
បេក្ខភាពទាំង ៤ នាក់ ដែលត្រូវប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់ នៅសង្វៀនថោន ថ្ងៃអាទិត្យនេះ។ រូបថត សហការី
ភ្នំពេញៈ កីឡាករមានជំនាញទាំងប្រដាល់សកល និងគុនខ្មែរ អ៊ូច ធារិទ្ធ បានអះអាងថា នៅក្នុងចំណោមបេក្ខភាព ៣ នាក់ផ្សេងទៀត ដែលត្រូវបានផ្គូផ្គង និងដាក់ឱ្យប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន នៅលើសង្វៀនថោន នាថ្ងៃអាទិត្យខាងមុខនេះ រូបគេមានការបារម្ភតែទៅលើអ្នកលេងកណ្តាប់ដៃ លាភ រដ្ឋា ម្នាក់ប៉ុណ្ណោះ ចំណែកបេក្ខភាពជាគូសត្រូវចាស់ ធន់ អៀនឡៃ និង គង់ ហូវ គេមិនខ្លាចញញើតនោះទេ។
ក្នុងចំណោមបេក្ខភាពកីឡាករទាំង ៤ នាក់នេះ ធន់ អៀងឡៃ ធ្លាប់ឈ្នះបានប្រាក់ពីកម្មវិធីនេះចំនួន ២ លើក ចំណែក អ៊ូច ធារិទ្ធ ធ្លាប់ឈ្នះបាន ១ លើក ខណៈ គង់ ហូវ និង លាភ រដ្ឋា មិនធ្លាប់ឈ្នះម្តងណាឡើយ។ តែទោះបីជាយ៉ាងណា សម្រាប់ការប្រកួតលើកនេះ អ៊ូច ធារិទ្ធ ខ្លាចរអាតែ លាភ រដ្ឋា ម្នាក់ទេ ចំណែក ធន់ អៀនឡៃ ដែលធ្លាប់ឈ្នះរូបគេទាំងចម្រូងចម្រាស ក្នុងការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់នៅសង្វៀន PNN នោះ ធារិទ្ធ មិនខ្លាចសោះ គឺបន់ឱ្យតែចាប់ឆ្នោតជួបគ្នា នៅវគ្គជម្រុះដំបូង ដើម្បីវ៉ៃឱ្យសន្លប់តែម្តង។
កីឡាករ អ៊ូច ធារិទ្ធ បាននិយាយថា៖ «សម្រាប់អ្នកទាំង៣នាក់ ដែលត្រៀមប្រកួតគ្នា គឺខ្ញុំគិតថា លាភ រដ្ឋា ជាឧបសគ្គធំចំពោះខ្ញុំ ព្រោះឥឡូវគាត់មានកណ្តាប់ដៃធ្ងន់ និងមានកម្លាំងនៅល្អ វាយចេញលឿន ហើយមិនងាយស្រុតចុះនោះទេ»។
សិស្សគណក្លិបអាណាចក្រគុនខ្មែរ អ៊ូច ធារិទ្ធ បានបន្ថែមថា៖ «កន្លងមក លាភ រដ្ឋា ធ្លាប់ប្រកួតចាញ់ខ្ញុំចំនួន ៥ លើកឯណោះ ប៉ុន្តែកាលពីសប្តាហ៍មុន ខ្ញុំប៉ះប្រកួតជាមួយ គឺគាត់យកឈ្នះខ្ញុំបានម្តង ក្នុងលក្ខណៈតឹងតែង ហើយបើជួបគ្នាសប្តាហ៍នេះ ខ្ញុំគិតថា លំបាករកវិធីឈ្នះណាស់ ព្រោះគាត់វាយលក្ខណៈអាងកម្លាំងដៃជាចម្បង អ៊ីចឹងបើយើងទប់ជាប់ ឬមិនជាប់ អាចសន្លប់ក្រោមកណ្តាប់ដៃបាន»។
