ក្រុងវ៉ុលវើរហេមថុន​៖ លោក Jurgen Klopp បានលើក​ឡើង​ថា កីឡាករ Divock Origi ស័ក្តិ​សមនឹង​មាន​​អ្នក​ចាត់​ការណា​ម្នាក់ ដែលឱ្យ​គេ​លេង​​បាន​​ច្រើន​ជាងនេះ បន្ទាប់​ពី​អាច​​ស៊ុត​បញ្ចូល​ទី ក្នុង​ម៉ោង​បន្ថែម​បង្គ្រប់ ដែល​ស្ទើរ​តែ​ចប់​ទៅ​ហើយ​ ដើម្បី​ជួយ​ឱ្យ​ក្រុម​ហង្ស​ក្រហម Liverpool មាន​ជ័យ​ជម្នះ ១-០ នៅ​ទឹក​ដី​របស់​ក្រុម Wolverhampton Wanderers (Wolves) ពី​ការ​ប្រកួត នៅ​ក្របខ័ណ្ឌ Premier League កាល​ពី​ថ្ងៃ​សៅរ៍​។

កីឡាករ​អន្តរជាតិ​បែល​ហ្ស៊ិក Origi ដែល​ជា​ញយ​ៗ តែង​បង្កើត​ឱ្យ​មាន​នូវ​ភាព​ឈឺចាប់​ដល់​ក្រុម​គូបដិបក្ខ បាន​ស៊ុតបញ្ចូល​ទី​នូវ​គ្រាប់​បាល់​ដ៏​លេចធ្លោជា​ច្រើន​ដង ក្នុង​រយៈ​ពេល ៧ ឆ្នាំ​មក​នេះ គិត​តាំង​ពី​មក​ចូល​រួម​ជាមួយ​ក្រុម​ហង្សក្រហម តែ​មិន​ធ្លាប់​បានចូល​លេង​ជា​ជម្រើស​​ដំបូង​ជាប់​លាប់​នោះ​ឡើយ​។

ហើយ​ជា​មួយ​គ្នា​នេះ សូម្បី​អ្នក​ចាត់​ការ​ក្រុម Liverpool លោក Klopp កាល​ពី​ដើម​រដូវ​កាល បាន​សម្ដែង​នូវ​ការ​ងឿង​ឆ្ងល់ ​​ចំពោះ​ការ​មិន​មាន​ក្លិប​ណា​ចាប់​អារម្មណ៍ ក្នុង​ការ​ស្នើ​ទិញ​ខ្សែ​ប្រយុទ្ធ​ឆ្នើម Origi ទាល់​តែ​សោះ ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​កំពុង​ដំណើរ​ការ​។

តែ​យ៉ាង​ណា​ រូប​គេ​ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​តម្លៃ​របស់​ខ្លួន ក្នុង​នាម​ជា​កីឡាករ​ម្នាក់​របស់​ក្រុម ដោយ​ការ​ដើរ​ចេញ​ពី​កៅអី​កីឡាករ​បម្រុង ហើយ​មក​​កម្ទេច​ភាព​​រឹង​ត្អឹង​របស់​ក្រុម Wolves ក្នុង​ហ្គេម នៅ​កីឡដ្ឋាន Molineux បន្ទាប់​ពី​កីឡាករ​ឆ្នើម​ៗ ទាំង ៣ រូប នៅ​ជួរមុខ គឺ Mohamed Salah, Sadio Mane និង Diogo Jota មិន​អាច​បាញ់​ (ស៊ុត) ទម្លុះ​សំណាញ់​ទី​បាន​។

Origi (ឆ្វេង) ស៊ុត​បាល់​បញ្ចូល​ទី​ឱ្យ​ Liverpool នាំ​មុខ Wolves ១-០ អំឡុង​ការ​ប្រកួត នៅ Premier League កាល​ពី​ថ្ងៃសៅរ៍​។ AFP

