​ភ្នំពេញៈ អគ្គលេខាធិការ​ក្លិប​បាល់ទាត់​គិរីវង់​សុខ​សែន​ជ័យ បាន​អះអាងថា ថ្នាក់ដឹកនាំ​របស់ខ្លួន ពិតជា​មានការ​ខកចិត្ត​ខ្លាំង ទៅលើ​លទ្ធផល​នៃ​ការប្រកួត​ជើង​ទី​២ ក្នុង​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០២១ ដែល​ទើបបាន​បញ្ចប់កាលពីពេល​ថ្មីៗ​នេះ ដែល​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តតាកែវមួយ​នេះ ធ្វើ​មិន​បានល្អ​សោះ​។​

«​ឆ្នាំ​ ២០២១ ជា​រដូវ​កាល​ដ៏​យូរ​មួយ ដោយសារតែ​ស្ថានភាព​ជំងឺ​រាតត្បាត​សកល តែ​យ៉ាងណា​យើង​បានបញ្ចប់​ពាន​លី​គ​កំពូល ខណៈ​បណ្តា​ប្រទេស​មួយចំនួនទៀត មិនទាន់បាន​បញ្ចប់​នៅឡើយ​។ នេះ​ជាការ​លើកឡើង​របស់លោក Florian នៅលើ​ផេ​ច​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្លិប​គិរីវង់​សែន​ជ័យ កាលពី​ថ្ងៃ​ពុធ​។​

​អគ្គលេខាធិការ​ក្លិប លោក Florian បន្តថា​៖ «​ទាក់ទង​នឹង​លទ្ធផល​រដូវ​កាល​មុន (​ឆ្នាំនេះ​) យើង​បានសម្រេច​តាម​គោលដៅ ដោយ​ស្ថិតនៅ​ក្រុម​លំដាប់​កំពូល​ទាំង​ ៨ ប៉ុន្តែ​ថ្នាក់ដឹកនាំ​មានការ​​ខកចិត្ត​ជាខ្លាំង សម្រាប់​លទ្ធផល​ជើង​ទី​២ ដោយ​យើង​រំពឹងថា នឹង​អាច​រំខាន​ក្លិប​ធំៗ ក្នុងការ​ប្រកួត​ប្រជែង ហើយ​នាំយក​ជ័យជម្នះ​ជូន​ក្លិប ប៉ុន្តែ​យើង​ធ្វើ​មិន​បានល្អ​ទាល់តែសោះ​»​។​

​សម្រាប់​ការប្រកួត​លី​គ​កំពូល ឆ្នាំ ​២០២១ ​នេះ ក្រុម​គិរីវង់ បានជាប់​នៅក្នុង​ចំណោម​ក្រុម​កំពូល តារាង​ទាំង ​៨ (Top8) ដែលមាន​សិទ្ធិ ប្រកួតប្រជែង​យកពាន នៅ​ជុំ​ទី​២ បន្ទាប់ពី​ពួកគេ បាន​លេខ​ ៨ ក្រោយ​បញ្ចប់​ការប្រកួត​ជុំ​ទី​១ ប៉ុន្តែ​តាមរយៈ​ការប្រកួត​វិលជុំ​ទាំង ​៧ ​លើក ក្នុង​ជុំ​ទី​២ គិរីវង់បាន​ចាញ់​ទាំងអស់ គឺ​ចាញ់​ក្រុម​កង​យោធ​​ពល​ខេមរភូមិន្ទ ៣-១ ចាញ់ ភ្នំពេញ​ក្រោ​ន ៣-១ ចាញ់​ក្រុម​បឹងកេត ៣-២ ចាញ់​អង្គ​រថា​យ​ហ្គឺ​រ ៦-១ ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង ៦-០ និង​ចាញ់​ណាហ្គា​វើ​លដ៍ ក្នុង​លទ្ធផល ៥-២​។​

