ភ្នំពេញ៖ សហព័ន្ធ​កីឡា​ទាញ​ព្រ័ត្រ​កម្ពុជា​ បាន​​បើក​​​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​រៀប​ចំការ​ប្រកួត​កីឡា​ទាញ​ព្រ័ត្រ​កមិ្រត​មូល​ដ្ឋាន ដល់​សិក្ខាកាម​ចំនួន ៣១ នាក់ ​នៅ​សាល​ប្រជុំ ​នៃ​មន្ទីរ​អប់​រំ​កាយ​ និង​កីឡា​ ខេត្ត​កណ្តាល​ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ ហើយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី ​៤ ខែ ​ធ្នូ ឆ្នាំ ​២០២១ ​នេះ។

នៅ​ក្រោយ​បញ្ចប់​វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំង​ ៣១ នាក់ នេះ នឹង​ត្រូវ​ផ្តល់​ឱកាស​ឱ្យ​ចូល​រួម​រួមអនុវត្តការងារ​ដោយ​ផ្ទាល់ នៅក្នុងការ​ប្រកួតកីឡា​ទាញ​ព្រ័ត្រជ្រើសរើស​​ជើង​ឯក​ថ្នាក់​ជាតិ ឆ្នាំ ​២០២១ ដែល​នឹង​ត្រូវ​ធ្វើ​​នៅ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​ នោះ​​តែ​ម្តង​។ នេះ​បើ​តាម​មន្រ្តី​​​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា បាន​ប្រាប់​ឱ្យ​ដឹង។

លោក ​ឯម ​ហៀង ​អនុ​ប្រធាន​សហព័ន្ធ​កីឡាទាញ​ព្រ័ត្រ​​កម្ពុជា ដែល​បាន​ចូល​រួម​ការ​បើក​វគ្គបណ្តុះបណ្តាល តំណាង​ឱ្យ​​លោក​បណ្ឌិត ​មាស ​សារិន ជា​​ប្រធាន​សហព័ន្ធ​​ កាលពី​ព្រឹក​មិញ​នេះ បាន​និយាយ​ថា៖​ «​វគ្គ​សិក្សា​នេះ​ មាន​សារ​សំខាន់​ណាស់​ សម្រាប់​សិក្ខាកាម​​ ​ព្រោះ​ក្រោយ​ពី​បញ្ចប់​វគ្គ​នេះ​ភ្លាមៗ ​ពួកគាត់ ត្រូវ​ដាក់​​​ឱ្យ​​អនុវត្ត​ជាក់​ស្តែង ​​នៅ​ក្នុង​ការ​​ប្រកួត​កីឡា​ទាញ​ព្រ័ត្រ​ជ្រើស​រើស​ជើង​ឯក​ថ្នាក់ជាតិ ​ឆ្នាំ​ ២០២១ ចាប់​ពី​​ថ្ងៃ​ទី ៥ ដល់​ថ្ងៃទី ​៦ ខែ​ ធ្នូ ​ឆ្នាំ ​២០២១ ​នៅ​ខេត្ត​កណ្តាល​នេះ​តែ​ម្តង​»។

សិក្ខាកាម ដែល​កំពុងសិក្សា​វគ្គ​បណ្តុះបណ្តាលជំនាញរៀបចំការប្រកួតកីឡាទាញព្រ័ត្រកមិ្រតមូលដ្ឋាន នៅ​ខេត្តកណ្តាល។ រូប​ថត សហការី

លោក​បន្ត​ថា​ ហេតុ​នេះ​​វាជំរុញ​ឱ្យ​សិក្ខាកាម​ ត្រូវ​យក​ចិត្ត​ទុក​ដាក់ ក្នុងការ​​សិក្សា​ជា​មួយ​លោក​​គ្រូ ​អ្នក​គ្រូ​ ​ដែល​មាន​បទសោធ​រៀប​ចំ​ការ​ប្រកួត​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ ខណៈ​វគ្គ​បណ្តុះ​បណ្តាល​នេះ មាន​​សិក្ខាកាម​ចូល​រួម​ចំនួន​ ៣១ ​នាក់ ​(​ស្រី ​១៦ ​​នាក់) ​​​មាន​មក​ពី​រាជធានី​ភ្នំពេញ​ ក្រសួង​ការ​ពារ​ជាតិ ​និង​មហា​ផ្ទៃ​ ព្រម​ទាំង​ខេត្ត​ចំនួន​ ៤​ មាន ​ខេត្តរតនគីរី ​ខេត្តបាត់ដំបង ខេត្តកណ្តាល​ និង​ខេ​ត្តកំពង់ស្ពឺ។​

ទាក់ទងនឹងការ​​ប្រកួត​កីឡា​ទាញ​ព្រ័ត្រ​ថ្នាក់ជាតិនេះ កញ្ញា ​មាស ​តឿ​ អគ្គ​ហិរញ្ញិក​ សហព័ន្ធកីឡា​​ទាញ​ព្រ័ត្រ​កម្ពុជា ​បាន​​ប្រាប់​​ថា​ ​មាន​សមាគម​​កីឡា​ទាញ​ព្រ័ត្រ​ជា​ច្រើនបាន​​​ចូល​រួម​ប្រកួត​ប្រជែង​ រួម​​មាន​​សមាគម​កីឡា​ទាញព្រ័ត្រ​​អប់​រំ ​យុវជន ​និង​កីឡា​ខេត្ត​កំពត​ ខេត​កែប ខេត្ត​កណ្ដាល​ ខេត្ត​ស្វាយរៀង​ ខេត្ត​ព្រៃវែង ​ ខេត្ត​បាត់ដំបង សមាគម​កីឡា​ទាញ​ព្រ័ត្រ​បញ្ជា​ការ​ដ្ឋាន​កងទ័ព​ជើង​ទឹក​, រាជធានី​ភ្នំពេញ​ សមាគម​កីឡាទាញព្រ័ត្រ​ក្រសួង​ការពារជាតិ​ និង​ក្រសួង​មហា​ផ្ទៃ​។​

ចំណែក​លោក​ស្រី​ ប្រាក់​ សម្ភស្ស​ ធ្លាប់​កាន់​តួនាទី​ជា​អគ្គ​លេខាធិការ​សហ​ព័ន្ធ​កីឡាទាញ​ព្រ័ត្រ​កម្ពុជា ដែល​​ជា​គ្រូ​ឧទ្ទេស ក្នុង​​វគ្គបណ្តុះបណ្តាលនេះ បាន​​និយាយ​ថា​៖ ​«កីឡា​ទាញ​ព្រ័ត្រ​នេះ​សំខាន់​ និង​មាន​សកត្តា​នុពល​ល្អ​ ក្នុង​ការ​ប្រ​កួត​ប្រជែង​លក្ខណៈ​អន្តរជាតិ​ ហើយ​​កីឡា​ប្រភេទនេះ ​មើល​មួយ​ភ្លែត​ថា ​ស្រួល ​ប៉ុន្តែ​បច្ចេកទេស​មាន​ច្រើន ​ពី​​ព្រោះ​មិន​អាច​ប្រើ​តែ​កម្លាំង អត់​បច្ចេកទេស​បាន​នោះ​ទេ»​៕​​​