
តំណាងក្រុមទាំង ៨ បានថតជាមួយអ្នករៀបចំការប្រកួត នៅក្នុងសន្និសីទកាសែត ដែលត្រូវបានធ្វើឡើង កាលពីថ្ងៃខចន្ទ។ រូប សហការី
ភ្នំពេញៈ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពាក់កណ្ដាលអាជីព ដណ្ដើមមេដាយមាសពានរង្វាន់ «ក្រុមអធិរាជបាល់ទះ ISI PIPE-ISI PALM» នឹងចាប់ផ្ដើមប្រកួតប្រជែងគ្នា ទៅតាមខែនីមួយៗ ដែលមានរយៈពេល ៥ ខែ ដើម្បីស្វែងរកក្រុមខ្លាំងៗ ឡើងទៅប្រកួតជុំផ្តាច់ព្រ័ត្រ ដណ្តើមយកប្រាក់រង្វាន់ចំនួន ២០ លានរៀល និង ១០ លានរៀល។
តាមខ្លឹមសារ ដែលបានប្រកាស នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃចន្ទ កន្លងមកនេះ បានឱ្យដឹងថា ព្រឹត្តិការណ៍ កីឡាបាល់ទះដ៏ថ្មីសន្លាងមួយនេះ នឹងប្រើទម្រង់លេង ៤ ស្មើ ដោយ ១ ខែៗមាន ៨ ក្រុម ត្រូវប្រកួតប្រជែងគ្នា តាមរូបមន្តចាញ់ធ្លាក់ៗ យកក្រុមលេខ ១ និងលេខ ២ នៅតាមខែទាំង ៤ សរុបចំនួន ៨ ក្រុម ឡើងទៅប្រកួតជុំផ្តាច់ព្រ័ត្រ នៅក្នុងខែទី៥។
លោក ស៊ ដាវុធ អ្នកសម្របសម្រួលកម្មវិធីប្រកួតនេះ បានប្រាប់ថា៖ «ការប្រកួតក្នុង ១ រដូវកាលនេះ មានរយៈពេល ៥ ខែ ដោយ ១ ខែៗ មាន ៨ ក្រុមចូលរួម ដែលត្រូវប្រកួតជម្រុះជ្រើសរើសយកក្រុមចំណាត់ថ្នាក់លេខ ១ និងលេខ ២ ឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ នៅខែទី៥ ដែលជាខែប្រកួតបញ្ចប់រដូវកាល»។
លោកបន្តថា សម្រាប់ការប្រកួតប្រចាំខែទី១ នឹងធ្វើឡើងពីថ្ងៃទី២ ដល់ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២១ នេះ តែការប្រកួតធ្វើតែថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រទេ ដោយចាប់ផ្តើមពីល្ងាចម៉ោង ៦ តទៅ ហើយការជ្រើសយកថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ សម្រាប់ប្រកួតនេះ គឺដើម្បីសម្រួលពេលវេលាសមរម្យដល់កីឡាករ ព្រោះពួកគេមិនមានពេលគ្រប់គ្រាន់ ដ្បិតអីកីឡាករខ្លះរវល់ការងារ និងការប្រកបអាជីវកម្មផ្សេងៗជាដើម។
ចំណែកលោក ស្រ៊ឺ ស្រេង ហៅ សំណព្វ ប្រធានក្រុមរៀបចំ និងសម្របសម្រួលកម្មវិធីនេះ បានប្រាប់ឱ្យដឹងទៀតថា បើទោះបីជាការប្រកួតនេះ មិនស្ថិតក្រោមការរៀបចំរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ប៉ុន្តែលក្ខខណ្ឌនៃការប្រកួត គឺយើងអនុវត្តទៅតាមស្តង់ដា គឺមិនមានការប៉ាស់សេ (លើកបាល់) ជាប់ដៃ ដូចការប្រកួតស៊ីលុយ លក្ខណៈឯកជននោះទេ ហើយជាមួយគ្នានេះ ក្រុមដែលបានធ្លាក់នៅក្នុងខែនីមួយៗ អាចចុះឈ្មោះចូលរួមប្រកួត នៅក្នុងខែបន្តបន្ទាប់ទៀតបាន គឺយើងអនុញ្ញាត។
យ៉ាងណាមិញ សម្រាប់ក្រុមទាំង៨ ដែលត្រូវប្រកួតប្រជែងគ្នា ក្នុងខែទី ១ ខែធ្នូនេះ មានក្រុមក្រសួងមហាផ្ទៃA, Conserv Players, យុវជនជាយដែន, ហង្សពិឃាដ, យុវជនកីឡាបាល់ទះ, Club Golden9, វរសេនាតូចអន្តរាគមន៍លេខ ២៥១ និងក្រុមក្រសួងមហាផ្ទៃ B ហើយការប្រកួតជម្រុះប្រចាំសប្តាហ៍ទី១ ក្រុមក្រសួងមហាផ្ទៃ A ត្រូវប៉ះក្រុម Conserv Players នាថ្ងៃព្រហស្បតិ៍ និងក្រុមយុវជន- ជាយដែន ត្រូវជួប ហង្សពិឃាដ នៅថ្ងៃសុក្រ ដោយចាប់ផ្តើមពីម៉ោង ៦ ល្ងាចតទៅដូចគ្នា។
ទាក់ទងនឹងប្រាក់រង្វាន់វិញ លោក សំណព្វ បានបញ្ជាក់ថា៖ «សម្រាប់ប្រាក់រង្វាន់ប្រកួតប្រចាំ ខែនីមួយៗ គឺលេខ ១ នឹងទទួលបាន ៦ លានរៀល លេខ ២ បាន ៣ លានរៀល ចំណែកក្រុមធ្លាក់ចេញ ក៏មានថវិកាលើកទឹកចិត្តផងដែរ ហើយចំពោះការប្រកួតជុំផ្ដាច់ព្រ័ត្រ នៅខែទី៥ (បិទរដូវកាល) វិញ ក្រុមជើងឯក នឹងទទួលបានប្រាក់ចំនួន ២០ លានរៀល រីឯក្រុមជើងឯករង បានប្រាក់រង្វាន់ចំនួន ១០ លានរៀល»៕