ក្រុង​ម៉ាឌ្រីដ​៖ ក្រុម​អ្នក​មាន​បុណ្យ Barcelona បាន​រង​បរាជ័យ​ ជា​លើក​ដំបូង ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Xavi Hernandez កាល​ពី​ថ្ងៃ​សៅរ៍ ខណៈ​ដែល​ការ​ចាញ់ ១-០ នៅ​ផ្ទះ​ខ្លួន​ឯង ដោយសារ​ក្រុម Real Betis នេះ បាន​ធ្វើ​ឱ្យ​ ក្តី​សង្ឃឹម​របស់​ពួក​គេ ក្នុង​ការ​តាម​ប្រជែង​​ចំណាត់​ថ្នាក់ ១ ក្នុង​ចំណោម ក្រុម​នៅ​ទី​​កំពូល​ទាំង​ ៤ នៅក្រប​ខ័ណ្ឌ La Liga ត្រូវ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ។

បរាជ័យ​​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល ក្នុង​ការ​ប្រកួត នៅកីឡដ្ឋាន Camp Nou នេះ ប៉ះ​ពាល់​យ៉ាង​ខ្លាំង​​ដល់​ការប្រឹង​ប្រែង​របស់​ក្រុម Barca ដើម្បី​ដណ្ដើម​សិទ្ធិ សម្រាប់បាន​ទៅ​លេង នៅ​ក្របខ័ណ្ឌ Champions League នៅ​រដូវ​កាល​ក្រោយ ពោល​គឺ ៤ ថ្ងៃ មុន​ពេល​ពួក​គេ ត្រូវ​ព្យាយាម​ជៀស​ឱ្យ​ផុត​ពី​ការ​ធ្លាក់ ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​ តាម​ពូល​របស់​ក្រប​ខ័ណ្ឌ​អឺរ៉ុប​នេះ។ ក្រុម Barca ត្រូវ​តែ​ឈ្នះ នៅផ្ទះ​របស់​ក្រុម Bayern Munich នា​ថ្ងៃ​ពុធ​នេះ ដើម្បី​ប្រាកដ​ថា អាច​ឆ្លង​ទៅ​វគ្គ ​១៦ ក្រុម​ចុង​ក្រោយ​។

​គ្រាប់​បាល់​មក​ពី​ការ​​វាយ​​បក​​ដ៏​​អស្ចារ្យ​​របស់​​ក្រុម Betis ដែល​​​​បញ្ចប់​ទី​​ដោយ​កីឡាករ Juanmi នៅ​នាទី​ទី ៧៩ បាន​​ផ្ដល់​ឱ្យ​ក្រុម Barca ស្គាល់​រសជាតិ​​បរាជ័យ​​ជា​​លើក​​ទី ៤​ សម្រាប់​ការ​ប្រកួត ​ក្នុង​​លីគ​ នា​​រដូវ​​កាល​​នេះ​។

Juanmi (ឆ្វេង) ស៊ុត​បញ្ចូលទី​ឱ្យ Betis នាំ​មុខ Barca ១-០ អំឡុង​ការប្រកួត នៅ La Liga កាល​ពី​ថ្ងៃ​សៅរ៍។​ AFP

«​គ្រាប់​បាល់​នោះ​ បាន​ធ្វើ​ឱ្យ​ខ្ញុំ​ខឹង​សម្បា​យ៉ាង​ខ្លាំង ព្រោះ​យើង​បាន​ហ្វឹក​ហាត់​យ៉ាង​ខ្លាំង​ក្លា​ ដើម្បី​ទប់​ទល់​នឹង​ស្ថាន​ការ​ណ៍​បែប​នោះ​។ យើង​មិន​សម​ចាញ់​សោះ​»​។ នេះ​ជាការ​លើក​ឡើង​របស់​គ្រូបង្វឹក​ក្រុម Barca លោក Xavi។

លទ្ធផល​នេះ នាំ​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ មាន​គម្លាត​ ៦ ពិន្ទុ ពីក្រោយ​ក្រុមលេខ ៤ Atletico Madrid ដែល​ប្រកួត​ចាញ់ក្រុម Mallorca នៅ​ផ្ទះ​ខ្លួន​ឯង​​ដែរ ក្នុង​លទ្ធផល ២-១ ខណៈ​ដែល​ក្រុម​យក្ស​នៅ​តំបន់​កាតាឡាន់​នេះ តាម​ដល់​ទៅ ១៦ ​ពិន្ទុ​ ពី​ក្រោយ​ក្រុម​គូប្រជែង​ស្លាប់​រស់ Real Madrid ដែល​ឈរ​នៅ​លើគេ ក្នុង​តារាង​ពិន្ទ​នៃ​ក្របខ័ណ្ឌ La Liga។ ក្រុម Betis រំកិល​ឡើង​ទៅ​លេខ ៣ ក្រោយ​ពី​បាន​បន្ត​រក្សា​ដំណើរ​ដ៏​ល្អ​របស់​ខ្លួននេះ​ ១សប្ដាហ៍​ទៀត​​​៕ AFP/VN