
លោក Justin Helferich (រាប់ពីស្តាំ) លោក វ៉ាត់ ចំរើន និងលោក សែម ផល្លា ពេលថ្លែង នៅក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃពុធ នៅ NOCC។ រូបថត សហការី
ភ្នំពេញ៖ មន្រ្តីជំនាញរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន បានអះអាងនៅក្នុងសន្និសិទកាសែត ថា ការរៀបចំឱ្យមានព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៦ នៅអង្គរ ដែលយើងសម្រេចជាគោលការ ធ្វើនៅថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២២ គឺជាថ្ងៃចាប់ផ្តើមសកម្មភាពកីឡា និងទេសចរណ៍ឡើងវិញ ដោយ NOCC ទទួលបាននូវការឯកភាពពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តីពីការរៀបចំព្រឹត្ដិការណ៍កីឡាទេសចរណ៍ឡើងវិញនេះ។
ជាមួយគ្នានេះ ការរៀបចំឱ្យមានទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុង នៅអង្គរ ឡើងវិញនេះ បានក្លាយជាសារមួយ ដើម្បីអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ និងបរទេសរស់នៅ ក្នុងស្រុកខ្មែរ ដែលមិនទាន់បានចុះឈ្មោះ គឺអាចមកចុះឈ្មោះចូលរួមរត់ប្រណាំងនេះបាន ដោយការទទួលពាក្យមានរយៈពេលមួយសប្តាហ៍ទៀត ទើបបិទបញ្ជី។
លោក វ៉ាត់ ចំរើន បានបន្ថែមថា៖ «យើងខកខានរៀបចំព្រឹត្តិការណ៍កីឡារយៈពេលជិត ២ឆ្នាំ ហើយឥឡូវនេះ ដល់ពេលយើង នាំគ្នាទៅមើលមុខមាត់ថ្មី នៃតំបន់អង្គរវត្ត ប្រកបដោយភាពស្រស់ស្អាត ភាពបៃតង សួនច្បារ ជាដើម គឺយើងទាំងអស់គ្នា អាចទៅកម្សាន្តផង រត់ប្រណាំង ដើម្បីសុខភាពជាគ្រួសារផង»។
«អ្វីដែលពិសេស នៃទិវារត់ប្រណាំងអន្តរជាតិ លើកទី២៦ ឆ្នាំ២០២២នេះ គឺការស្តារឡើងវិញ នូវវិស័យកីឡា-ទេសចរណ៍សេដ្ឋកិច្ចសង្គម ជាមួយការចាកចេញបន្តិចម្តងៗ ពីវិបត្តិជំងឺកូវីដ ១៩ ហេតុនេះយើងទាំងអស់គ្នា ត្រូវត្រៀមលក្ខណៈឱ្យបានល្អ ដើម្បីជួយជ្រោមជ្រែងការឧបត្ថម្ភគាំទ្រ ទាំងស្មារតី ទៅលើព្រឹត្តិការណ៍កីឡាទេសចរណ៍អន្តរជាតិមួយនេះ ដើម្បីទាញមកវិញ នូវការរីកចម្រើនផ្នែកសេដ្ឋកិច្ចសង្គម និងសេចក្តីសង្ឃឹមជាបន្តបន្ទាប់ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣»។ លោក វ៉ាត់ ចំរើន បានបញ្ជាក់។

តាមរយៈការរៀបចំឱ្យមានការប្រកួតឡើងវិញនេះ NOCC និងក្រុមហ៊ុន Manulife និងដៃគូឧបត្ថម្ភគាំទ្រទាំងអស់ បានប្តេជ្ញាចិត្តថា នឹងរួមគ្នាធ្វើឱ្យព្រឹត្តិការណ៍នេះ កាន់តែធំ និងទាក់ទាញភ្ញៀវទេសចរណ៍ ព្រមទាំងអ្នករត់ប្រណាំងអន្តរជាតិឱ្យបានច្រើន គឺមានចំនួនជាង ១ ម៉ឺននាក់ ដូចកាលមុនកូវីដ១៩ មកដល់ ព្រមទាំងធ្វើឱ្យបាន ៣ ម៉ឺននាក់ ក្នុងរយៈពេល ៥ ឆ្នាំ ឬ ១០ឆ្នាំខាងមុខ។
លោក សែម ផល្លា នាយកចាត់ការទូទៅទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ បានអំពាវនាវឱ្យប្រជាពលរដ្ឋ រួសរាន់ចុះឈ្មោះចូលរួមរត់ប្រណាំងនេះឱ្យបានកាន់តែច្រើនបន្ថែមទៀត ដោយយើងនៅបើកទទួលការចុះឈ្មោះ ១ សប្តាហ៍បន្ថែមទៀត។
លោកបានបន្តថា៖«គិតមកដល់ពេលនេះ មានអ្នកចុះឈ្មោះជិត ២០០០ នាក់ ហើយ ដូច្នេះខ្ញុំសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ បន្តគាំទ្រការរៀបចំទិវានេះឡើងវិញឱ្យបានល្អដូចកាលមុនៗ។ កន្លងមក គណៈកម្មការបានកំណត់ចំនួនអ្នកចូលរួមត្រឹម ២៥០០ នាក់ប៉ុណ្ណោះ ដើម្បីបង្ការការការរីករាលដាលនៃជំងឺកូវីដ ១៩ ប៉ុន្តែពេលនេះ មិនកំណត់តាមចំនួននេះទេ ដោយបើកទូលាយច្រើនជាងចំនួនកំណត់ពីមុន»។
ចំណែកលោក Justin Helferich អគ្គនាយកប្រតិបត្តិ និងជានាយកចាត់ការទូទៅក្រុមហ៊ុន Manulife បានថ្លែងថា ក្រុមហ៊ុន បានបន្តធ្វើជាម្ចាស់ឧបត្ថម្ភធំ ក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិមួយនេះ ដោយសេចក្តីសោមនស្សរីករាយ ព្រោះក្រុមហ៊ុន បានជួយគាំទ្រដល់ព្រឹត្តិការណ៍នេះ តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ៕