​ក្រុង​ឡុង​ដ៍​: ក្រុម​បិសាច​ក្រហម Manchester United បានប្រកាស កាលពី​ថ្ងៃ​ចន្ទ​ថា ពួកគេ​បានតែងតាំង​លោក Ralf Rangnick ជា​គ្រូបង្វឹក​បណ្តោះ​​អាសន្ន​រហូតដល់​បញ្ច​ប់​រដូវ​កាល បន្ទាប់ពី​មានការ​បញ្ចប់​តួនាទី​របស់លោក Ole Gunnar Solskjaer​។​

​បុរស​សញ្ជាតិ​អាល្លឺម៉ង់​វ័យ ៦៣​ ឆ្នាំ មក​ចូលរួម​ជាមួយ​ក្លិប​យក្ស នៅ​ក្រុង​មេន​ឆេ​ស្ទ័​រ ដោយ​ការចាកចេញ​ពី​ក្លិប Lokomotiv Moscow នៅ​រុស្ស៊ី ដែល​នៅ​ទីនោះ គាត់​មាន​មុខងារ​ជា​ប្រធាន​ផ្នែក​កីឡា និង​ផ្នែក​អភិវឌ្ឍន៍ ហើយ​នៅពេល​បញ្ចប់​រដូវ​កាល លោក Rangnick នឹង​បន្ត​តួនាទី​ជាទី​ប្រឹក្សា​របស់​ក្លិប នៅ​ទឹកដី Old Trafford ២ ​ឆ្នាំ​បន្ថែមទៀត​។​

​គាត់​ត្រូវ​មក​ធ្វើ​ការងារ​ដឹកនាំ​ក្រុម​ជំនួស​លោក Michael Carrick ដែល​ធ្វើ​តួនាទី​បណ្ដោះ​​អាសន្ន​បាន ២ ​ហ្គេម ចាប់តាំងពី​លោក Solskjaer ត្រូវបាន​បណ្ដេញ កាលពី​ជាង ១​សប្ដាហ៍​កន្លងទៅ បន្ទាប់ពី​ទទួលបាន​លទ្ធផល​អាក្រក់​ជា​បន្តបន្ទាប់​។​

​នាយក​បាល់ទាត់​របស់​ក្លិប Man United លោក John Murtough ប្រាប់​ឱ្យដឹងថា​៖ «​គាត់ (Rangnick) គឺជា​បេក្ខភាព​ទី​១ របស់​យើង សម្រាប់​តំណែង​អ្នកចាត់ការ​បណ្ដោះអាសន្ន ដោយ​ពិចារណា​ចំពោះ​ភាពជា​អ្នកដឹកនាំ និង​ជំនាញ​ខាង​តិច​និក ដែល​គាត់​នឹង​យក​ពីបទ​ពិសោធ​នៃ​ការ​ដឹកនាំ និង​ធ្វើជា​គ្រូបង្ហាត់ ក្នុង​រយៈពេល​ជិត ៤​ ទសវត្សរ៍​»​។​

​អតីត​អ្នកចាត់ការ​ក្រុម RB Leipzig លោក Rangnick បាន​ប្រាប់ថា លោក​មាន​ក្ដីរំភើប​ណាស់​ដែល​បាន​ចូលរួម​ជាមួយ​ក្រុម Man United ហើយ​ថា គាត់​កំពុង​ផ្ដោត ក្នុងការ​បង្កើតឱ្យមាន​រដូវ​កាល​ដ៏​ជោគជ័យ សម្រាប់​ក្លិប ដែល​កំពុង​យ៉ាប់​យ៉ឺ​ន​មួយ​នេះ​។​

​ក្រុម Man United ពេលនេះ កំពុង​ឈរ​នៅក្នុង​ចំណាត់ថ្នាក់​លេខ​៨ ក្នុង​តារាង​ពិន្ទុ​របស់​ក្របខ័ណ្ឌ Premier League បន្ទាប់ពី​ប្រកួត​ស្មើ​ជាមួយ​ក្រុម​កំពូល​តារាង Chelsea ១-១ កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​កន្លងទៅ​៕ AFP/VN