ក្រុង​ឡុង​ដ៍​: លោក Ray Kennedy ដែល​ធ្លាប់​លេង​ឱ្យ​ក្រុម Liverpool និង Arsenal បាន​ស្លាប់ កាលពី​ថ្ងៃ​អង្គារ ក្នុង​វ័យ ​៧០​ ឆ្នាំ ក្រោយ​តស៊ូ​យ៉ាងយូរ​ជាមួយនឹង​ជំងឺ​ផាក​ឃី​ន​សុន (​ជំងឺ​ពាក់ព័ន្ធ​នឹង​ខួរក្បាល​)​។​

​លោក Kennedy ដែលជា​អតីត​តារាបាល់ទាត់​ដ៏​លេចធ្លោ ទាំង​នៅក្នុង​ក្លិបនា​ទឹកដី Anfield និង​ក្លិប​នៅ​ភាគ​ខាងជើង​ក្រុង​ឡុង​ដ៍ ចាប់ផ្ដើម​មាន​ជំងឺ​ផាក​ឃី​ន​សុន ក្នុង​ឆ្នាំ​ ១៩៨៤​។ លោក​បាន​ជួយ​ឱ្យ​ក្រុម Liverpool ឈ្នះ​ពាន European Cup (Champion League) ៣​លើក និង​ពាន​លី​គ​កំពូល​របស់​ប្រទេស​អង់គ្លេស ៥​ ដង ក្រោយពី​បានមក​ចូលរួម ដោយ​ការចាកចេញ​ក្រុម Arsenal ក្នុង​ឆ្នាំ​ ១៩៧៤​។​

​លោក Kennedy ល្បីល្បាញ​គ្រាប់​បាល់​ដ៏​សំខាន់ ដែល​ជួយ​ឱ្យ Liverpool ស្មើ​ក្រុម Bayern Munich ក្នុង​ហ្គេម នៅ​ជើង​ទី២ វគ្គ​ទី៤​ ​ក្រុម​ចុងក្រោយ ដែល​ធ្វើឱ្យបាន​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ និង​ឈ្នះ​ពាន​។​

​លោកក៏​ជា​កីឡាករ​សំខាន់​ផងដែរ​សម្រាប់​ក្រុម Arsenal ក្នុង​ឆ្នាំ​ ១៩៧១ ពេលដែល​ពួក​គេ​ឈ្នះ​ជើងឯក​លី​គ​កំពូល​អង់គ្លេស និង​ពាន FA Cup ដោយ​ការ​មានជោគ​ជ័យ​លើ​ក្រុម Liverpool​។

«​គ្រប់គ្នាក្នុង​ក្លិប Liverpool កំពុង​គិត និង​បារម្ភ ចំពោះ​ក្រុម​​គ្រួសារ និង​មិត្តភក្ដិ​របស់លោក Ray (Kennedy) សម្រាប់​ពេលវេលា​ដ៏​លំបាក និង​សោក​សៅ​នេះ​»​។ នេះ​ជាការ​ប្រកាស​ពី​ក្លិប Liverpool កាលពី​ថ្ងៃ​អង្គារ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ដល់​សាច់ញាតិ​របស់លោក Kennedy ដែល​ស៊ុត​បញ្ចូល​ទី​បាន ៧២ ​គ្រាប់​ឱ្យ​ក្រុម ពី​ការ​​បង្ហាញខ្លួន ៣៩៣​លើក ក្នុង​រយៈពេល ៨​ ​ឆ្នាំ​។​

​ជាមួយ Arsenal ដែល​គាត់​បានចាប់ផ្ដើម​អាជីព ក្នុង​ឆ្នាំ​ ១៩៦៨ នៅ​អាយុ ១៨​ ឆ្នាំ នោះ លោក Kennedy រក​គ្រាប់​បាល់​បាន ៧១ ​គ្រាប់ ពី​ការ​បង្ហាញខ្លួន ២១២ ​ហ្គេម​៕ AFP/VN​