
លោក អ៊ូ រតនា (ឆ្វេង) និងលោក ឆាយ ជីញអ៊ី ពេលចុះ MOU ជាមួយគ្នា កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១។ រូប សហការី
ភ្នំពេញ៖អ្នកវិនិយោគជនជាតិចិន នៃសមាគមសេដ្ឋកិច្ចចិន-ខ្មែរគ័ងតុង ដែលកំពុងរកស៊ី នៅស្រុកខ្មែរ នោះ បានរួមគ្នាជួយ និងផ្តល់ជាទំនុកចិត្តយ៉ាងសំខាន់មួយទៀត ដល់ក្រុមជម្រើសជាតិកីឡាវ៉ូវីណាមកម្ពុជា ក្នុងការឈានទៅរកការដណ្តើមបានមេដាយមាស ពីការប្រកួតកីឡាស៊ីហ្គេម ជូនប្រទេសជាតិ ជាពិសេសការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ។
ការចូលរួមជួយនេះ គឺបន្ទាប់ពីថ្នាក់ដឹកនាំរបស់សមាគមសេដ្ឋកិច្ចចិន-ខ្មែរគ័ងតុង បានចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) ជាមួយប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា លោក អ៊ូ រតនា កាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២១ ដើម្បីជួយទំនុកបម្រុងដល់ក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជា ទៅតាមលទ្ធភាព ក្នុងរយៈពេល ៣ ឆ្នាំ។
លោក អ៊ូ រតនា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ពិធីចុះហត្ថលេខា MOU នៃកិច្ចសហប្រតិបត្តិការ រវាងសហពន្ធ័ និងសមាគមសេដ្ឋកិច្ចចិន-ខ្មែរគ័ងតុង នេះ ធ្វើឡើងនៅទីស្នាក់ការ សមាគមចិនពោចិនតុង ដែលមានការយល់ព្រមក្នុងរយៈពេល ៣ ឆ្នាំ ដែលសមាគម នឹងជួយឧបត្ថម្ភដល់សហព័ន្ធរបស់យើង ទៅតាមលទ្ធភាពនានាជាអចិន្ត្រៃយ៍ ដែលអាចធ្វើទៅតាម»។
ប្រធានសហព័ន្ធថ្មីរូបនេះ បានបន្ថែមថា៖ «កិច្ចសហប្រតិបត្តិការនេះ យើងចាប់ពីឆ្នាំ ២០២២ រហូតដល់ឆ្នាំ ២០២៥ ដើម្បីធ្វើយ៉ាងណាអភិឌ្ឍវ័ស័យកីឡាវ៉ូវីណាមនៅកម្ពុជា និងពង្រឹកសមត្ថភាពក្រុមកីឡាករ កីឡាការិនីវ៉ូវីណាមកម្ពុជា ឱ្យទាន់ពេលវេលា សម្រាប់ត្រៀមការប្រកួតដ៏សំខាន់ចំនួន ២ គឺស៊ីហ្គេម លើកទី ៣១ ឆ្នាំ ២០២២ និងស៊ីហ្គេម លើកទី ៣២ ដែលកម្ពុជា ត្រូវដណ្តើមមេដាយឱ្យបានច្រើន ក្នុងនាមជាម្ចាស់ផ្ទះ ឆ្នាំ ២០២៣»។

«នេះជាទឹកចិត្តស្រឡាញ់គាំទ្ររបស់សមាគមសេដ្ឋកិច្ចចិន-ខ្មែរ គ័ងតុង ក្នុងការឧបត្ថម្ភលើកទឹកចិត្ត ដល់ក្រុមអត្តពលិកជម្រើសជាតិវ៉ូវីណាម សម្រាប់កិច្ចសហប្រតិបត្តិការមិត្តភាពហើយបន្ថែមពីលើនេះ សមាគម បានប្តេជ្ញាថា នឹងជួយឧបត្ថម្ភដល់ការប្រកួតជ្រើសរើសកីឡាវ៉ូវីណាមផ្សេងៗប្រចាំឆ្នាំ ដោយមិនរំពឹងតែទៅលើថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ឬគណៈកម្មការជាតិរៀបចំការប្រកួតស៊ីហ្គេម នោះទេ»។
លោក អ៊ូ រតនា បានបញ្ជាក់ទៀតថា៖ «ឥឡូវនេះ យើងមានដៃគូឧបត្ថម្ភចំនួន ២ ហើយ ដោយពីមុន យើងមានក្រុមហ៊ុន NT SPORT ហើយពេលនេះ យើងមានដៃគូបន្ថែមពីសហគមសេដ្ឋកិច្ចចិន-ខ្មែរគ័ងតុង»។
ចំណែកលោក ឆាយ ជីញអ៊ី ប្រធានសហគមសេដ្ឋកិច្ចចិន-ខ្មែរគ័ងតុង បានមានប្រសាសន៍ថា៖ «ក្នុងនាមឱ្យសមាគមសេដ្ឋកិច្ចចិន-ខ្មែរគ័ងតុង ដែលមានអ្នកវិនិយោគចិនជាច្រើន កំពុងរកស៊ីនៅកម្ពុជា នោះ យើងបានបបួលគ្នាចូលរួម ដើម្បីជួយដល់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ឱ្យមានសក្តានុពល ក្នុងការដណ្តើមមេដាយជូនប្រទេសកម្ពុជា នាពេលអនាគត»។
ទាកទងទៅនឹងសកម្មភាពកីឡាវ៉ូវីណាមកម្ពុជា សម្រាប់ឆ្នាំ ២០២២ ខាងមុខនេះ លោកប្រធានសហព័ន្ធ លោក អ៊ូ រតនា បានឱ្យដឹងថា នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២២ យើងនឹងធ្វើការប្រកួតជម្រើសរើសជើងឯកថ្នាក់ជាតិ និងជាបន្តបន្ទាប់យើង នឹងរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹក និងធនធានមនុស្ស ឱ្យមានសក្តានុពល ដើម្បីដឹកនាំឱ្យទទួលបានលទ្ធផលល្អ៕