​ក្រុង​វេត​ហ្វ​ត​: កីឡាករ Bernardo Silva បានបង្ហាញ​ឱ្យឃើញថា ការ​អះ​អាង​របស់លោក Pep Guardiola (Pep) ដែលថា រូបគេ​ជា​កីឡាករ​ល្អ​បំផុត សម្រាប់​ការប្រកួតប្រជែង នៅ​លី​គ​កំពូល​អង់គ្លេស នាពេលនេះ គឺជា​រឿង​ត្រឹមត្រូវ ដោយ​ការ​ស៊ុត​បញ្ចូល​ទី ២ ​គ្រាប់ ដើម្បី​រួមចំណែក​ជួយ​ឱ្យ​ក្រុម​មេឃ​ខៀវ Manchester City ឡើងទៅ​ឈរ​ទី​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League ជាមួយនឹង​ជ័យជម្នះ ៣-១ នៅផ្ទះ​របស់​ក្រុម Watford​។​

​ការ​ស៊ុត​បាល់​ក្នុង​លម្ហ​ដ៏​ល្អឥតខ្ចោះ​របស់​កីឡាករ Silva ទល់នឹង​ក្រុម Aston Villa នៅ​ពាក់កណ្តាល​សប្តាហ៍​នេះ ទទួលបាន​ការសរសើ​រ​យ៉ាង​លើសលប់​ពី​លោក Pep ហើយ​រូបគេ​បាន​បង្កើត​ការ​​បញ្ចប់​ទី​ដ៏​សែន​ស្អាត​ចំនួន ២ ​គ្រាប់​បន្ថែមទៀត ដែល​ធ្វើឱ្យ​គ្រប់​បាល់​សរុប​របស់គេ គឺ ៧ ​គ្រាប់ ក្នុងចំណោម​ការប្រកួត នៅ Premier League ១២​លើកចុងក្រោយ​របស់គេ​។​

«​អរគុណ​ដល់ Bernardo (Silva) ព្រោះ​គេ​បាន​បង្ហាញថា ខ្ញុំ​និយាយ គឺ​មិន​ខុស​។ ខ្ញុំ​ដឹង​ច្បាស់​ថា គេ​គឺជា​កីឡាករ​សុភាពរាបសា (​សាមញ្ញ​ធម្មតា​) មាន​កីឡាករ​ល្អៗ​កម្រិត​កំពូល​ច្រើនណាស់ នៅ Premier League ហើយ​គេ​កំពុង​ធ្វើ​បានល្អ​ណាស់​»​។ នេះ​ជាការ​លើកឡើង​របស់​គ្រូបង្វឹក​ក្រុម Man City លោក Pep​។​

​ផ្ទុយគ្នា​ស្រឡះ ពី​បរាជ័យ​យ៉ាង​អាម៉ាស់ ៤-១ របស់​ក្រុម​រួម​ក្រុង Manchester United សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន Vicarage Road កាលពី ២ ​សប្ដាហ៍​កន្លងទៅ ដែលជា​លទ្ធផល នាំឱ្យ​មានការ​បញ្ចប់​តំណែង​គ្រូបង្វឹក​របស់លោក Ole Gunnar Solskjaer ក្រុម Man City ស្ទើរតែ​បាន​ផ្ដាច់ជីវិត​ក្រុម​ម្ចាស់ផ្ទះ Watford ក្នុង​រង្វង់​តែ ៤ ​នាទី ជាមួយនឹង​ការ​តែ​ត​បញ្ចូល​ទី​យ៉ាង​ស្រួល​បំផុត​របស់​ខ្សែប្រយុទ្ធ Raheem Sterling​។​

​កីឡាករ Silva បាន​បន្ថែម ១​ គ្រាប់​ទៀត​ពីលើ​គ្រាប់​បើកឆាក​របស់​កីឡាករ Sterling នៅ​នាទី​ទី​៣១ មុន​មានឱកាស​ធ្វើបាន​សម្រេច​គ្រាប់​ទី​២ របស់ខ្លួន ក៏ដូចជា​គ្រាប់​ទី​៣ របស់​ក្រុម នៅ​ដើម​វគ្គ​ទី២ នាទី​ទី​៦៣ ហើយ​បើទោះបីជា​កីឡាករ Juan Hernandez អាច​ស៊ុត​សង ១ ​គ្រាប់​វិញ​ក៏ដោយ ក៏​ក្រុម​របស់លោក Pep នៅតែ​អាច​យក ៣ ​ពិន្ទុ ត្រឡប់​ទៅវិញ​យ៉ាង​ងាយៗ​ដែរ​។​

«​ហ្គេម​នេះ គួរតែ​ចប់ តាំងពី​ក្រោយ ១៥ ​នាទីម្ល៉េះ​។ រឿង​ដែល​សំខាន់បំផុត គឺថា យើង​ឈ្នះ​។ យើង​បាន​លេង​ជាមួយនឹង​ភាពនឹងនរ ពោលគឺ​គ្រប់គ្រង​ស្ថាន​ការណ៍​បាន​។ យើង​បាន​លេង​ហ្គេម​ដ៏​ល្អ​មួយ​ជាថ្មី​ម្ដងទៀត​»​។ លោក Pep បាន​បន្ថែម ក្រោយ​ក្រុម Man City របស់លោក មានជ័យ​ជម្នះ ហើយ​ឡើងទៅ​ឈរ​ទី​១ ដោយសារ​ក្រុម Chelsea បាន​ចាញ់​នៅផ្ទះ​របស់​ក្រុម West Ham ៣-២​។​

​ក្រោយពី​បញ្ចប់​ហ្គេម​ទី​១៥ នេះ ក្រុម​លេខ​ ១ Man City មាន ៣៥​ពិន្ទុ ដោយ​នាំមុខ​លើ​ក្រុម​លេខ ២ Liverpool ១ ​ពិន្ទុ និង​លើ​ក្រុម Chelsea ២​ ពិន្ទុ​។ រីឯ​ក្រុម West Ham នៅ​លេខ ​៤ មាន ២៧​ ពិន្ទុ​៕ AFP/VN