
គង់ សំបូរ ត្រូវប្រកួតជាមួយ វី សម្ភស្ស នៅលើសង្វៀន PNN។ សហការី
ភ្នំពេញៈ កីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជា វី សម្ភស្ស ដែលកំពុងមានសមត្ថភាពលេចធ្លោខ្លាំង ដោយទទួលបានជ័យជម្នះជាបន្តបន្ទាប់ ជាពិសេសទើបតែឈ្នះជើងឯកប្រាក់លានប្រដាល់សកល កាលពីសប្តាហ៍មុននោះ មានការជឿជាក់ថា រូបគេអាចនឹងផ្តួល គង់ សំបូរ ឱ្យសន្លប់បានវិញ សម្រាប់ការជួបគ្នាជាថ្មី ក្នុងកម្មវិធី ONE STRIKE ប្រកួត ២ ទឹក មាន ១៤ នាទី នៅលើសង្វៀន PNN នាថ្ងៃអាទិត្យ ខាងមុខនេះ។
សម្រាប់ការប្រកួតសងសឹករបស់ វី សម្ភស្ស ទៅលើ គង់ សំបូរ លើកនេះ ត្រូវបានគេគិតថា នឹងមានឆាកប្រយុទ្ធល្អផ្តាច់គូដទៃ ព្រោះអ្នកទាំង ២ នេះ មានជំនាញពិសេសខុសៗពីគ្នា គឺ គង់ សំបូរ មានជំនាញស្នៀតទាត់ ឯ វី សម្ភស្ស មានជំនាញកណ្តាប់ដៃ។ ប៉ុន្តែចំពោះប្រវត្តិប្រកួតវិញ គឺខុសគ្នាឆ្ងាយណាស់ ព្រោះ គង់ សំបូរ ប្រកួតបានខ្ទង់ ១០០ ដង ឯ វី សម្ភស្ស ទើបតែបានខ្ទង់ជាង ៣០ ដងប៉ុណ្ណោះ ហើយក្នុងប្រវត្តិនេះ គង់ សំបូរ ធ្លាប់ផ្តួល វី សម្ភស្ស ឱ្យសន្លប់បានម្តងរួចមកហើយ។
យ៉ាងណាក៏ដោយ មកដល់បច្ចុប្បន្ននេះ វី សម្ភស្ស មានកម្រិតបច្ចេកទេសល្អខ្លាំង បន្ទាប់ពីរូបគេ បានផ្លាស់ប្តូរមកនៅក្លិបនាយកដ្ឋានអង្គរក្ស ជាមួយលោកគ្រូបង្វឹក ស៊ន អេលីត ហើយកំណត់ត្រាប្រកួតមួយរយៈចុងក្រោយនេះ វី សម្ភស្ស ឈ្នះចំនួន៧ ប្រកួតជាប់គ្នាៗ ទាំងប្រដាល់សកល និងប្រដាល់គុនខ្មែរ។ ចំណែកការប្រកួតសងសឹក គង់ សំបូរ លើកនេះ វី សម្ភស្ស មានការជឿជាក់ថា រូបគេនឹងអាចវាយផ្តួល គង់ សំបូរ ឱ្យសន្លប់បានវិញ។
វី សម្ភស្ស បាននិយាយថា៖ «ខ្ញុំត្រៀមបានល្អ ដើម្បីផ្តួល គង់ សំបូរ ដើម្បីសងសឹកឱ្យបានវិញ។ ការប្រកួតនេះ គង់ សំបូរ មិនអាចឈ្នះខ្ញុំ ដោយផ្តួលឱ្យសន្លប់ដូចមុននោះទេ។ លើកនេះ នឹងស៊ីសងគ្នា ក្នុងរយៈពេល ២ ទឹក មាន ១៤ នាទី គឺមិនធម្មតាទេ ហើយខ្ញុំរំពឹងឈ្នះ ៧០ ភាគរយដោយមានជំនឿលើកណ្តាប់ដៃរបស់ខ្ញុំ»។
តែទោះបីជាយ៉ាងណា គង់ សំបូរ ក៏មានការជឿជាក់ថា នឹងអាចបន្តរក្សាការឈ្នះលើ វី សម្ភស្ស ផងដែរ។ «ខ្ញុំធ្លាប់ប្រកួតគ្នាបានតែម្តគត់ នៅសង្វៀន CNC កន្លងមក គឺខ្ញុំបានប្រកួតឈ្នះដោយផ្តួល វី សម្ភស្ស ឱ្យសន្លប់ត្រឹមទឹកទី៣ ចំណែកការប្រកួតលើនេះ ខ្ញុំគិតថា នឹងការពារជ័យជម្នះឱ្យបាន ដោយសង្ឃឹមឈ្នះ៧០ភាគរយ។
«ខ្ញុំអាចការពារស្នៀតកណ្តាប់ដៃរបស់ វី សម្ភស្ស បាន គឺគ្មានបញ្ហាទេ ចំណែកក្បាច់ជង្គង់ និងទាត់ គឺខ្ញុំសង្ឃឹមថា មានប្រៀបជាង»។ នេះជាការបញ្ជាក់បន្ថែមរបស់សិស្សគណក្លិបគោព្រៃ គង់ សំបូរ ដែល៣ប្រកួតចុងក្រោយកន្លងមកនេះ រូបគេបានយកឈ្នះកីឡាករ អេលីត ភក្តី ឈ្នះ សោម ពិសិដ្ឋ និងឈ្នះកីឡាករ សេក គឹមរួន។
ជាមួយគ្នានេះ គង់ សំបូរ មានបទពិសោធប្រកួតនៅលើសង្វៀនច្រើនជាង វី សម្ភស្សចំនួន ៦៦ ដងឯណោះ ប៉ុន្តែគិតត្រឹមពេលនេះ ក៏មិនអាចវាយតម្លៃថា គង់ សំបូរ នឹងបន្តឈ្នះ វី សម្ភស្ស បាននោះដែរ។ គង់ សំបូរ ធ្លាប់ប្រកួតបាន ១០០ ដង ឈ្នះ ៦៨ ចាញ់ ២៩ ស្មើ ៣ ដង ក្នុងនោះផ្តួលដៃគូឱ្យសន្លប់បានចំនួន ២២ ដង ចំណែក វី សម្ភស្ស ប្រកួតបាន ៣៤ ដង ឈ្នះ ២១ ចាញ់ ១១ ស្មើ ២ ដង ក្នុងនោះផ្តួលដៃគូឱ្យសន្លប់បាន ១០ ដង៕