​ក្រុង​មី​ឡាន​: ក្រុម​សេះបង្កង់ Juventus បានគេច​ផុតពី​ការ​ខកចិត្ត នៅផ្ទះ​របស់​ក្រុម Salernitana ជាមួយនឹង​ការ​យកឈ្នះ ២-០ កាលពី​ថ្ងៃ​អង្គារ ដែល​លទ្ធផល​នេះ នាំ​​មក​នូវ​ភាព​វិជ្ជមាន​បាន​វិញ​ខ្លះ បន្ទាប់ពី​បាន​ជួប​នូវ​សប្តាហ៍​ដ៏​លំបាក ខណៈដែល​ក្រុម Atalanta កំពុង​សសៀរ​ខ្លួន​ម្ដង​បន្តិចៗ ទៅ​ក្បែរ​ក្រុម នៅ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Serie A បន្ទាប់ពី​ខ្សែប្រយុទ្ធ Mario Pasalic ធ្វើបាន​ហ៊ែ​ត​ទ្រិ​ក (​ស៊ុត ៣​គ្រាប់​) ក្នុង​ជ័យជម្នះ ៤-០ ក្នុងផ្ទះខ្លួនឯងលើ​ក្រុម Venezia​។​

​ខ្សែប្រយុទ្ធ​ទាំង ២ គឺ Paulo Dybala និង Alvaro Morata ធ្វើបាន​សម្រេច​ម្នាក់ ១ ​គ្រាប់ ទាំង​ក្នុង​វគ្គ​ទី១ និង​ទី២ ដើម្បី​ជួយ​ឱ្យ​ក្រុម Juve ដណ្ដើមបាន ៣​ពិន្ទុ​ដ៏​សំខាន់ ពី​ការ​​ប្រកួតនៅ​កីឡដ្ឋាន Stadio Arechi នេះ តែ​យ៉ាងណា ពួកគេ​ឈរ​នៅ​លេខ ៧ ដោយ​តាម ៧ ​ពិន្ទុ​ពីក្រោម​ក្រុម​លេខ ៤ Atalanta ដែលជា​ការ​ឈរ​នៅ​ចំណាត់ថ្នាក់​ចុងក្រោយ​គេ ក្នុងការ​បាន​សិទ្ធិ​ទៅលេង នៅ​ក្របខ័ណ្ឌ Champions League រដូវ​កាល​ក្រោយ​។​

​ក្រោយ​ការប្រកួត​បញ្ចប់ ខ្សែការពារ Giorgio Chiellini បាន​ប្រាប់​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ DAZN ថា​៖ «​នៅពេលនេះ យើង​ត្រូវការ​ការដឹង​ពី​ការ​​ទទួលខុសត្រូវ​ជាង​ពេលណាៗ​ទាំងអស់​។ យើង​មិនចាំបាច់​ធ្វើ​អ្វី​ផ្សេង ក្រៅតែពី​រឿង​សាមញ្ញ​ធម្មតា​នោះឡើយ យើង​ត្រូវធ្វើ​រឿង​សាមញ្ញ​ធម្មតា តែ​ប្រកប​​ដោយ​ភាព​វៃឆ្លាត​។ ថ្ងៃនេះ យើង​បានធ្វើ​រឿង​ហ្នឹង​»​។​

​ដោយឡែក ការប្រកួត នៅឯ​កីឡដ្ឋាន Gewiss វិញ ការធ្វើ​បាន​ហ៊ែ​ត​ទ្រិ​ក​របស់​កីឡាករ Pasalic បានរួម​ចំណែក​យ៉ាង​​ធំ ក្នុង​ការជួយ​ឱ្យ​ក្រុម Atalanta បន្ត​នូវ​ទម្រង់​យ៉ាង​​អស្ចារ្យ​របស់ខ្លួន​ទៀត ហើយ​រំកិល​កាន់តែ​កៀក​នឹង​ក្រុម​នៅ​ទី​កំពូល​តារាង ដោយមាន ៣១​ ពិន្ទុ ក្រោយ​បញ្ចប់​ហ្គេម​ទី១៥ នេះ​។​

​បន្ទាប់ពី​បានធ្វើ​ដំណើរ​ទៅយក​ជ័យជម្នះ​ដល់ផ្ទះ​របស់​ក្រុម Juve ក្រុម Atalanta ក៏​ធ្វើបាន​នូវ​លទ្ធផល​ល្អ​ទៀត ដោយ​ការ​ដណ្ដើមបាន​ជោគ​​ជ័យ​យ៉ាង​ត្រចះត្រចង់​ជា​លើក​ទី៤ បន្តបន្ទាប់​គ្នា សម្រាប់​ហ្គេមក្នុង​លី​គ ជាមួយនឹង​គ្រាប់​បាល់ ដែល​ស៊ុត​ដោយ​កីឡាករ Pasalic នៅ​នាទី​ទី​៧ ១២ និង ​៦៧ ព្រមទាំង​គ្រាប់​​បាល់​ពី​កីឡាករ Teun Koopmeiners នៅ​នាទី​ទី​៥៧​។​

​ក្រុម Atalanta របស់លោក Gian Piero Gasperini អត់​ទាន់​ចាញ់​នោះទេ​សម្រាប់​ការ​​ប្រកួតនៅក្នុង​ប្រទេស​អ៊ី​តា​លី ចំនួន ៨ លើកចុងក្រោយ ហើយ​ពេលនេះ មិនត្រូវ​បាន​ដកចេញ​នោះឡើយ​ពី​ក្នុងចំណោម​ក្រុម ដែល​ប្រកួត​​ប្រជែង​ជើងឯក ក្រោយពី​ទម្លុះ​សំណាញ់​ទី​របស់​ក្រុម ដែល​ទើប​ឡើងមក​ថ្មី Venezia បើ​ទោះបីជា​បានធ្វើការ​ផ្លាស់ប្ដូរ​កីឡាករ​ជាច្រើនរូប ពី​ជម្រើស​ដំបូង ដែល​លេង​ទល់នឹង​ក្រុម​ Juve នៅ​ក្រុង​ទូ​រី​ន កាលពី​ថ្ងៃ​សៅរ៍​ក៏ដោយ​៕ AFP/VN