​ជាមួយ​កំណត់ត្រា​ដ៏​អាក្រក់ ក្នុង​ជើង​ទី​២ ដើម្បី​ទទួលបាន​លេខ​៨​ក្នុង​លី​គ​កំពូល ប្រចាំឆ្នាំ​ ២០២១ ដោយមាន​ត្រឹម ​១៣ ​ពិន្ទុ ជាមួយ​ការ​ឈ្នះ ​៤ ស្មើ ​១ និង​ចាញ់​រហូតដល់ ​១៤ ​ដង ក្នុងការ​ប្រកួត​ទាំង ​២ ​ជើង​នោះ ក្រុម​គិរីវង់ ក៏បាន​ជួប​ការខកចិត្ត​ផងដែរ នៅក្នុង​ការ​ប្រកួត​ថ្នាក់ជាតិ ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ ​២០២១ ខណៈ​ពួកគេ បាន​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​ ១៦ ​ក្រុម​ដំបូង ក្រោយ​ចាញ់​ក្រុម​អាស៊ី​អឺរ៉ុប ៣-២ នោះ​។​

​យ៉ាងណាក៏ដោយ តាងនាម​ឱ្យ​ក្លិប​គិរីវង់​សុខ​សែន​ជ័យ លោក Florian បាន​ថ្លែងអំណរគុណ​ទៅដល់​គ្រូ​បង្គោល​ជនជាតិ​ថៃ លោក Ekapob Potisai ​សម្រាប់​ការប្រឹងប្រែង​ជួយ​ក្លិប​៣​រដូវ​កាល​កន្លងមក និង​បាន​ជួយ​អភិវឌ្ឍ​សមត្ថភាព​កីឡាករ​ថ្នាល​យុវជន​របស់​ក្រុម​មួយ​នេះ កាន់​តែមាន​អនាគត​ភ្លឺស្វាង​។ ជាមួយគ្នានេះ គិរីវង់ ចង់​បង្កើត​នៅ​រជ្ជកាល​ថ្មី ដោយ​ការមិន​បន្ត​កុងត្រា​ឱ្យ​កីឡា​ករ​ភាគច្រើន ដើម្បី​បើកផ្លូវ​ក្នុងការ​នាំយក​កីឡាករ​ថ្មីៗ មាន​បទ​ពិសោធ ចូល​មកជួយ​ក្រុមនា​រដូវ​កាល​ថ្មី ឆ្នាំ ​២០២២​។​

​លោក Florian បាន​បញ្ជាក់ថា​៖ «​ឥឡូវនេះ យើង​នឹងមាន​រជ្ជកាល​មួយ​ថ្មី ជា​ប្រវត្តិសាស្ត្រ​របស់​ក្លិប ប្រសិនបើ​យើង​ចង់​បន្ត​រីកចម្រើន និង​ឈាន​ឆ្ពោះទៅមុខ​។ នៅក្នុង​ដំណាក់កាល​ផ្លាស់​​ប្តូរ​នេះ យើង​បាន​សម្រេចចិត្ត សម្រាប់​ការចាកចេញ និង​មិន​បន្ត​កុងត្រា​ដល់​កីឡាករ​ជាច្រើន ដើម្បី​នាំយក​កីឡាករ​ថ្មីៗ ដែលមាន​បទពិសោធ ក៏ដូចជា​ផ្តល់ឱកាស​ដល់​កីឡាករ​ថ្នាល​យុវជន​របស់​យើង ដូច​អ្វីដែល​យើង បាននិងកំពុង​ធ្វើ​កន្លងមក​»​។​

​ជាមួយគ្នានេះ អគ្គលេខាធិការ​ក្លិប​លោក Florian បានធ្វើ​ការសន្យា ទៅកាន់​អ្នកគាំទ្រ​ដ៏​ស្មោះ​​ស្ម័គ្រ​របស់​ក្រុម​គិរីវង់​សុខ​សែន​​ជ័យ​ថា​៖ «​យើង​សន្យាថា នឹង​យើង​ខិតខំ​ប្រឹងប្រែង​ឱ្យ​កាន់តែខ្លាំង​ឡើងៗ សម្រាប់​រដូវ​កាល​បន្ទាប់ និង​ធ្វើឱ្យ​អ្នកគាំទ្រ មាន​មោទនភាព សម្រាប់​ក្លិប​នេះ​។ យើង​ទន្ទឹងរង់ចាំ​អ្នកគាំទ្រ​របស់​យើង​រួចរាល់​ហើយ សម្រាប់​រដូវ​​កាល​ខាងមុខនេះ​»៕