ក្រុងឡុងដ៍៖ លោក Thomas Tuchel បាន​ប្រាប់ កាល​ពី​ថ្ងៃ​អង្គារ​ថា ខ្សែ​បម្រើ Jorginho របស់​ក្រុម Chelsea មិន​ចាំ​បាច់​​ត្រូវ​ការ​ការ​ទទួល​បាន​កិត្តិ​យស ឬ​តម្លៃ​ពីពាន Ballon d''Or ដើម្បី​ជា​ការ​បង្ហាញ​ថា រូប​គេស្ថិត​ក្នុង​ចំណោម​​កីឡាករ​ល្អ​បំផុត ​របស់​ពិភព​លោក​នោះ​ឡើយ បន្ទាប់​ពី​កីឡាករ​អន្តរជាតិអ៊ីតាលីរូបនេះ បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ៣ ពី​កម្មវិធី​​ប្រគល់​ពាន​រង្វាន់​ សម្រាប់​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​។

ខ្សែ​ប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Lionel Messi របស់​ក្រុម Paris Saint-Germain ជា​ម្ចាស់​ជយ​លាភី​ពាន Ballon d''Or ជា​លើក​ទី ៧ កាល​ពី​ថ្ងៃ​ចន្ទ ហើយ​ខ្សែ​ប្រយុទ្ធសញ្ជាតិ​ប៉ូឡូញ Robert Lewandowski របស់ក្រុម Bayern Munich ឈ្នះទី ២ ខណៈ​ដែល​កីឡាករ Jorginho ទទួល​បាន​សំឡេង​ឆ្នោត​ច្រើន​ទី ៣។

កីឡាករ Jorginho បាន​រួម​ចំណែក​ជួយ​ឱ្យ​ក្រុម Chelsea ឈ្នះ​ពានក្របខ័ណ្ឌ Champions League កាល​ពី​រដូវកាល​មុន ហើយ​បន្ទាប់​មក ក៏​កា្លយ​ជា​កីឡាករ​ដ៏​សំខាន់ ក្នុង​ជោគជ័យ ដែល​ក្រុម​ជម្រើស​ជាតិអ៊ីតាលីលើក​ពាន Euro 2020 តែ​ក្នុង​ខណៈ​ដែលកីឡាករ​វ័យ ២៩​ឆ្នាំ រូបនេះ មិនអាច​បញ្ចប់​ឆ្នាំ​ដ៏​គួរ​ឱ្យ​ចង​ចាំ ​ជាមួយ​នឹង​ការ​ឈ្នះ​ពាន Ballon d''Or នោះ គ្រូ​បង្វឹក​លោក​ Tuchel មាន​បំណង​ជួយ​កីឡាករ​របស់​គាត់ឱ្យទទួល​បាន​សមិទ្ធផលល្អ​ ជាមួយ​ក្រុម​ទាំង​មូល ជាជាង​ការ​ទទួល​បាន​កិត្តិយស ​ជាលក្ខណៈ​ផ្ទាល់​ខ្លួន​។

អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់ លោក Tuchel បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា៖ «​ខ្ញុំ​មាន​ការ​ងឿង​ឆ្ងល់​អំពី​ការ​ប្រគល់​ពាន​រង្វាន់​ឯកត្តជន​នេះ ព្រោះ​ការ​ប្រកួត​ប្រជែង មាន​លក្ខណៈ​ស្មុគស្មាញ​ណាស់ ដោយ​វា​មាន​ការ​ពាក់​ព័ន្ធ​នឹង​សំណាង ព្រម​ទាំង​ការ​ប្រឹង​ប្រែង​របស់​ក្រុម​ទាំង​មូល​។ មិន​អាច​មាន​កីឡាករ​តែម្នាក់ ឈ្នះ​ការ​ប្រកួត​បាល់​ទាត់​នោះឡើយ​ វា​ជា​រឿង​ទៅ​មិន​រួច​នោះទេ​»​។

ដោយ​ត្រូវ​បាន​សួរ​ថា តើ​គាត់បាន​​រំពឹងទេ​​ថា កីឡាករ Lewandowski នឹង​ឈ្នះ​ពាន​រង្វាន់ Ballon d''Or នេះ បន្ទាប់​ពី​មាន​នូវ​សមិទ្ធ​ផល​ដ៏​អស្ចារ្យ​ចំនួន ២ រដូវកាល ជាប់ៗ​គ្នា​នោះ លោក Tuchel បាន​តប​ថា​៖ «ខ្ញុំ​សុំ​ប្រើ​សិទ្ធិ ក្នុង​ការ​មិន​បញ្ចេញ​ការ​យល់​ឃើញ​ ចំពោះ​ការ​ប្រគល់​ពាន​នេះ»​។

«​យើង​មាន​កីឡាករ​ផ្ទាល់​ខ្លួន​របស់​យើងម្នាក់ (Jorginho) ដែល​បាន​រួម​ចំណែក​ទាំង​អស់ ក្នុង​ពាន​រង្វាន់​សំខាន់ ដូច្នេះ វា​នឹង​មិន​មាន​អ្វី​គួរ​ភ្ញាក់ផ្អើល​នោះឡើយ ប្រសិន​បើគេ​ឈ្នះ​ពានរង្វាន់​នេះ​​។ វា​ជា​ការ​ជ្រើសរើស ហើយ​វា​​ជាការ​បោះ​ឆ្នោត។ នៅ​ពេល​អ្នក​ត្រូវ​បានជ្រើស​រើស អ្នក​ទទួល​យក​វា​ចុះ ហើយ​ប្រសិន​បើ​អ្នក​មិន​ទទួល​បាន​ការគាំទ្រ​ទេ អ្នក​ក៏​ត្រូវ​ទទួល​ស្គាល់​ ហើយ​ជីវិតដំណើរ​ការ​ទៅ​មុខសាមញ្ញធម្មតា​»​។ លោក Tuchel បាន​បន្ថែម​។​​

ជាមួយ​គ្នា​នេះ ក្នុងកម្មវិធីប្រគល់​រង្វាន់ នៅឯ​ក្រុង​ប៉ារីស​នោះ ក្រុម Chelsea ត្រូវ​បាន​បោះ​ឆ្នោត​ជាក្រុម​ល្អ​ជាង​គេ ប្រចាំ​ឆ្នាំ​។ បន្ទាប់​ពី​ឈ្នះ​ពាន Champions League នៅ​រដូវកាល​ដំបូងរបស់​គាត់ លោក Tuchel កំពុង​សម្លឹង​ពីការ​គ្រង​ជើង​ឯក​ក្រប​ខ័ណ្ឌ Premier League ដែល​ពេល​នេះ ក្រុមរបស់​លោក កំពុង​ឈរ​ទី ១ ក្នុង​តារាង​ពិន្ទុ​​ ដោយ​នាំ​មុខ ១ ពិន្ទុ លើ​​ក្រុម​លេខ ២ Manchester City​ មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​របស់​ក្រុម Watford នៅ​ថ្ងៃ​ពុធ​នេះ​៕ AFP/VN