«​Divock Origi ដែល​ជា​វីរបុរស បានបញ្ចប់​វា (ហ្គេម) ហើយ​វា​គឺ​ប្រវត្តិរឿង​រ៉ាវ​ដ៏​ពិសេស​អស្ចារ្យ នា​ពេល​ខាង​មុខ​។​ គេ​គឺ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​ពិសេស​ម្នាក់ សម្រាប់​ហេតុ​ផល​ជា​ច្រើន គេ​មិន​សូវ​បាន​លេង​ញឹក​ញាប់​នោះ​ទេ តែ​ខ្ញុំ​សង្ឃឺម​ថា ថ្ងៃ​ណា​មួយ គេ​នឹង​រក​បាន​អ្នក​ចាត់​ការ​ណាម្នាក់ ដែល​ផ្ដល់​ឱកាស​ឱ្យ​គេ​លេង​បាន​ច្រើន​ជាង​ខ្ញុំ​ផ្ដល់​ឱ្យ​»​។ លោក Klopp បាន​លើក​​ឡើង​។​​

អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ បាន​បន្ថែម​ថា​៖ «​រូប​គេ​គឺ​ជា​អ្នក​បញ្ចប់​ទី​ដ៏​ល្អ​បំផុត​ម្នាក់ ដែល​ខ្ញុំ​មិន​បាន​ឃើញ​នោះ​ឡើយ ក្នុង​ជីវិត​របស់​ខ្ញុំ​។ ក្នុងក្រុម​ដ៏​ល្អ​នេះ ដោយ​មាន​ខ្សែ​ប្រយុទ្ធ​ទាំង ៣ នាំ​ឱ្យ​រូប​គេ មិន​បាន​លេង​គ្រប់​ពេល​នោះ​ឡើយ​ តែ​គេ​ជា​ក្មេង​ប្រកប​ដោយ​ភាព​វិជ្ជមាន ស្រឡាញ់​ក្លិប​​ដោយ​ស្មោះ ចង់​មាន​ចំណែក​រួម ហើយ​គេ​បាន​ធ្វើ​តាម​វិធី​ដ៏​ពិសេស​អស្ចារ្យ​មួយ​»​។

ការ​បញ្ចប់​ទី​ទាប​​ៗជិត​នឹង​ដី​របស់​កីឡាករ Origi ពីការ​បញ្ចូន​បាល់កាត់​ចូល​មក​តំបន់​គ្រោះ​ថ្នាក់ បាន​ជួយ​រុញក្រុម​​​ Liverpool ឱ្យ​ទៅ​នៅ​ពី​លើ​ក្រុម Chelsea ដែល​ធ្លាក់​ពី​លេខ ១​ មក​លេខ ៣ ក្រោយ​ពី​បាន​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ West Ham ៣-២ ហើយ​នៅ​ក្រោម​ក្រុម​ Manchester City ដែល​ឡើង​ទៅ​ឈរ​កំពូល​តារាង​ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ Watford ៣-១ ដល់​ផ្ទះ​។

«​លទ្ធផល​របស់​ក្រុម​ដទៃ ពិត​ជាមិន​សំខាន់​នោះ​ឡើយ យើង​គ្រាន់​តែ​ចង់​ឈ្នះការ​ប្រកួត​បាល់​ទាត់​ប៉ុណ្ណោះ​។ យើង​បាន​លេង កាល​ពី ៣ថ្ងៃ​កន្លង​ទៅ ហើយ​ការ​ប្រកួត ក្នុង​ជំនួប​​របស់​ក្រុម​ក្នុង​​ក្រុងតែ ១ (ទល់​នឹង​ក្រុម Everton) ជា​រឿង​ងាយ​ស្រួល​ក្នុង​​ការ​ផ្ដោត​អារម្មណ៍ ដោយសារវា​ជាហ្គេម​ដ៏​ល្អ​ប្រចាំ​ឆ្នាំ បន្ទាប់​មក​យើង​ចាប់​ផ្ដើម​បញ្ឆេះ​ម៉ាស៊ីន​ម្ដង​ទៀត ហើយ​ខ្ញុំ​ពេញ​ចិត្ត​ចំពោះ​របៀប ដែល​ពួក​យើង​បាន​ធ្វើ នៅក្នុង​​ការ​ប្រកួតត នា​ថ្ងៃ​នេះ​»​៕ AFP/VN