​ភ្នំពេញៈ អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ លោក Yusuke Shinoda បានចាត់ទុក​ការចាកចេញ​ជា​បន្ត​​បន្ទាប់​របស់​កីឡាករ នៅ​ចុង​​បញ្ចប់​នៃ​រដូវ​កាល ថា​ជា​ផល​លំបាកទាំង​សម្រាប់​ក្លិប និង​អ្នកគាំទ្រ​របស់ខ្លួន ប៉ុន្តែ​លោក​បាន​អះអាងថា អង្គ​រថា​យ​ហ្គឺ​រ នៅតែ​មិន​ប្តូរ​គោលដៅ ក្នុងការ​​ប្រកួត​រក​តំណែង​ជើងឯក ដើម្បី​ផ្តល់​ភាព​រីករាយ​ដល់​អ្នកគាំទ្រនៅក្នុង​ឆ្នាំ ​២០២២​។​

«​រៀងរាល់​ចុងបញ្ចប់​នៃ​រដូវ​កាល គឺ​មិនដែល​ងាយស្រួល​សម្រាប់​យើង និង​អ្នកគាំទ្រ​ឡើយ ដែលមាន​កីឡាករ​ជា​​ច្រើន​ចាកចេញ​។ មូលហេតុ​នោះ វា​ជាការ​សម្រេចចិត្ត​របស់​យើង និង​ជាការ​សម្រេចចិត្ត​របស់​កីឡាករ​ខ្លួនឯង​ផ្ទាល់ ដែល​ពួកគេ​ចង់​ទទួល​បានការ​ប្រកួតប្រជែង​ថ្មី​ជាមួយនឹង​កម្រិត​ដ៏​ខ្លាំង​មួយទៀត ទោះ​​បី​ជា​យើង​ចង់ រក្សាទុក​ពួកគេ ដើម្បី​ប្រកួតប្រជែង​សម្រាប់​រដូវ​កាល​ក្រោយ​ក៏ដោយ តែ​វា​ជា​ពេលវេលា​ដ៏​ល្អ ដែល​កីឡាករ​របស់​យើង ក្ដោប​យក​ឱកាសល្អៗ​ដទៃទៀត​»​។ នេះ​ជាស​ម្តី​របស់លោក Yusuke Shinoda ដែល​បានប្រកាស នៅលើ​ផេ​ច​ហ្វេ​ស​ប៊ុ​ក​ក្លិប​ផ្ទាល់ កាលពី​ថ្ងៃ​ចន្ទ​។​

​ការលើកឡើង​បែបនេះ របស់​អ្នកគ្រប់គ្រង​ទូទៅ​ជនជាតិ​ជប៉ុន លោក Yusuke Shinoda ក៏​ព្រោះតែ​កីឡាករ​ល្អៗ ធ្លាប់មាន​បទពិសោធ លេង​ឱ្យ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ ច្រើន​រដូវ​កាល បានសម្រេច​ចាកចេញ​ពី​ក្រុម​មាន​មូលដ្ឋាន នៅ​ខេត្តសៀមរាបមួយ​នេះ ជា​បន្ត​បន្ទាប់ ដើម្បី​ទៅ​ចូលរួម​ជាមួយ​ក្លិប​ថ្មី ដែល​កំពុង​លេង​នៅ​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច ហ៊ុន សែន ដូចគ្នា​។

​តាម​ព័ត៌មាន​ផ្លូវការ ដែល​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ បានឱ្យដឹងថា ខ្សែការពារ​ធ្លាប់​លេង​ឱ្យ​ក្លិប​ ៤ ​រដូវ​កាល ឈ​ង់ ប៊ុន​ណាត ខ្សែបម្រើ​ធ្លាប់​រួមរស់​ជាមួយគ្នា​ចំនួន​៣​ឆ្នាំ ឡុង ភា​រ៉ា​ត និង​ខ្សែបម្រើ ឡុង ម៉េង​ហាវ ដែល​ធ្លាប់បាន​ជួយ​ក្រុម​ពេញ​ ១ ​រដូវ​កាល ឆ្នាំ ​២០២១​ នេះ សុទ្ធតែ​បានសម្រេច​ចាក​ចេញពី អង្គ​រថា​យ​ហ្គឺ​រ​។ ជាមួយគ្នានេះ អង្គ​រថា​យ​ហ្គឺ​រ ក៏បាន​ចែកផ្លូវ​ជាមួយ​កីឡាករ​បរទេស Maksim Taleyko, Kosuke Uchida និង Ata Inia ខណៈ​គ្រូ​បង្គោល Oriol Segura ក៏បាន​ឈប់​ផងដែរ បន្ទាប់ពី​លោក​បាន​ដឹកនាំ​ក្រុម​នេះ ចំនួន​ ៤​ ឆ្នាំ ជាមួយ​ការ​ឈ្នះ​ ៤៨ ស្មើ​ ២៥ និង​ចាញ់ ​២៧​ ដង ក្នុងការ​ប្រកួត​សរុប​ចំនួន​ ១០០ ​លើក​។

តែ​ទោះបីជា​យ៉ាងណា ក្លិប​អង្គ​រថា​យ​ហ្គឺ​រ នៅតែ​មិន​ប្តូរ​ចក្ខុវិស័យ និង​គោលដៅ ក្នុងការ​ប្រជែង​រក​តំណែង​ជើងឯក ជាមួយនឹង​កីឡាករ​ចំណូល​ថ្មី ដែល​ទើបបាន​ចុះ​កុងត្រា​។ លោក Yusuke Shinoda បាន​បញ្ជាក់ថា​៖ «​ចក្ខុវិស័យ និង​គោលដៅ​របស់​ក្លិប គឺ​ក្លាយជា​ជើងឯក ដែល​វា​មិន​ប្រែ​ប្រួល​នោះទេ​។ ទោះបីជា​កីឡា​ករ​ល្អៗ​របស់​យើង​ចាក​ចេញទៅ​ក៏ដោយ ប៉ុន្តែ​យើង​នៅតែ​ផ្ដោតលើ​ការងារ​របស់​ពួកយើង ជាមួយ​ការចុះហត្ថលេខា​យក​កីឡាករ​ល្អៗ​ថ្មីៗ និង​ចង់​ផ្ដល់ឱកាស​ដល់​កីឡាករ​វ័យក្មេង ដែលមាន​ទេពកោសល្យ​របស់​យើង​»​។​

​លោក Yusuke Shinoda បាន​បន្ថែមថា​៖ «​តាម​ដែល​ខ្ញុំ​ចាំ បន្ទាប់ពី​រដូវ​កាល ២០២០ បានបញ្ចប់ គ្រប់គ្នា​បាន​ភ្ញាក់​​ផ្អើល និង​មិន​រំពឹង​ពី​ការរីក​ចម្រើន​របស់​យើងក្នុង​រដូវ​កាល ២០២១ នោះទេ ប៉ុន្តែ​ឆ្នាំ ​២០២១ គឺជា​រដូវ​កាល​ដ៏​ល្អ​បំផុត​របស់​យើង ចាប់តាំងពី​យើង បានចាប់ផ្តើម​ក្នុង​ឆ្នាំ ២០១៥​ មក ហើយ​ពួកយើង ក្នុងនាម​ជា​ក្រុម​តែមួយ នឹង​ព្យាយាម​បង្កើត​ពេលវេលា​រីករាយ សម្រាប់​អ្នក​រាល់គ្នា ក្នុង​ឆ្នាំ ​២០២២»៕