទួលបាន​ពានរង្វាន់​ឯកត្តជន Ballon d''Or ជា​លើក​ទី៧ បន្ទាប់ពី​មាន​ឆ្នាំ​ដ៏​ច្របូកច្របល់ ខណៈដែល​កីឡាការិនី​សញ្ជាតិ​អេ​ស្ប៉ា​ញ Alexia Putellas ជា​អ្នក​កាន់​ពាន​នេះ​ផ្នែក​ស្ត្រី​។​

​កីឡាករ Messi វ័យ ៣៤ ​ឆ្នាំ បាន​យកជ័យ​ជម្នះ​លើ​គូប្រជែង ដែល​ទទួលបាន​ការគាំទ្រ​ច្រើន​ដែរ កីឡាករ Robert Lewandowski និង Karim Benzema ដើម្បី​លើក​ពានរង្វាន់​នេះ នៅឯ​ពិធី​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ កាល​​ពីថ្ងៃ​ចន្ទ ក្នុង​ក្រុងប៉ារីស ជា​ក្រុងដែល​ឥឡូវនេះ រូបគេ​ចាត់ទុកជា​ផ្ទះ បន្ទាប់ពី​បាន​ចាក​ចេញពី​ក្លិប​កុមារភាព Barcelona មកកាន់​ក្រុម Paris Saint-Germain កាលពី​ខែសីហា​។​

​ទោះ​មានការ​លាគ្នា​ទាំង​ទឹក​​ភ្នែក​ពី​ក្លិប Barca និង​ការចាប់​​ផ្តើម​ជីវិត​ដ៏​លំបាក ក្នុងប្រទេស​បារាំង​ក៏ដោយ ក៏​ការវិនិច្ឆ័យ​ពី​អ្នកសារព័ត៌មាន​ជុំវិញ​ពិភព​​លោក បានផ្តល់​ពានរង្វាន់​នេះ​ដល់​រូបគេ​ជាពិសេស សម្រាប់​តួនាទី​ជា​ប្រធាន​ក្រុម​អា​ហ្ស​ង់​ទីន រហូត​បានរួម​ចំណែក​ជួយ​ឱ្យ​ឈ្នះ​ពាន​ធំ​លក្ខណៈ​អន្តរជាតិ​លើកដំបូង គិត​ចាប់តាំងពី​ឆ្នាំ​ ១៩៩៣ មក​។​

«២​ ឆ្នាំ​កន្លងទៅ ខ្ញុំ​គិតថា ខ្ញុំ​មក​ទីនេះ ជា​ឆ្នាំ​ចុងក្រោយ តែ​ខ្ញុំ​កំពុង​ឈរ​នៅទីនេះ ម្ដងទៀត​»​។ នេះ​ជា​សម្ដី​របស់ Messi ដែល​បានឈ្នះ​ចុងក្រោយ សម្រាប់​ពាន Ballon d''Or នេះ ក្នុង​ឆ្នាំ​ ២០១៩ មុនពេល​កម្មវិធី​នេះ ត្រូវបាន​ផ្អាក កាលពី​ឆ្នាំមុន ដោយសារ​ជំងឺឆ្លង​រាតត្បាត​។​

Messi ដែល​បាន​លើក​ពាន​នេះ​ផងដែរ ក្នុង​ឆ្នាំ ​២០០៩, ២០១០, ២០១១, ២០១២ និង​ឆ្នាំ​ ២០១៥ បន្តទៀតថា​៖ «​មនុស្ស​ជាច្រើន ចាប់ផ្ដើម​សួរ​ខ្ញុំ​ថា តើ​ពេលណា ខ្ញុំ​នឹង​ចូល​​និវត្តន៍​? តែ​ពេលនេះ ខ្ញុំ​នៅទីនេះ ក្នុង​ក្រុងប៉ារីស ហើយ​ខ្ញុំ​មាន​ក្ដី​រីករាយ​ណាស់​។ ខ្ញុំ​មិនដឹងថា តើ​ខ្ញុំ​នៅសល់​ប៉ុន្មាន​ឆ្នាំ​ទៀត​ទេ​? តែ​ខ្ញុំ​សង្ឃឹមថា នឹង​នៅសល់​ច្រើន​ឆ្នាំ​ទៀត ព្រោះ​ខ្ញុំ​ពិតជា​រីករាយ នៅ​ឆ្នាំនេះ​»​។​