យ៉ាងណាក៏ដោយ អ៊ូច ធារិទ្ធ បានបញ្ជាក់ថា៖ «ខ្ញុំនឹងព្យាយាមគេច និងវាយបកយកឈ្នះត្រឹមពិន្ទុ ហើយខ្ញុំគិតថា អាចធ្វើបាន ចំណែក ធន់ អៀនឡៃ ដែលធ្លាប់ឈ្នះពិន្ទុខ្ញុំ ដោយអយុត្តិធម៌នោះ ខ្ញុំគ្មានញញើត ឬខ្លាចអ្វីបន្តិចទេ គឺចង់ប៉ះគ្នាតាំងពីវគ្គដំបូង ដើម្បីផ្តួលឱ្យសន្លប់តែម្តង»។
ចំណែក លាភ រដ្ឋា ក៏បារម្ភទៅលើសមត្ថភាពរបស់ អ៊ូច ធារិទ្ធ ផងដែរ ទោះរូបគេសង្ឃឹមថា អាចឈ្នះបានប្រាក់លានជាលើកដំបូង នៅសង្វៀននេះក៏ដោយ។ «ខ្ញុំមានសង្ឃឹមឈ្នះបានប្រាក់លាន ក្នុងសប្តាហ៍នេះ ប៉ុន្តែនៅក្នុងចំណោមអ្នកប្រដាល់ទាំង ៣ នេះ ខ្ញុំលំបាកប្រកួតជាមួយ អ៊ូច ធារិទ្ធ ព្រោះគាត់ប្រើស្នៀតបានគ្រប់ផ្នែក និងមានបច្ចេកទេសវាយគេចលឿន លំបាកវាយឱ្យចូលដល់គោលដៅណាស់ ហើយក្រៅពី អ៊ូច ធារិទ្ធ ខ្ញុំមិនសូវព្រួយបារម្ភ ពីរឿងចាញ់ទេ»។
ចំពោះបេក្ខភាពរបស់ គង់ ហូវ មកពីខេត្តសៀមរាប ដែលមិនសូវមានការចាប់អារម្មណ៍ពីមហាជននោះ បានអះអាងថា៖ «ចំពោះខ្ញុំ មិនហ៊ានអះអាងពីលទ្ធផលយ៉ាងណានោះទេ ព្រោះគេសុទ្ធតែខ្លាំងៗ ប៉ុន្តែខ្ញុំធានាវ៉ៃអស់ពីសមត្ថភាព ចំណែកលទ្ធផលមិនហ៊ាននិយាយមុនទេ»។
ចំណែកលោក ធន់ សុភា គ្រូបង្វឹក ធន់ អៀនឡៃ បាននិយាយថា៖ «ឧបសគ្គធំរបស់ធន់ អៀនឡៃ មាន ២ នាក់ គឺ លាភ រដ្ឋា និង អ៊ូច ធារិទ្ធ ព្រោះអ្នកទាំង២នេះ មានបទពិសោធល្អ ជាកីឡាករចាស់វស្សា គឺពិតជាលំបាកឈ្នះណាស់។ តែទោះជាយ៉ាងណា ខ្ញុំនៅតែមានជំនឿថា កីឡាករ ធន់ អៀនឡៃ មានប្រៀបឈ្នះច្រើន គឺ ៧០ ភាគរយ»។
សម្រាប់បទពិសោធប្រកួតរបស់អ្នកទាំង ៤ នេះ កីឡាករ លាភ រដា្ឋ ចាស់វស្សាជាងគេ ប៉ុន្តែចំនួនប្រកួតតិចជាង អ៊ូច ធារិទ្ធ។ ធារិទ្ធ ធ្លាប់ប្រកួតបាន ១០២ ដង ឈ្នះ ៧៥ ចាញ់ ២២ ស្មើ ៥ ដង ក្នុងនោះផ្តួលដៃគូឱ្យសន្លប់បាន ៤០ ដង រីឯ លាភ រដ្ឋា ប្រកួតបាន ៦៧ ដង ឈ្នះ ៤២ ចាញ់ ១៨ ស្មើ ៧ ដង ក្នុងនោះផ្តួលដៃគេឱ្យសន្លប់បាន ១៣ ដង។
ចំណែកកីឡាករ ធន់ អៀនឡៃ ធ្លាប់ប្រកួតបាន ៧៩ ដង ឈ្នះ ៥៧ ចាញ់ ១៧ ស្មើ ៥ ដង ក្នុងនោះ ផ្តួលដៃគូឱ្យសន្លប់បាន ២០ ដង ហើយអ្នកប្រដាល់ គង់ ហូវ ធ្លាប់ប្រកួតបាន ៧៣ ដង ឈ្នះចំនួន ៥៦ លើកចាញ់ ១២ ស្មើ ៥ ដង ក្នុងនោះបានផ្តួលដៃគូឱ្យសន្លប់ចំនួន ១៣ ដង៕