ភ្នំពេញៈ ក្រុម​ជម្រើសជាតិ​កម្ពុជា នឹង​ប្រើការ​ហ្វឹកហាត់​រួមគ្នា ត្រឹម​រយៈពេល​ជាង ​១​ សប្តាហ៍ ដើម្បី​ប្រកួត​បើកឆាក​ប្រចាំ​ពូ​ល ​B នៃ​ពានរង្វាន់ AFF Suzuki Cup 2020 ជាមួយ​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី នៅលើ​ទឹកដី​ប្រទេស សិង្ហ​បុរី នា​រសៀល​ម៉ោង ៤:៣០ ថ្ងៃ​ចន្ទ​នេះ គឺ​មុនពេល​ក្រុម​ឡាវ ត្រូវ​ប្រឈម​ជាមួយ​ក្រុម​ជើងឯក វៀតណាម ហើយ​ការប្រកួត​នេះ មានការ​ផ្សាយ​បន្ត​ផ្ទាល់ តាម​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស​។​

​បើទោះបីជា ក្រុម​ធំ​ជម្រើសជាតិ​កម្ពុជាមិន​ធ្លាប់មាន​ប្រវត្តិ​ឈ្នះ​ក្រុម​ម៉ាឡេស៊ី នៅក្នុង​ការប្រកួត​ពាន​រង្វាន់ AFF Suzuki Cup នេះ ហើយ​វា​កាន់តែ​មាន​ភាព​ស្មុគ​-​ស្មាញ ដោយ​ពួកគេ បាន​ប្រមូលផ្តុំ​ហ្វឹកហាត់ បាន​រយៈពេល​ខ្លី ហើយ​ថែមទាំង មិនបាន​ប្រកួត​មិត្តភាព​ដកស្រង់​បច្ចេកទេស ប៉ុន្តែ​គ្រូ​បង្គោល​លោក Ryu Hiros នៅតែ​មានការ​រំពឹងថា កូនក្រុម​របស់លោក នឹង​លេង​បានល្អ ពេល​ជួប ម៉ាឡេស៊ី លើក​នេះ​។​

គ្រូបង្វឹក​ជនជាតិ​ជប៉ុន លោក Ryu Hiros បាន​និយាយ នៅក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃ​សៅរ៍​ថា​៖ «​យើង​បាន​ជួបប្រទះ​ការលំបាក​ជាច្រើន នៅក្នុង​អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត ដោយ​ក្រុម​នេះ មិនមាន​ការប្រកួត​មិត្ត​ភាព​ទេ ប៉ុន្តែ​យើង​រំពឹងថា កីឡាករ​ទាំង​យុវជន និង​កីឡាករ ដែលមាន​បទពិសោធ​ច្រើន ពី​ការប្រកួត​អន្តរជាតិ នឹង​បង្ហាញ​ការលេង​ល្អ និង​ភាពស៊ីចង្វាក់​គ្នា​បានល្អ សម្រាប់​ការប្រកួត​នេះ​»​។​

​ចំណែក​គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី Tan Cheng Hoe មានការ​រំពឹងថា ក្រុម​របស់លោក នឹង​ដណ្តើមបាន​លទ្ធផល​ល្អ ពី​ការប្រកួត​នេះ ដើម្បីឱ្យ​ស័ក្តិសម​ទៅនឹង​ទំនុកចិត្ត​របស់​អ្នកគាំទ្រ ដែលមាន​ចំពោះ​ក្រុម​នេះ ហើយ ក្រុម​ម៉ាឡេស៊ីក៏​ធ្លាប់មាន​កំណត់ត្រា​ឈ្នះ​ក្រុម​កម្ពុជា ចំនួន​ ៣​ លើក​ជាប់ៗ​គ្នា នៅក្នុង​ពានរង្វាន់​នេះ​ផងដែរ​។​