«​អ្វីដែល​ខ្ញុំ​សម្រេចបាន​ជាមួយ​អា​ហ្ស​ង់​ទីន គឺជា​សុបិន ដែល​ក្លាយជា​ការពិត​។ ខ្ញុំ​គិតថា ខ្ញុំ​ឈ្នះ​ពាន (Ballon d''Or) នេះ ដោយសារតែ​អ្វី ដែល​យើង​សម្រេចបាន នៅឯ​ព្រឹត្តិការណ៍ Copa America ដូច្នេះ ខ្ញុំ​សូម​ប្រគល់​ពាន​ដ៏​មានតម្លៃ​នេះ​ដល់​មិត្ត​រួម​ក្រុម​ទាំងអស់​របស់ខ្ញុំ​»​។ កីឡាករ Messi បាន​បន្ថែម​។​

​តែ​យ៉ាងណាក្ដី Messi បាន​លេង​តែ ១១​ ដង និង​ស៊ុត​បាន ៤ ​គ្រាប់​ប៉ុណ្ណោះ​ឱ្យ​ក្រុម PSG តាំងពី​មក​ចូលរួម​ជាមួយ​ក្រុម​អ្នក​មាននៅ​បារាំង ដោយ​ធ្វើឱ្យ​យល់ឃើញថា ឆ្នាំនេះ ម្ចាស់​ជយលាភី នឹង​ជា​កីឡាករ​ផ្សេង ក្នុងនោះ​ខ្សែប្រយុទ្ធ Lewandowski របស់​ក្រុម Bayern Munich សង្ឃឹម​ខ្ពស់​ជាងគេ​។​

​កីឡាករ​អន្តរជាតិ​ប៉ូឡូញ ត្រូវបាន​គេ​គិតថា នឹង​អាច​ឈ្នះ​តាំងពី​ឆ្នាំ ​២០២០ ម្ល៉េះ បន្ទាប់ពី​ស៊ុត​បញ្ចូល​ទី​បាន ៤៥ ​គ្រាប់ ពី​ការចូល​លេង ៣៧​ ហ្គេម ឱ្យ Bayern តែ​គួរឱ្យ​ស្ដាយ កម្មវិធី​ប្រគល់​ពាន​ដ៏​មាន​កិត្យានុភាព​នេះ ត្រូវបាន​លុបចោល​។​

Lewandowski បានបញ្ចប់​រដូវ​កាល​កន្លងទៅ ជាមួយនឹង​ការរកបាន​ដល់​ទៅ ៤១​ គ្រាប់ក្នុង​ហ្គេម នៅ​ក្របខ័ណ្ឌ Bundesliga តែ​ទទួលបាន​ចំណាត់​​ថ្នាក់​លេខ​ ២ ប៉ុណ្ណោះ ពី​ការ​បោះឆ្នោត ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​ទស្សនាវដ្ដី France Football និង​ដែល​បោះឆ្នោត​ដោយ​ក្រុម​អ្នកសារព័ត៌មាន​មកពី​ជុំវិញ​ពិភពលោក​។​

Jorginho ដែល​ឈ្នះ​ពាន Champions League ជាមួយ Chelsea និង​ពាន Euro 2020 ជាមួយ​ក្រុមអ៊ី​តា​លីជាប់​លេខ ​៣ ខណៈ​កីឡាករ Karim Benzema របស់ Real Madrid នៅ​លេខ ​៤ ហើយ​អតីត​ម្ចាស់​ពាន​នេះ ៥ ​សម័យកាល Cristiano Ronaldo ជាប់​លេខ ​៦៕ AFP/VN