ក្រុង​ញូវខាសល៖ កីឡាករ Teemu Pukki បាន​បដិសេធ​ការ​ឈ្នះ​លើក​ដំបូង​របស់​ក្រុម​ដែល​សល់​គ្នា​ ១០ ​នាក់ Newcastle United នា​រដូវកាល​នេះ​ ខណៈដែល​ក្រុម Norwich City តាម​ស្មើ ១-១ ពី​ការ​ប្រកួត នៅ​កីឡដ្ឋាន St James'' Park កាល​ពី​ថ្ងៃ​អង្គារ ប៉ុន្តែ​បាន​ខ្ជះ​ខ្ជាយ​ឱកាស​ដ៏​ធំ ក្នុង​ការ​ធ្វើ​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ ​មាន​ការ​​ភ័យ​ខ្លាច​កាន់​តែ​ខ្លាំង​ ពី​​ការ​ធ្លាក់​ចេញពី​ក្របខ័ណ្ឌ Premier League​​។

ក្រុម Newcastle ត្រូវ​លេង​ត្រឹម​តែ​គ្នា ១០ នាក់ ជាង ៨០​ នាទី បន្ទាប់​ពី​ខ្សែ​ការពារ Ciaran Clark ទទួល​បាន​កាត​ក្រហម ដោយសារ​ទាញ​ខ្សែ​ប្រយុទ្ធ Pukki​។ តែ​យ៉ាង​ណា​ក្ដី ក្រុម Norwich ដោយ​ភាគ​ច្រើន បាន​បណ្ដោយ​ឱ្យ​ឱកាស​បាត់​បង់​ឥត​ប្រយោជន៍ ក្នុង​ការ​ព្យាយាម​ ដើម្បី​យក​ផល​ពី​ការ​មាន​សមជិក​ច្រើន​ជាងនេះ ហើយ​មិន​តែ​ប៉ុណ្ណោះ ថែម​ទាំង​ត្រូវ​តាម​ពី​ក្រោយ ចំពោះ​គ្រាប់​បាល់​របស់​កីឡាករ Callum Wilson ដែល​បាន​មក​ពី​ការ​ទាត់​ប៉េណាល់​ទី​ ដើម្បី​ជួយ​ឱ្យ​ក្រុម Newcastle នាំ​មុខ​ទៀត​ផង​។​

កីឡាករ Pukki ស៊ុត​បាល់​ក្នុង​លម្ហបញ្ចូល​ទី​យ៉ាង​ស្អាត ដើម្បី​ឱ្យ​មាន​លទ្ធផល​ស្មើ នៅ​ប្រមាណ​ជា ១១ នាទី ចប់​ការ​ប្រកួត ហើយ​ក្រុម​ភ្ញៀវ Norwich គួរ​តែ​អាច​ដណ្ដើម​បាន ៣ ពិន្ទុ​ដ៏​សំខាន់​នេះ ក្នុង​ម៉ោង​បន្ថែម​បង្គ្រប់ នៅ​ពេល​ដែល​កីឡាករ Pierre Lees-Melou មាន​ឱកាស​ស៊ុត​ តែ​ត្រូវ​បាន​សង្គ្រោះ​ដោយ​អ្នក​ចាំ​ទី Martin Dubravka របស់​ក្រុម Newcastle​។

Kenny McLean (ឆ្វេងទី ២) របស់ Norwich លោតប្រជែងតែត​បាល់​ជាមួយ Joelinton របស់ Newcastle អំឡុង​ការប្រកួត នៅ Premier League កាល​ពី​ថ្ងៃអង្គារ។ AFP

ការ​ចែក​គ្នា ១ ពិន្ទុ​នេះ មិន​សូវ​ជាផ្ដល់​ផល​ល្អ​​នោះឡើយ​​ សម្រាប់​ក្ដី​សង្ឃឹម​របស់​ក្រុម​ទាំង ២ ក្នុងការ​បាន​​ឡើង​ឱ្យ​ផុត​ពី​តំបន់​គ្រោះ​ថ្នាក់​ ជាពិសេស​ក្រុម Newcastle ដែល​នៅ​បាត​តារាង កំពុង​មាន​គម្លាត ៦ ពី​ក្រុម​នៅ​តំបន់​សុវត្ថិភាព ក្រោយ​បញ្ចប់​ហ្គេម​ទី ១៤ របស់​ខ្លួន​នេះ។

តែ​យ៉ាង​ណាក៏​ដោយ ក៏គ្រូបង្វឹក​របស់ក្រុម Newcastle លោក Eddie Howe នៅ​តែ​សរសើរ​កូន​ក្រុម​របស់​លោក ដោយ​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍ថា កីឡាករ​ទាំង​អស់ បានបង្ហាញ​ឱ្យ​ឃើញ​នូវ​ភាពអត់​ធន់​យ៉ាង​ពិត​ប្រាកដ ដែល​យើង​ត្រូវ​ការ​ជា​ចាំ​បាច់​ សម្រាប់​ការ​ប្រកួត​នាពេល​បន្ទាប់​។ ប្រសិន​បើ​យើង​អាច​ធ្វើ​បែប​នោះ​បាន ពេល​លេង ១១ ទល់​នឹង ១១ យើង​ច្បាស់​ជា​ឈ្នះ​ជាមិន​ខាន​»​។

គ្មាន​ក្រុម​ណា របូត​គ្រាប់​បាល់​ច្រើន​ជាង​ក្រុម Newcastle នៅ Premier League នេះ នារដូវកាល​នេះ ខណៈ​ដែល​ក្រុម Norwich ជា​ក្រុម​ ដែល​រក​គ្រាប់​បាន​តិច​បំផុត ហើយ​ការ​ខ្វះ​គុណភាព ក្នុង​បញ្ចប់​ទី ត្រូវ​បាន​ឃើញ​យ៉ាង​ច្បាស់ ក្នុង​ហ្គេម​នេះ ទោះ​បី​ជា​ពួក​គេ បាន​បង្កើត​ឱកាស​យ៉ាង​ច្រើន​ក៏​ដោយ​៕ AFP/VN