​លោក Tan Cheng Hoe បាន​និយាយថា​៖ «​អ្នកគាំទ្រ ម៉ាឡេស៊ី ជាច្រើន​មានការ​រំពឹងទុក​ខ្ពស់ ពី​ពួកយើង ដូច្នេះ​សង្ឃឹមថា អ្នកនឹង​រីករាយ​ជាមួយ​ការ​ប្រកួត​នេះ ជាមួយ​ក្រុម​ម៉ាឡេស៊ី​។ យើង​បាន​ប្រមូលផ្តុំ នៅ​គូ​ឡា​ឡាំ​ពួមួយរយៈ ហើយ​ក៏មាន​បញ្ហា​ខ្លះ​ដែរ ប៉ុន្តែ​ក្រុម​ទាំងមូល នឹង​រក្សា​ការ​ផ្តោតអារម្មណ៍ និង​សុទិដ្ឋិនិយម ក្នុង​គ្រប់​កាលៈទេសៈ​ទាំងអស់ ហើយ​ព្យាយាម​រក្សា​លំនឹង​ក្រុម​ឱ្យ​ល្អ សម្រាប់​ការ​ប្រកួត​បើកឆាក​នឹង​កម្ពុជា​»​។​

​យ៉ាងណាក៏ដោយ ការលើកឡើង​របស់លោក Tan Cheng Hoe នៅក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃ​សៅរ៍​នោះ គឺ​ខុសគ្នា​ទៅនឹង​អ្វីដែល​លោក​បាន​ប្រាប់​កាសែត New Straits Times នៅមុន​ពេល ការធ្វើដំណើរ​មកដល់​ប្រទេស​សិង្ហ​បុរី​នេះ ដោយ​គ្រូបង្វឹក​ក្រុម​ម៉ាឡេស៊ី រូបនេះ បាន​និយាយថា​៖ «​ការជួប​កម្ពុជា មិន​ងាយស្រួល​ដូច​អ្នកគាំទ្រ​គិត​នោះទេ ព្រោះ​ពួកគេ​លេង​បានល្អ​ណាស់ ក្រោម​ការដឹកនាំ​របស់ គ្រូបង្វឹក​ជនជាតិ​ជប៉ុន​»​។​

​លោក Tan Cheng Hoe បាន​ប្រាប់​កាសែត ក្នុងស្រុក​ដដែល​នោះ​ទៀតថា​៖«​បាល់ទាត់​កម្ពុជា កំពុង​រីកចម្រើន​នាពេល​ថ្មីៗ​នេះ ហើយ ចាន់ វឌ្ឍនាកា ក៏​ជាប់​ឈ្មោះ​ឡើងមក​ដែរ ដែល​យើង​ត្រូវតែ​យកចិត្តទុកដាក់​។ ខ្ញុំ​មិន​ចង់ឱ្យ​កីឡាករ មាន​ទំនុកចិត្ត​ខ្លាំងពេក ក្នុងការ​ប្រកួត​បើកឆាក​នោះទេ គឺ​ពួកគេ​ត្រូវតែ​ផ្តោតលើ​ការ​លេង​តាម​ការណែនាំ​»​។​

​យោងតាម​ប្រវត្តិ និង​កំណត់ត្រា នៃ​ការជួបគ្នា​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ម៉ាឡេស៊ី ដែល​ចេញ​ដោយ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅក្នុង​ពានរង្វាន់ AFF Suzuki Cup នេះ តាំងពី​ឆ្នាំ ​១៩៩៦​ មក គឺ​កម្ពុជា បាន​ចាញ់​ក្រុម​ម៉ាឡេស៊ី សម្រាប់​ការប្រកួត​ទាំង​៣​លើក គឺ​បាន​ចាញ់ ៣-០ កាលពី​ឆ្នាំ​ ២០០០ រួច​បន្ត​ចាញ់ ៣-២ កាល​ឆ្នាំ​ ២០១៦ ហើយ​ការជួបគ្នា​លើកចុងក្រោយ ក្នុង​ពាន​នេះ កាល​ឆ្នាំ​ ២០១៨ កម្ពុជា បាន​បន្ត​ចាញ់ ១-០៕